រដ្ឋាភិបាលគ្រោងឈប់យកពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះមួយចំនួនសម្រាប់ឆ្នាំ ២០១៦ ខាងមុខនេះ រួមមាន ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងជលយានយន្តនេសាទធុនតូច។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដែលរដ្ឋាភិបាលកំពុងតែពិនិត្យនិងពិភាក្សានៅថ្ងៃពុធនេះទាក់ទងបញ្ហានេះ។ ទាក់ទិននឹងរឿងនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចថា ចំណាត់ការរបស់រដ្ឋាភិបាលនេះ នឹងអាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត។
លោក គី សេរីវឌ្ឍន៍ បណ្ឌិតផ្នែកសេដ្ឋកិច្ចបានឲ្យដឹងថា ការគ្រោងនឹងឈប់យកពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះមួយចំនួនសម្រាប់ឆ្នាំ ២០១៦ ខាងមុខនោះ គឺមិនប៉ះពាល់ ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិឡើយ ហើយវានឹងអាចជួយកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្របានថែមទៀតផង។ «ចំណូលនេះ បើធៀបជាមួយចំណូលពន្ធរបស់ជាតិមិនធំទេ ជាចំណូលវាតូចទេ ព្រោះបើយើងគិតទៅ ម៉ូតូនៅភ្នំពេញជាង១លានគ្រឿង បូកទាំងម៉ូតូនៅតាមបណ្តាខេត្តទៀត ជាមធ្យម មាន២៥លានគ្រឿង ហើយយក២៥គ្រឿង គុណ ថ្លៃពន្ធ ១ដុល្លារ ស្មើប្រមាណ២៥លានដុល្លារ អញ្ចឹងចំណូលនេះមិនច្រើនទេ ព្រោះអី២៥លានដុល្លាររដ្ឋាភិបាលប្រមូលពន្ធតែ១ខែបានមកវិញហើយ»។
ទោះបីយ៉ាងណាក៏ដោយ តាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ ការលុបចោលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ នឹងអាចធ្វើឲ្យបាត់បង់ចំណូលរដ្ឋចំនួន ជិត៦ពាន់លានរៀល (៥៨០២) ស្មើនឹងជាង ១លាន៤សែនដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ជុំវិញបញ្ហានេះ លោក បណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានឲ្យដឹងថា៖
« វាល្អហើយ មិនយកពន្ធម៉ូតូ វាជួយបានតិចតួចណាស់សម្រាប់ជាការរស់នៅរបស់ប្រជាពលរដ្ឋ ។ ខ្ញុំមានជំនឿថា ការមិនយកពន្ធម៉ូតូនេះ គ្រាន់តែជាបង្វែរចេញពីការមិនយកពន្ធប្រេង តាមពិតមិនត្រូវយកពន្ធប្រេង មិនមែនយកពន្ធទេ គឺកាត់បន្ថយពន្ធប្រេង គ្រាន់តែមិនយកម៉ូតូ៥ពាន់រៀលក្នុង១ឆ្នាំ មានច្រើនសម្រាប់ម៉ូតូមួយ»។
តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលគ្រោងកំណត់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះមួយចំនួន ដូចជា រថយន្តដឹកទំនិញ និងរ៉ឺម៉កសណ្តោងដែលជាប្រភេទរថយន្តធុនធ្ងន់ ដែលធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបរិស្ថាន។ គម្រោងកែសម្រួលនេះ ក៏ដើម្បីប៉ះប៉ូវនូវចំណូលដែលបានបាត់បង់ពីការលុបចោលពន្ធខាងលើ៕