រាជាណាចក្រថៃកាលពីថ្ងៃអាទិត្យទី២៤មីនា បានបើកទំព័រប្រវត្តិសាស្ត្ររបស់ខ្លួន ជាថ្មីម្ដងទៀត ចាប់តាំងពីឆ្នាំ២០១៤ ដែលរាជរដ្ឋាភិបាលស៊ីវិលរបស់គណបក្សភឿថៃបានឈ្នះភ្លូកទឹ កភ្លូកដីនៅក្នុងការបោះឆ្នោតឆ្នាំ២០១១ បានជួបបទពិសោធន៍នៃការបាត់បង់អាសនៈដើមរបស់ខ្លួនបដល់ទៅជាង ១០០អាសនៈ។ តែអ្វីដែលជាការភ្ញាក់ផ្អើលទៀតនោះ គឺណបក្សចាស់វស្សាជាងគេ ដែលធ្លាប់រត់លំដាប់ទី២ គឺគណបក្សប្រជាធិបតេយ្យរបស់លោកអាប់ភីស៊ីតបានចាញ់ឆ្នោតយ៉ាងអាម៉ាស់បំផុត។បក្សធំទាំងពីរបាត់បង់អាសនៈដែលខ្លួនធ្លាប់ដណ្ដើមបាន គឺបាត់ទៅលើ បក្សរបស់ពួកយោធានិងបក្សថ្មីរបស់អ្នកជំនួញវ័យក្មេងម្នាក់។ មូលហេតុអ្វីខ្លះដែលធ្វើឱ្យបក្សធំពីរនេះ ជួបរឿងល្វិតជូចត់ដូចនេះ?
កញ្ញា ហេងនីទី ជូនសេចក្ដីប្រែសប្រួល៖
ចាប់តាំងពីឆ្នាំ២០០១មក បក្សភឿថៃ និង បក្ស Thai Rak Thai ដែលអតីតនាយករដ្ឋថាក់ស៊ីនជាអ្នកផ្ដួចផ្ដើមឡើង គឺមិនដែលចុះថយអាសនៈម្ដងឡើយ។ការបោះឆ្នោតឆ្នាំ២០១១ បក្សភឿថៃដណ្ដើមបាន ដល់ទៅ២៦៥អាសនៈក្នុងចំណោមអាសនៈសរុប៥០០។
តាមរយៈលទ្ធផលនេះ នាំឱ្យបក្សភឿថៃ មានលទ្ធភាពបង្កើតរដ្ឋាភិបាលដោយសំឡេងភាគច្រើនដាច់ណាត់។ដោយឡែក គណបក្សប្រជាធិបតេយ្យដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ដែលធ្លាប់ជាប់លំដាប់លេង២ ដោយដណ្ដើមបាន១៥៩អាសនៈ បានធ្លាក់ទៅលំដាប់លេង៤ គឺចាញ់យ៉ាងអាម៉ាស់ដោយជ្រុះបាត់អាសនៈលើសលុបជាង១០០អាសនៈ។
តាមលទ្ធផលបោះឆ្នោតបឋមបក្សនយោបាយប្រាំប៉ុណ្ណោះអាចដណ្ដើមបានអាសនៈនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៤មីនា។
បក្សនយោបាយទាំងប្រាំនោះមានគណបក្ស ភឿថៃ ដឹកនាំដោយស្រ្ដីឆ្នើមម្នាក់គឺលោកស្រីSudarat Keyurapphan គណបក្សបាល័ង្គប្រចារ៉ាត់ របស់ ពួកយោធា ដឹកនាំដោយនាយករដ្ឋមន្រ្ដីកាន់តំណែងប្រាយុទ្ធចាន់អ៊ូចា គណបក្សប្រជាធិបតេយ្យដឹកនាំដោយអតីតនាយករដ្ឋមន្រ្ដី លោក អាប់ភីស៊ីត គណបក្សអនាគតឆ្ពោះទៅមុខ របស់សេដ្ឋីវ័យក្មេងម្នាក់ និង គណបក្សភុំរ៉ាត់ថៃ។
តាមលទ្ធផលបោះឆ្នោតបក្សបល្ល័ង្គប្រចារ៉ាត់និងបក្ស ភឿថៃ ទទួលបានសម្លេងប្រកៀកប្រកិតគ្នា គឺរវាង១៤០ ទៅ១៥០អាសនៈដូចៗគ្នា។
កត្តាអ្វីខ្លះបាននាំឱ្យភឿថៃ និងបក្សប្រជាធិបតេយ្យជ្រុះបាត់អាសនៈយ៉ាងសម្បើមដូចនេះ?
បើនិយាយពីប្រព័ន្ធបោះឆ្នោតរបស់ប្រទេសថៃសម្រាប់ការបោះឆ្នោតថ្ងៃ២៤មីនាគឺមានភាពលំបាកយ៉ាងខ្លាំងដើម្បីដណ្ដើមយកអាសនៈដោយពេលនេះការគណនាអាសនៈគឺខុសពីមុនដោយប្រព័ន្ធសមាមាត្រហើយមួយអាសនៈអាចមានជាង៧ម៉ឺនសន្លឹកឡើងទៅ។
កត្តាមួយទៀតគឺកត្តាជំនឿទុកចិត្តលើប្រព័ន្ធបោះឆ្នោតដែលរៀបចំដោយស្ថាប័នបោះឆ្នោតមួយដែលមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកយោធា។
កត្តាទីបី ពួកយោធាឬក្រុមប្រឹក្សាយោធាបានបង្កើតច្បាប់មួយឱ្យព្រឹទ្ធសភារបស់ខ្លួន២៥០រូបមានសិទ្ធិសម្រេចទៅជ្រើសរើសនាយករដ្ឋមន្រ្ដីម្នាក់គឺដូចសមាជិកសភាជាប់ឆ្នោត៥០០រូបផងដែរ។ ក្នុងន័យនេះ បាននាំឱ្យអ្នកបោះឆ្នោតក៏ពិបាកទម្លាក់សន្លឹកឆ្នោតទៅឱ្យបក្សដែលខ្លួនធ្លាប់គាំទ្រនោះផងដែរ។តាមរយៈនេះ បក្សនយោបាយណាដែលអាចឈ្នះបានមកធ្វើនាយករដ្ឋមន្រ្ដីលុះត្រាតែរកសម្លេងឱ្យបាន៣៧៦អាសនៈ។
សម្រាប់បក្សបល្ល័ង្គប្រចារ៉ាត់គឺបក្សនេះបានអាសនៈរួចហើយគឺ២៥០អាសនៈដោយគ្រាន់តែស្វែងរក១២៦អាសនៈគឺគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលដោយខ្លួនឯង។
ដោយឡែកបក្សភឿថៃត្រូវស្វែងរកសម្លេងឱ្យបានពីខាងក្រៅ៣៧៦សម្លេងព្រោះ២៥២អាសនៈនៃសមាជិកព្រឹទ្ធសភាគឺជារបស់ពួកយោធាទៅហើយ។
កត្តាមួយទៀតដែលភឿថៃបាត់បង់អាសនៈរបស់ខ្លួនដែលធ្លាប់ដណ្ដើមបានក្នុងឆ្នាំបោះឆ្នោត២០១១គឺកត្តាមកពីការដឹកនាំរបស់លោកប្រាយុទ្ធចាន់អ៊ូចាបានធ្វើឱ្យប្រជាជនថៃនៅភាគខាងជើងដែលធ្លាប់បោះឆ្នោតឱ្យភឿថៃភ្លូកទឹកភ្លូកដីងាយមកបោះឆ្នោតឱ្យបល្ល័ង្គប្រចារ៉ាត់មួយភាគធំគឺតម្លាភាពនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈនិង យុត្តិធម៌សង្គម។
ម្យ៉ាងវិញទៀត ពួកយោធាក៏មានការអភិវឌ្ឍតំបន់របស់ពលរដ្ឋថៃដោយមិនរើសអើងនិន្នាការនយោបាយឡើយ។ តែយ៉ាងណា ពលរដ្ឋថៃមួយភាគធំ ហាក់ដូចជា ជិនណាយនឹងការដឹកនាំរបស់បក្សភឿថៃនិងបក្សប្រជាធិបតេយ្យរបស់អាប់ភីស៊ីតគឺនាំមកតែហិង្សានយោបាយប៉ុណ្ណោះ។
ចំណែកឯគណបក្សប្រជាធិបតេយ្យដែលជ្រុះតំណែងរហូតដល់លំដាប់ទីបួន និង បាត់បង់អាសនៈលើសលុបនោះក៏អាចមកពីកត្តាទាំងអស់នេះដែរ។
ប៉ុន្ដែជាការកត់សម្គាល់ដែលបក្សនេះចុះខ្សោយឥទ្ធិពលរបស់ខ្លួនអាចផ្ដើមចេញពីការបែកបាក់ផ្ទៃក្នុងនិង សារនយោបាយចុងក្រោយរបស់ព្រះមហាក្សត្រថៃដែលព្រះអង្គបានយកបណ្ដាំរបស់បិតាទ្រង់មកចុះផ្សាយអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតគាំទ្របុគ្គលណាដែលធ្វើល្អ បុគ្គលណាឬបក្សណាដែលអាចរក្សាសន្ដិភាពយូរអង្វែងទៅមុខទៀត។
អ្នកសង្កេតការណ៍មើលឃើញថាសារលិខិតរបស់ព្រះអង្គអាចមានឥទ្ធិពលទៅលើពលរដ្ឋថៃដែលមិនចូលចិត្តនយោបាយហិង្សាព្រោះកន្លងមកនៅពេលដែលលោកអាប់ភីស៊ីតបានធ្វើធ្វើនាយករដ្ឋមន្រ្ដីពីឆ្នាំ២០០៨ដល់២០១១ ឃើញថាហិង្សានយោបាយផ្ទុះឡើងរវាងពួកអាវក្រហមគាំទ្រគណបក្សភឿថៃ និង ពួកអាវលឿងគាំទ្រគណបក្សប្រជាធិបតេយ្យ។
អំពើហិង្សាផ្ទុះនៅឆ្នាំ២០១០បានសម្លាប់មនុស្សជិត១០០នាក់ហើយទីបំផុតរហូតដល់មានការបោះឆ្នោតជាបន្ទាន់គឺនៅឆ្នាំ២០១១។ការបោះឆ្នោតនៅឆ្នាំនេះឃើញថាបក្សភឿថៃបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី តែទីបំផុតអ្នកគាំទ្រអាប់ភីស៊ីតបានធ្វើបាតុកម្មឱ្យរំលាយគណៈរដ្ឋមន្រ្ដីបក្សនេះចោល។
ភាពមិនឈ្នះមិនចាញ់រវាងពីរបក្សនេះបាននាំឱ្យពួកយោធាដឹកនាំដោយឧត្តមសេនីយ៍ប្រាយុទ្ធធ្វើរដ្ឋប្រហារនៅថ្ងៃ២០ឧសភាឆ្នាំ២០១៤ ដោយរំលាយគណៈរដ្ឋមន្រ្ដីលោកស្រីយ៉ីងឡាក់ធ្វើឱ្យរាជរដ្ឋាភិបាលរបស់រាជាណាចក្រនេះស្ថិតនៅក្រោមការដឹកនាំរបស់ពួកយោធាមកដល់សព្វថ្ងៃ។
ដោយសារការចាញ់ឆ្នោតយ៉ាងអាម៉ាស់នេះ លោកអាប់ភីស៊ីតបានសម្រេចលាលែងពីប្រធានបក្សប្រជាធិបតេយ្យ។ចំណែកឯបក្សភឿថៃក៏រងក្ដីអាម៉ាស់ដែរ ទោះបីបក្សនេះមានភាពប្រដេញគ្នាឬក៏នាំមុខបក្សបល្ល័ង្គប្រចារ៉ាត់ក៏ដោយព្រោះបក្សនេះបានស្គាល់ការបាត់បង់ការគាំទ្រជាលើកដំបូងចាប់តាំងពីលោកថាក់ស៊ីនត្រូវបានទម្លាក់ដោយរដ្ឋប្រហារនៅឆ្នាំ២០០៦។
យ៉ាងណាក៏ដោយ គេរំពឹងថារដ្ឋាភិបាលក្រោយការបោះឆ្នោត២៤មីនាគឺជារដ្ឋាភិបាលចម្រុះទោះបីជាបក្សភឿថៃនិងបក្សបល្ល័ង្គប្រចារ៉ាត់ឈ្នះឆ្នោតសម្លេងច្រើនជាងគេក៏ដោយ។បើតាមលទ្ធផលបណ្ដោះអាសន្ននេះបក្សប្រជាធិបតេយ្យអាំចក្លាយជាជញ្ជីងដើម្បីថ្លឹងឬក៏ទាញទម្ងន់សម្រាប់បក្សធំណាមួយទៅបង្កើតរដ្ឋាភិបាល៕