ភ្នំពេញ៖ សម្ដេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងជាថ្មីម្ដងទៀត ថា ការបាត់បង់ព្រៃឈើគឺដោយសារតែពលរដ្ឋមានការកើនឡើង ត្រូវការការលើដីក្នុងការរស់នៅនឹងប្រើប្រាស។ យ៉ាងណាសម្ដេចថា ស្អប់ណាស់អ្នកដែលកាប់ព្រៃឈើ ដោយសម្ដេចកំពុងតែតាមប្រមាញ់ពួកនេះ។ តែបើទោះបីជានាយករដ្ឋមន្ត្រីកម្ពុជាថ្លែងបែបនេះក្ដី ក៏លោក សម រង្ស៊ី នៅតែថា ការបាត់បង់ព្រៃឈើគឺដោយសារតែភាពអសមត្ថភាពអ្នកដឹកនាំកម្ពុជា។លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖
សម្ដេច ហ៊ុន សែន បានថ្លែងប្រាប់អ្នកគាំទ្របែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា កាលពីថ្ងៃទី ៣០ កញ្ញា។
ប្រមុខរដ្ឋាភិបាល កម្ពុជាបញ្ជាក់ច្បាស់ៗថា កម្ពុជាមានការមានការបាត់បង់ព្រៃឈើពិតមែន តែដោយសារតែកំណើនប្រជាជន។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រច្រើនយ៉ាងដើម្បីការពារព្រៃឈើដោយជាការដាក់ចេញនូវតំបន់ព្រៃអភរក្សមួយចំនួន។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកម្ពុជាដែលកាន់អំណាចប្រាំមួយអាណត្តិនេះ បញ្ជាក់ថា ខ្លួនកំពុងតែតាមប្រមាញ់អ្នកកាប់ព្រៃឈើខុសច្បាប់ហើយដើម្បីផ្ដន្ទាទោស។
យ៉ាងណាមិញ អ្នកស្រាវជ្រាវ រកឃើញថា ការផ្លាស់ប្តូរតម្លៃកៅស៊ូជាសកល និងកិច្ចព្រមព្រៀងដីសម្បទានសេដ្ឋកិច្ច គឺជាបញ្ហាមួយដែលឈានទៅដល់ការបាត់បង់ព្រៃឈើយ៉ាងឆាប់រហ័សនៅកម្ពុជា។
តួយ៉ាង រដ្ឋាភិបាលកម្ពុជាបានជួលសម្បទាន ទៅឲ្យអ្នកវិនិយោគក្នុងស្រុក និងបរទេស សម្រាប់ធ្វើកសិកម្ម ផលិតផលឈើ និងតម្រូវការផ្សេងទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រាវជ្រាវ រកឃើញបន្ថែមទៀតថា អត្រាបាត់បង់ព្រៃឈើ ក្នុងដីសម្បទាន មាននៅគ្រប់ទីកន្លែង កើនឡើងពី ២៩% ទៅ ១០៥% បើធៀបនឹងដីក្រៅសម្បទាន។
ដោយឡែក លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ ២០១៧ នោះបានសរសេរក្នុងទំព័រហ្វេសបុកខ្លួនថា ការបាត់បង់ព្រៃឈើដោយសារតែអំពើពុករលួយរបស់ថ្នាក់ដឹកនាំកម្ពុជា។
លោកសរសេរថា មេដឹកនាំកម្ពុជា មិនត្រឹមតែកាប់បំផ្លាញព្រៃឈើនោះទេ ថែមទាំងមានការលក់ទ្រព្យសម្បត្តិជាតិ និងប្លន់ដីរាស្រ្តថែមទៀត ដោយសារតែអំពើពុករលួយ។
អតីតប្រធានគណបក្សប្រឆាំងរូបនេះ បានបន្ថែមថា ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា យកលុយដែលបានមកពីការកាប់បំផ្លាញព្រៃឈើ និងលុយពុករលួយទាំងនោះ យកទៅ ទិញមាស រាប់រយតោនពីបរទេសដើម្បីលាងលុយខ្មៅ ឬលុយកខ្វក់ទាំងនោះ។
តែសម្រាប់អ្នកនាំពាក្យ រាជរដ្ឋាភិបាល លោកផៃស៊ីផាន បាននិយាយក្នុងបទសម្ភាសខ្លីជាមួយវិទ្យុស្ត្រីដោយប្រតិកម្មនឹងលោកសមរង្ស៊ីថា អតីតមេដឹកនាំបក្សប្រឆាំងនេះ មានលិ្បចគ្រប់យ៉ាង វាយប្រហារគូប្រកួត ដែលលោកថាកូនរៀនមិនកើតបែរជាបន្ទោស គ្រូទៅវិញ។ លោកថា អ្វីដែលនិយាយរឿងការបាត់បង់ព្រៃឈើគឺជាការនិយាយដោយមិនបានយល់ពីគុណតម្លៃរបស់ថ្នាក់រាជរដ្ឋាភិបាល។
គួររំលឹកថា កាលពីឆ្នាំ២០១៧អង្គការណាសាឃ្លាំមើលផែនដី (NASA Earth Observatory) បានចេញរបាយការណ៍ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាបាត់បង់ព្រៃឈើរហ័សជាងគេក្នុងពិភពលោក៕