ភ្នំពេញ៖ យ៉ាងហោចណាស់ ផ្ទៃដីចម្ការមីននិងចម្ការគ្រាប់មីនចំនួនជាង ៩១លានម៉ែត្រការ៉េត្រូវបានរំដោះចេញពីក្រញាំនៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ ២០២១នេះ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
បើទោះបីជាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងណាក្តី តែប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតែបន្តយ៉ាងសកម្ម ដែលរយៈពេល ១១ ខែក្នុងឆ្នាំ២០២១នេះ សកម្មភាពសំអាតមីនសម្រេចបាន ៩២% នៃផែនការ។ នេះបើតាមការឱ្យដឹងលើទំព័រហ្វេសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា(CMAC)កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១។
បើតាមលោក ហេង រតនា សកម្មភាពបោសសំអាចមីនរយៈពេល ១១ខែនេះ បានរំដោះផ្ទៃដីចម្ការមីនបានទំហំជាង ៩១លានម៉ែត្រការ៉េ(៩១.៩១៩.៩៧២ម៉ែត្រក្រឡា)។ក្នុងនោះបានកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៨២.១៣៨គ្រាប់។ គ្រាប់មីនដែលបានកម្ទេចចោលមានប្រភេទគ្រាប់មីនប្រឆាំងមនុស្សចំនួន១៦.១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់ គ្រាប់បែកចង្កោម៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួនជាង៥ម៉ឺន៧ពាន់គ្រាប់ទៀត។

បើតាមលោក ហេង រតនា ដដែរ រយៈពេល១១ខែនេះ អង្គភាពស៊ីម៉ាក់បានចុះអប់រំប្រជាពលរដ្ឋបានចំនួនជាង១៦,០០០លើក សរុបបានចំនួន ៦ សែនខ្នងផ្ទះនិង ប្រជាជនបានចំនួនជិត ១លាននាក់។
សម្រាប់ផែនការឆ្នាំ ២០២២ ខាងមុខ អង្គភាពស៊ីម៉ាក់មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង១២៥គីឡូម៉ែត្រក្រឡា ដែលទទួលបានជំនួយគាំទ្រពីរដ្ឋាភិបាលកម្ពុជានិងប្រទេសជាមិត្តមួយចំនួនផងដែរ។
តាមរបាយការណ៍ដែលចេញដោយអាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ មានមនុស្សចំនួន ៨ នាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួសដោយសារផ្ទុះគ្រាប់មីន។
យោងតាមរបាយការណ៍នេះ ពីឆ្នាំ ១៩៧៩ ដល់ខែមិថុនាឆ្នាំ ២០២០ ការផ្ទុះគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានសម្លាប់មនុស្សជាង ២ ម៉ឺននាក់(១៩.៧៨៩នាក់)និងអ្នករងរបួសមាន ៤៥,១០២ នាក់។
ប្រជាជាតិអាស៊ីអាគ្នេយ៍បានប្តេជ្ញាបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ ២០២៥។ ដើម្បីសម្រេចបាននូវគោលបំណងនេះ ខ្លួនកំពុងស្វែងរកថវិកាសរុបចំនួន ៣៧៧ លានដុល្លារអាមេរិកពីដៃគូអភិវឌ្ឍន៍៕