
ក្រុងញ៉ូដេលី ៖ Ghasi Pura ជាសាលាបឋមសិក្សាគំរូផ្នែកអនាម័យមួយស្ថិតនៅភាគខាងជើង មានចំងាយ៥៥គីឡូម៉ែត្រពីទីក្រុងញ៉ូវដេលី។ សាលារៀននេះ បានក្លាយជាសាលាដែលផ្តល់ការអប់រំផ្នែកអនាម័យនិងទឹកស្អាតដល់សិស្សានុសិស្ស បន្ទាប់ពីផ្តល់ចំណេះដឹងទូទៅស្របតាមកម្មវិធីសិក្សារបស់រដ្ឋាភិបាលឥណ្ឌា។
នាយិកាសាលាលោកស្រី ម៉ាន់ជី ទេវី បានឱ្យដឹងថា សាលាបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា បានអនុវត្តន៍គោលការណ៍អប់រំផ្នែកអនាម័យដល់សិស្សមានរយៈពេល ៥ឆ្នាំហើយ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៣ ដោយមានការជួយជ្រោមជ្រែងពីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើផ្នែកអនាម័យនិងទឹកស្អាត និងមានការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា។
លោកស្រីមានប្រសាសន៍បន្តថា គោលបំណងធ្វើឱ្យសាលាបឋមសិក្សានេះក្លាយជាសាលាគំរូ ដោយសារចង់ផ្លាស់ប្តូរទម្លាប់របស់ប្រជាជនឱ្យចាប់អារម្មណ៍ចំពោះការប្រើប្រាស់បង្គន់អនាម័យ និងការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ តាមរយៈភាពជាគំរូផ្តើមចេញពីកូនៗរបស់ពួកគេ។

ទន្ទឹមគ្នានេះ លោកស្រីនាយិកាសាលា បានបន្ថែមទៀតថា៖ “កន្លងទៅសិស្សនារីភាគច្រើនមិនទទួលបានចំណេះដឹងផ្សេងៗ ពីបញ្ហាអនាម័យទូលំទូលាយឡើយ ដោយសារពួកគេមានភាពខ្មាស់អៀន ដូច្នេះយើងចង់ឱ្យពួកគេទទួលបានការអប់រំបញ្ហាហ្នឹង ដើម្បីឱ្យសិស្សមានសុខភាពល្អ ហើយការសិក្សាក៏កាន់តែល្អប្រសើរដែរ”។
សាលាបឋមសិក្សា ហ្គាហ្ស៊ី ពួរ៉ា មានពីរអគារសិក្សា ដោយអគារនីមួយៗមានកម្ពស់បីជាន់ ផ្ទៃដីទំហំ២ហិចតាកន្លះ។ ក្នុងចំណោមថ្នាក់់រៀនសរុបទាំងអស់ ៣៦ថ្នាក់ បឋមសិក្សានេះមានបន្ទប់ទឹកចំនួន៤២ បន្ទប់ទឹកកំពុងដំណើរការដោយបែងចែកស្មើគ្នាចំពោះសិស្សប្រុស និងសិស្សស្រី ។ សាលាក៏បានបែងចែកវេណសិក្សាជាពីរវេណផងដែរ ដោយពេលព្រឹកមានសិស្សចំនួន៤០០នាក់ និងពេលរសៀលចំនួនជាង ៤៤៨នាក់។

មិនតែប៉ុណ្ណោះបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា ជាប់ជាសាលាគំរូផ្នែកអនាម័យក្នុងចំណោមសាលាផ្សេងៗទៀត ដោយសារសាលានេះ បានរៀបចំឱ្យមានកុមារគំរូ ឬសិស្សគំរូក្នុងសាលាចំនួនប្រាំក្រុម មានក្រុមកុមារលាងសំអាតដៃ, ក្រុមកុមារអនាម័យបរិស្ថាន, ក្រុមកុមារអាហារថ្ងៃត្រង់, ក្រុមកុមារអប់រំអនាម័យផ្ទាល់ខ្លួន, និងក្រុមអប់រំទឹកស្អាត។ ក្រុមកុមារនីមួយៗមានតួនាទីអប់រំមិត្តភក្តិរបស់ពួកគេ និងសិស្សទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវអនាម័យ និងការប្រើប្រាស់ទឹកស្អាតជានិច្ច។
ថ្នាក់ដឹកនាំសាលា និងតំណាងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការនៅសាលាបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា នៅជាយក្រុងញ៉ូវដេលីនេះ បានបង្ហាញការជឿជាក់ថា កុមារគំរូនៅក្នុងសាលានឹងផ្លាស់ប្តូរឥរិយាបថម្តាយឪពុកពួកគេ ឱ្យរស់នៅមានអនាម័យ និងប្រើប្រាស់ទឹកស្អាតដើម្បីសុខភាព៕

អត្ថបទ ម៉ៅ សំណាង