ភ្នំពេញ ៖ ក្រសួងធនធានទឹក បានប្រាប់ឲ្យដឹងថា រាជធានី-ខេត្ដមួយចំនួន រួមទាំងតំបន់មាត់សមុទ្រផង អាចនឹងមានភ្លៀងធ្លាក់ពីធម្យមទៅបង្គួរ ចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ។
ក្រសួងធនធានទឹកបញ្ជាក់ថា នៅពេលនេះជ្រលងសម្ពាធខ្ពស់ខ្សោយ បាននិងកំពុងបន្ដគ្រប់ដណ្ដប់លើជ្រោយឥណ្ឌូចិត្ដ ហើយជ្រលងនេះក៏បាន និងកំពុងគ្របដណ្ដប់ភាគខាងត្បូងនៃប្រទេសកម្ពុជាផងដែរ។ យោងតាមការព្យាករណ៍ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់នៅរាជធានី-ខេត្ដមួយចំនួន និងតំបន់មាត់សមុទ្រ។
តាមសេចក្ដីជូនដំណឹងឲ្យដឹងថា ភ្លៀងអាចនឹងធ្លាក់ក្នុងកម្រិតពីធម្យមទៅបង្គួរ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខេត្ដត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ តាកែវ និងបណ្ដាលខេត្ដជាប់មាត់សមុទ្រ។ យោងតាមការព្យាករណ៍នេះ ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសគឺប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ៕