en     km
en     km

សម្តេច ហ៊ុន សែន​ មិនធានាអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាពេលកម្ពុជាក្លាយជាប្រធានអាស៊ាន

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានថ្លែងដោយប្រកាសមិនទាន់ហ៊ានធានាចំពោះការដោះស្រាយបបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ឬភូមា ដែលកំពុងជួបវិបត្តិផ្ទៃក្នុងនឹងត្រូវបានអង្គការសហប្រជាជាតិបដិសេធមិនទទួលស្គាល់របបយោធាភូមាជារដ្ឋាភិបាលស្របច្បាប់នៅឡើយនោះទេ។

នាយករដ្ឋមន្រ្តីកម្ពុជាថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»នៅថ្ងៃទី១៥ ខែធ្នូនេះ។

សម្តេច ហ៊ុន​ សែន បន្ថែមថា ការដោះស្រាយវិបត្តិនៅប្រទេសដទៃមិនមែនជារឿងងាយស្រួយនោះទេ ហើយយន្តការដោះស្រាយរបស់អាស៊ានក្នុងការជួយដោះស្រាយបញ្ហាប្រទេសណាមួយនោះ គឺគ្រាន់តែជាចំណែកមួយជួយជំរុញឱ្យមានដំណោះស្រាយកាន់តែប្រសើរតែប៉ុណ្ណោះ។

ការថ្លែងការពារទុកជាមុនរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាមុនពេលកម្ពុជាក្លាយជាប្រធានអាស៊ាននាពេលខាងមុខនេះ គឺបន្ទាប់ពីមានការរិះគន់ជាច្រើនពីសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានៅភូមា។ ដោយអ្នករិះគន់ខ្លះថា ការលូកដៃចូលដោះស្រាយវិបត្តិនៅភូមានឹងអាចនាំឱ្យកម្ពុជាមានភាពប្រេះឆាជាមួយប្រទេសដទៃក្នុងសមាជិកអាស៊ាន និងកំពុងនាំកម្ពុជាដើរលើផ្លូវខុស។

សូមស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែម

 

សូមរំលឹកថា កម្ពុជានឹងក្លាយជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២២ ជាផ្លូវការនាពេលខាងមុខនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជាធ្លាប់បង្ហាញមហិច្ឆិតារបស់ខ្លួនក្នុងការដោះស្រាយបញ្ហានូវប្រទេសមីយ៉ាន់ម៉ា នៅពេលកម្ពុជាដើរតួនាទីជាប្រធានអាស៊ាន។ ប្រទេសមីយ៉ាន់ម៉ា ឬភូមា​ នារយៈពេលចុងក្រោយនេះជួបវិបត្តិផ្ទៃក្នុងប្រទេសជាច្រើន ជាពិសេសរដ្ឋប្រហារពីពួកមេយោធាដែលនាំឱ្យប្រទេសមួយនេះធ្លាក់ក្នុងជម្លោះដ៏រ៉ាំរ៉ៃ។

អ្វីជាការកត់សម្គាល់ របបយោធាភូមាដឹកនាំដោយលោក​ មីន អ៊ុងឡាំង ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តកាលពីពេលថ្មីៗនេះ ដោយសម្រេចទុកចោលសំណើរបស់របបយោធារយៈពេលមួយឆ្នាំឱ្យនៅក្រៅរង្វង់នៃភាពស្របច្បាប់៕

Share

ព័ត៌មានទាក់ទង