ក្រុងភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងរៀបចំឯកសារប្រាសាទកោះកេរនិងប្រាសាទបន្ទាយឆ្មាដោយស្នើឲ្យអង្គការយូនីស្កូរដាក់ជាបញ្ជីបេតិកភណ្ឌជាតិពិភពលោកស្របពេលក្រសួងចាប់ផ្តើមរៀបចំឯកសារល្ខោនខោលនិងក្បាច់គុណល្បុក្កតោបញ្ជូនទៅអង្គការយូនីស្កូរ។
ការប្រកាសបែបនេះធ្វើឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ២០១៧និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ដែលមានរយៈពេល២ថ្ងៃនៅឯសាលសន្នីសីទចតុមុខដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធធ្វើឡើងដោយមានវត្តមានលោកស្រីភឿងសកុណារដ្ឋមន្រ្តីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងថា «ទិសដៅសម្រាប់ឆ្នាំ ២០១៧ ក្រសួង បានសម្រេចជោគជ័យ ចុះបញ្ជី ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក។ ដោយឡែក សម្រាប់ទិសដៅឆ្នាំ ២០១៨ នេះ គឺយើងបានចាប់ផ្ដើមរៀបចំឯកសារ នៃកោះកេរ និង បន្ទាយឆ្មារ ដាក់ស្នើសុំ ផ្ញើទៅអង្គការយូនីស្កូរ ដើម្បីដាក់ជាបញ្ជីបេតិកភណ្ឌ នៅពេលដែលរៀបចំឯកសារគ្រប់គ្រាន់ យើងនឹងបញ្ចូនទៅអង្គការយូនីស្កូរ។ បច្ចុប្បន្ននេះ យើងបានរៀបចំឯកសារ ល្ខោនខោល និង ក្បាច់ល្បុក្កតោ បញ្ចូនទៅអង្គការយូនីស្កូររួចហើយ ហើយក៏កំពុងតែរៀបចំខាងតម្បាញសូត្រ និងកំពុងទាក់ទងទៅបណ្ដារក្រៅប្រទេស ដើម្បីពាំនាំ និងស្វែងរក យកវត្ថុបុរាណ មកកាន់ដែនដីកម្ពុជាវិញ ផងដែរ»។
លោកស្រីបានសង្កត់ធ្ងន់ថា «ទិសដៅសម្រាប់ឆ្នាំ ២០១៨ នេះ ក្រសួងនឹងដាក់ផែនការ ស្រាវជ្រាវយកវត្ថុបុរាណ ដែលជាសម្បត្តិរូបិយ មកទុកជាកេរ្ដិ៍ដំណែល និងតម្កល់ទុក នៅសារៈមន្ទីរជាតិ ឬបញ្ចូនទៅកន្លែងដើម មកកម្ពុជាវិញ ខណៈដែលវត្ថុបុរាណខ្លះ កំពុងតែបាត់បង់ និងរកមិនទាន់ឃើញរូបរាង នៅឡើយ។
ចំណែកឯសម្បតិ្តអរូបិយវិញ មានដូចជា វិស័យភាពយន្ត សៀក វង់ភ្លេងបុរាណខ្មែរ ការសូន្យរូប ការគូររូបគំនូរខ្មែរជាដើម។ សកម្មភាពធំទី៣ គឺការពង្រឹងនូវបទដ្ឋានគតិយុទ្ធ និង ធនធានមនុស្ស នៅក្នុងផ្នែកវប្បធម៌នេះ យើងនៅខ្វះបទដ្ឋានគតិយុទ្ធច្រើន ដូច្នេះផែនការសម្រាប់ឆ្នាំ ២០១៨ ធ្វើយ៉ាងណា ត្រូវសម្រេចឲ្យបានច្បាប់គតិយុទ្ធនេះ និង ផែនការបណ្ដុះបណ្ដាល ធនធានមនុស្ស និងរៀបចំមនុស្ស ឲ្យត្រូវទៅតាមទិសដៅ និងភារកិច្ច ពិព័រណ៍មុខតំណែង ឲ្យចំជំនាញ និងចំណេះដឹង ធ្វើការទៅតាមសមត្ថភាព មុខតំណែង»៕