ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ឱ្យដឹងថា ដីខ្សាច់ដុះកើនឡើងនៅតាមតំបន់អភិរក្សអណ្តើកហ្លួងក្នុងប្រព័ន្ធព្រែកស្រែអំបិលក្រោយពីរាជរដ្ឋាភិបាលសម្រេចបញ្ឈប់ការបូមខ្សាច់។ អង្គការអភិរក្សសត្វព្រៃ ឱ្យដឹងថា ខ្សាច់ដុសកើនឡើងជាសញ្ញាវិជ្ជមានសម្រាប់ជាប្រភពចំណីអាហារនិងជំរកពងកូនអណ្តើកហ្លួងដែលជាសត្វកម្រជិតផុតពូជជាសកល។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានបង្ហាញផលវិជ្ជាមាននៃកំណើនអណ្តើងហ្លួងដែលកំពុងប្រឈមទៅរកជិតផុតនៅលើសកលលោក ក្រោយពីក្រសួងរ៉ែ និងថាមពល សម្រេចមិនឱ្យមានអាជីវកម្មបូមខ្សាច់សមុទ្រនៅប្រព័ន្ធព្រែកស្រែអំបិលដែលជាទីជំរកពកកូនចុងក្រោយ សម្រាប់សត្វអណ្តើកហ្លួង។ ការបញ្ឈប់អាជីវកម្មបូមខ្សាច់នាំឱ្យកកើតឡើងវិញនៅជំរកសត្វអណ្តើងហ្លួង។
លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា អណ្តើងហ្លួងរស់នៅដោយពឹងផ្អែកជាចាំបាច់តំបន់ឆ្នេរខ្សាច់ ព្រៃលិចទឹក ព្រៃកោងកាងសម្រាប់ប្រភពកចំណី និងបន្តពូជ។
លោក កែន សេរីរដ្ឋា៖«ខ្ញុំពិតជាសប្បាយរីករាយជាអនេកដែលឆ្នេរខ្សាច់ជាទីជម្រកពងកូនរបស់អណ្តើកហ្លួងកំពុងកកើតឡើងវិញនៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្រោយរងការបំផ្លិចបំផ្លាញដោយការបូមខ្សាច់ក្នុងមួយទសវត្សរ៍កន្លងមក»។
រាជរដ្ឋាភិបាលសម្រេចដាក់បញ្ជូលសត្វអណ្តើកហ្លួងជាប្រភេទសត្វល្មូនតំណាងឱ្យប្រទេសកម្ពុជា កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០៥។ អណ្តើកហ្លួងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុត និងស្ថិតនៅក្នុងចំណោមអណ្តើក ២៥ ប្រភេទ កំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើលោក។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល ឱ្យដឹងថា រដ្ឋបាលជលផលបានធ្វើការយ៉ាងសកម្មជាមួយក្រសួងរ៉ែ និងថាមពលក្នុងការលុបបំបាត់សកម្មភាពបូមខ្សាច់នានា នៅតាមប្រព័ន្ធព្រែកស្រែអំបិលដែលជាជម្រកចុងក្រោយសម្រាប់អណ្តើកហ្លួងរស់នៅនិងពងកូន។
លោក វិបុល បន្ថែមថា រដ្ឋាបាលជលផលកំពុងរៀបចំសេចក្តីព្រាងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីដាក់តំបន់មួយចំនួនធំនៅតាមព្រែកស្រែអំបិលជាតំបន់គ្រប់គ្រងសម្រាប់សត្ងអណ្តើកហ្លួង និងក្រពើត្រី។ លោកថា សេចក្តីប្រកាសនេះ នឹងចូលជាធរមាននៅពេលឆាប់ៗនេះ។
អង្គការ WCS បានសហការជាមួយអាជ្ញាធរព្រលែងអណ្តើកហ្លួងចំនួនពីរលើកនៅឆ្នាំ ២០១៥ និង ឆ្នាំ ២០១៧ សរុបអណ្តើកហ្លួងចំនួន ៤៦ ក្បាល។
ក្នុងរយៈតាមដានការបំលាស់ទីរបស់អណ្តើកហ្លួងដោយភ្ជាប់ឧបករណ៍តាមដានលើខ្លួនវាបង្ហាញឱ្យឃើញថា មានអណ្តើកមួយក្បាលផ្លាស់ទីទៅមានចំណាយជិត១០០គីឡូម៉ែត្រ ពីទីតាំងព្រលែង ហើយក្បាលទៀតជួបមួងអ្នកនេសាទតែប្រគល់ឱ្យអង្គការវិញ។
អង្គការអភិរក្សសត្វព្រៃ បញ្ជាក់ថា អណ្ដើកហ្លួង នៅលើសាកលលោក មានមិនដល់ ៥០០ក្បាលនោះទេ។ សម្រាប់កម្ពុជាអង្គការ WCS ប្រចាំប្រទេសកម្ពុជា មានចំនួនប្រមាណ ៥០ ក្បាល ប៉ុណ្ណោះ៕