ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងផ្តាំផ្ញើទៅកីឡាករប្រណាំងទូកថា កុំគិតរឿងឈ្នះចាញ់ ព្រោះបញ្ហានេះមិនសំខាន់ទេ អ្វីដែលសំខាន់នោះ គឺកីឡាករបានចូលរួមប្រណាំង ដែលបង្ហាញពីការសាមគ្គីគ្នាយ៉ាងល្អ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៨។
តាមរយៈការចុះផ្សាយនេះបញ្ជាក់ថា ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្រោយពេលបញ្ចប់កិច្ចសំណេះសំណាលជាមួយកីឡាករអុំទូកទាំងបី របស់ក្រសួងទេសចរណ៍ នៅខណ្ឌជ្រោយចង្វា កាលពីល្ងាចម្សិលមិញ។ នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ សន្និដ្ឋានថា ក្នុងមួយថ្ងៃ យ៉ាងហោចណាស់ក៏មានភ្ញៀវទេសចរពី ៦០-៧០ម៉ឺននាក់ នឹងចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ នឹងមិនតិចជាង២លាននាក់ សម្រាប់រយៈពេល ៣ថ្ងៃនេះនោះទេ។
លោក ថោង ខុន ផ្ដាំទៅកីឡាករប្រណាំទូកឱ្យគិតគូរពីសុខភាពជាចម្បង កុំសូវដើរលេងច្រើនពេក ក្រែងគ្មានកម្លាំងគ្រប់គ្រាន់ក្នុងពេលប្រណាំង។ លោកបន្ថែមថា ការប្រណាំងនេះទោះលទ្ធផលចាញ់ឬឈ្នះក៏ដោយ វាជារឿងធម្មតា ពោលវាមិនសំខាន់នោះទេ។ ប៉ុន្តែលោកថា អ្វីដែលសំខាន់ គឺការចូលរួម ការរួបរួមសាមគ្គីគ្នា ការរាប់អានគ្នាទៅវិញទៅមក ព្រមទាំងការចូលរួមបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
លោករដ្ឋមន្ត្រីបាន ស្នើទៅកីឡាករអុំទូកទាំងអស់ត្រូវមានវិន័យ គោរពម៉ឺងម៉ាត់តាមបទបញ្ជារបស់គណៈកម្មការបច្ចេកទេស ត្រូវមានអនាម័យក្នុងការស្នាក់នៅ ការហូកចុក ចៀសវាងការបរិភោគអាហារណា ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសគ្រឿងស្រវឹង និងគ្រឿងញៀនគ្រប់ប្រភេទ។ លោក ថោង ខុន ក៏បានអំពាវនាវទៅចុងភៅ ត្រូវចម្អិនអាហារបានគ្រប់គ្រាន់ មានអនាម័យល្អ ដើម្បីបំប៉នកម្លាំងកីឡាករក្នុងក្រុមរបស់ខ្លួនឱ្យមានកម្លាំងថាមពលខ្លាំងក្លា។
ជាងនេះ លោកក៏សុំឱ្យមានការចូលរួមថែរក្សាអនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ ដោយចោលសម្រាមក្នុងធុង ហើយនេះជាការកែប្រែទម្លាប់ ដើម្បីឱ្យប្រទេសកម្ពុជាពោរពេញដោយភាពស្អាត បៃតង មិងមានអនាម័យល្អ។ ព្រះរាជអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅនាថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨៕ (អត្ថបទដោយលោក សោម លាភ)