ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បានប្រកាសថានឹងឈប់ឆ្លើយឆ្លង ជាមួយមួយលោក សម រង្សី បើទោះបីលោក សម រង្ស៊ីព្យាយាមឆ្កឹះយ៉ាងណាក៏ដោយ។ យ៉ាងណា អ្នកវិភាគថា ការមិនតបតរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយអតីតប្រធានគណបក្សប្រឆាំងបែបនេះ វានឹងមិនចំណេញអ្វីសោះឡើយ។ តែបែបនេះក្ដីល្បែងភ្នាល់រវាងអ្នកនយោបាយទាំងពីរករណីលោកកឹមសុខាជិតចូលមកដល់ហើយ។
លោកសោមលាភ រាយការណ៍លំអិត៖

កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចហ៊ុន សែន បានចូលរួមជាអធិបតីបិទមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី ៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រីបានវាយនប្រហារលោកសមរង្ស៊ី ថាមិនការងារធ្វើបែបជាមកវាយប្រហារសម្ដេច។
នាឱកាសនោះ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា នឹងឈប់ឆ្លើយឆ្លងជាមួយលោក សម រង្ស៊ីទៀតហើយ បើទោះបីជាលោកសម រង្ស៊ីខំប្រឹងឆ្កឹះយ៉ាងណាក្ដី។
សម្ដេច ហ៊ុន សែន៖ «មានអាមួយនោះ អាហ្នឹងអង្គុយផុសម្ង៉ៃៗ ធ្វើម៉េចឱ្យខ្ញុំតជាមួយវា! អញ់ឈប់និយាយជាមួយហែង»។
សម្ដេច ហ៊ុន សែន ប្រាប់ទៅមន្ត្រីគណបក្សកាន់អំណាច ក៏ដូចជាអ្នកគាំទ្រគណបក្សនេះ ដោយមិនត្រូវខ្លាចចំពោះក្រុមអ្នកប្រឆាំងឡើយ។ សម្ដេចប្រាប់ឱ្យមានការគោរពតម្លៃ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យខានតែបាន។
សម្ដេច ហ៊ុន សែន ប្រកាសបែបនេះ ក្រោយពេលល្បែងភ្នាល់គ្នាមួយរវាងសម្ដេចផ្ទាល់ ជាមួយនឹងលោក សម រង្ស៊ីករណីលោកកឹមសុខាកំពុងក្លាយជារបៀបវារៈលិចធ្លោជាងគេ លើបណ្ដាញសង្គម។
កាលពីពេលថ្មីៗ លោក សម រង្ស៊ី បានប្រើប្រាស់ទំព័រហ្វេសបុករបស់ខ្លួន ដោយបបួលនាយករដ្ឋមន្ត្រីកម្ពុជាភ្នាល់ជាមួយលោក ជំវិញករណីដោះលែងលោក កឹម សុខា។ លោក សម រង្ស៊ី អះអាងថា នាយករដ្ឋមន្ត្រីកម្ពុជា នឹងដោះលែងលោក កឹម សុខា មិនលើសពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៩នោះទេ។
លោក សម រង្ស៊ី សន្យាថា ប្រសិនបើមិនមានការដោះលែងលោក កឹម សុខានោះទេ លោកនឹងដើរមកឱ្យនាយករដ្ឋមន្ត្រីកម្ពុជា ចាប់ខ្លួនលោកដាក់ពន្ធនាគារ។
បន្ទាប់ពីលោក សម រង្ស៊ី បបួលសម្ដេច ហ៊ុន សែន ភ្នាល់មួយថ្ងៃ សម្ដេចហ៊ុន សែន បានឆ្លើយតបថា សម្ដេចព្រមភ្នាល់ជាមួយលោក សម រង្ស៊ី ដោយសន្យាថា សម្ដេច នឹងចុះចេញពីតំណែង ប្រសិនបើមានការដោះលែងលោក កឹម សុខា ក្នុងអំឡុងពេលនោះមែន។
លោក សម រង្ស៊ី បញ្ជាក់ថា ខណៈដែលនាយករដ្ឋមន្ត្រីកម្ពុជាហ៊ានភ្នាល់ជាមួយលោក គឺនាយករដ្ឋមន្ត្រីនឹង ចាញ់នយោបាយរបស់លោក បាត់ទៅហើយ។
អ្នកវិភាគនយោបាយ និងឃ្លាំមើលបញ្ហាសង្គម គម្រាមថា បើមិនមានការឆ្លងឆ្លើយរវាងនាយករដ្ឋមន្ត្រី និងអតីតគណបក្សប្រឆាំងលោក សម រង្ស៊ីនោះទេ កម្ពុជានឹងបាត់បង់ប្រយោជន៍ធំ។
កញ្ញា លី ស្រីស្រស់ អ្នកវិភាគវ័យក្មេង លើបញ្ហាសង្គម និងនយោបាយ ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅថ្ងៃទី ២៨ ខែវិច្ឆិកានេះថា បើមានបញ្ហាបែបនេះកើតឡើងមែនគឺមិនមានផលប្រយោជន៍សម្រាប់កម្ពុជានោះទេ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងមានទំនាស់រវាងខ្មែរនិងប្រជាជនខ្មែរជាមិនខាន។
កញ្ញាលី ស្រីស្រស់៖ «បើសិនជានៅក្នុងករណីដែលលោកនាយករដ្ឋមន្ត្រីបិទផ្លូវចរចា អាចនឹងមានន័យថា អ្វីដែល EU ចង់បាននឹងគឺមិនអាចទៅរួចទេ ហើយនៅពេលដែលមិនអាចទៅរួច កម្ពុជាពិតជាមានការលំបាកណាស់ នៅក្នុងការបញ្ចៀសអំពីផលប៉ះពាល់ពាក់ព័ន្ធទៅនឹង អឺសេដ្ឋកិច្ច ឬក៏ទំនាក់ទំនងពាណិជ្ជកម្មជាមួយ EU ព្រោះនេះជាអ្វីដែល EU ចង់បាន។ អាហ្នឹងចំណុចមួយ ចំណុចមួយទៀត វាធ្វើឱ្យសង្គមនឹងជាពិសេសប្រជាពលរដ្ឋដែលមាននិន្នាការគណបក្សប្រឆាំង និងគណបក្សកាន់អំណាចនឹងវាហាក់ដូចជាមានការប្រេះស្រាំនៅក្នុងសង្គម អានឹងគឺជាចំណុចទីពីរ។ ចំណុចទី ៣ ខ្ញុំមើលឃើញថា ផលប៉ះពាល់កាទូតរវាងកម្ពុជានិងបណ្ដាប្រទេសដទៃនឹង ប្រាកដជាកើតមានឡើងហើយ»។
កញ្ញាពន្យល់ថា សហគមន៍អឺរ៉ុប ចង់ឃើញកម្ពុជាមានការចរចា ដើម្បីដោះស្រាយនយោបា ហើយលោក សម រង្ស៊ីជាបុគ្គលសំខាន់ក្នុងអតីតគណបក្សសង្គ្រោះជាតិ។
អ្នកវិភាគវ័យក្មេងរូបនេះ មើលឃើញថា ការបង្ហាញជំហរបែបនេះរបស់សម្ដេច ហ៊ុន សែន គឺដោយសារតែអំណាចទាំងអស់គឺស្ថិតក្នុងដៃគាត់ ទោះបីជាជជែកឆ្លើយតប ឬមិនជជែកឆ្លើយតបក្ដី។
អ្នកវិភាគម្នាក់ទៀត គឺលោក ឯមសុណ្ណារ៉ា យល់ថាល្បែងនយោបាយ របស់អ្នកនយោបាយទាំងពីររូបនេះ ហាក់កំពុងល្អមើល។ សម្រាប់លោកមិនជឿថាសម្ដេចហ៊ុនសែន តមសំដីបានយូរនោះទេ បើគូប្រជែងនឹងសម្ដេចមិនចុះខ្សោយនោះ។ លោកថា អ្នកនយោបាយខ្មែរ គួរគិតរកវិធីចរចានឹងគ្នាទើបអាចដោះស្រាយស្ថានការណ៍នេះបាន។
លោកឯមសុណ្ណារ៉ា៖ «ទីមួយបើនិយាយបែបហ្នឹង ពុំមានជំនុចរួមឬ ចំណុចដែលត្រូវ ចរចារគ្នាបានទេ។បានន័យថានៅតែប្រឈមដាក់គ្នាហើយបញ្ហាដែលចោទនៃសង្គមកម្ពុជាពិបាកទៅរកការអព្យាស្រ័យនឹងគ្នាទៅថ្ងៃអនាគត ហើយមានតែវប្បធម៌សងសឹក វប្បធម៌ទឹកឡើងត្រីស៊ីស្រមោច។ នេះជាការលំបាក ហើយអ្នកនយោបាយប្រឈមមុខដាក់ថ្កោលទោសដាក់គ្នាជាចំហរជាសាធារណៈទៀត។នេះជាភាពផុយស្រួចនៃផ្នែកនយោបាយនៅកម្ពុជាទៅថ្ងៃអនាគតដែរ»។
បន្ទាប់ពីការបោះឆ្នោតសភានីតិកាលទី ៦ កាលពីចុងខែកក្កដារួចមក សេដ្ឋកិច្ច និងនយោបាយកម្ពុជា ហាក់ដូចជាមានការគម្រាមកំហែងជាខ្លាំងពីបណ្ដាប្រទេសសេរីធំៗ។ ជាក់ស្ដែង សហគមអឺរ៉ុប កំពុងតែដំណើរការដកការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហើយសហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មកម្ពុជា ដោយបង្កកទ្រព្យសម្បតិ្តមន្ត្រីជាន់ខ្ពស់កម្ពុជា មិនអនុញ្ញាតឱ្យមន្ត្រី និងសាច់ញាតិរបស់មន្ត្រីនៃបក្សកាន់អំណាចចូលទឹកដីអាមេរិកជាដើម។
ប្រទេសសេរី និងប្រជាធិបតេយ្យធំៗនេះ បានទាមទារឱ្យកម្ពុជាស្ដាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សម្លេងផ្សព្វផ្សាយឯករាជ្យឡើងវិញ។ ជាងនេះទៅទៀត សហភាពអន្តរសភា IPU បានទាមទារយ៉ាងខ្លាំង និងមិនឱ្យពន្យាពេលក្នុងការដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គណបក្សនេះ និងមន្ត្រីបក្សនេះអាចធ្វើនយោបាយឡើងវិញ។
លោក សម រង្ស៊ី ក៏បានធ្វើអន្តរាគមយ៉ាងខ្លាំង នៅក្រៅប្រទេស ដើម្បីឱ្យមានការដោះលែងលោក កឹម សុខាផងដែរ។ តែយ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ម្ដងហើយម្ដងទៀតថា មិនមានការដោះលែងលោក កឹម សុខានោះទេ រហូតឈានដល់ការភ្នាល់ ដែលម្ខាងយកសេរីភាពផ្ទាល់ខ្លួន និងម្ខាងទៀតយកតួនាទីជាយករដ្ឋមន្ត្រីមកធ្វើជាដើមទុន។ ករណីនេះលោកសមរង្ស៊ី នៅបន្តរំលឹកសម្ដេចកុំឱ្យភ្លេចការភ្នាល់ជាមួយនឹងលោក៕
អត្ថបទ៖ លោក សោម លាភ