ភ្នំពេញ៖សាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដោយបន្តឃុំខ្លួនប្រធានអតីតគណបក្សសង្គ្រោះជាតិក្រោមហេតុផលរក្សាការពារសុវត្ថិភាពនិងធានាដល់ដំណើរការនីតិវិធីស៊ើបអង្កេតប្រព្រឹត្តទៅដោយរលូង។ក្រុមមេធាវីការពារលោក កឹម សុខា ខកចិត្តចំពោះការសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នថាជារឿងអយុត្តិធម៌ព្រោះកូនក្តីមានបញ្ហាសុខភាពទ្រុឌទ្រោមខ្លាំង។

អតីតប្រធានគណបក្សសង្ក្រោះជាតិលោក កឹម សុខា ត្រូវបានមន្ត្រីអនុរក្សពន្ធាគារត្រពាំងថ្លុងស្ថិតនៅខេត្តត្បូងឃ្មុំក្បែរព្រំដែនវៀតណាមដឹកតាមរថយន្តនៅម៉ោងប្រមាណ៣ទាបភ្លឺមកស្តាប់សវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។
នៅព្រឹកព្រលឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៨នេះសាលាឧទ្ធរណ៍បើកសវនការក្នុងសំណុំរឿងសុំនៅក្រៅឃុំរបស់ប្រធានអតីតគណបក្សសង្គ្រោះជាតិ(CNRP)ដោយមានការរឹតបណ្តឹងសន្តិសុខជុំវិញបរិវេនតុលាការ
សវនាការចំណាយពេលជិតកន្លះថ្ងៃដោយប្រធានចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍សម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីលោក កឹម សុខា ក្រោមហេតុផលរក្សាការពារសុវត្ថិភាពនិងធានាដំណើរការនីតិវិធីស៊ើបអង្កេត។

លោក ជួង ជូងី មេធាវីលោក កឹម សុខា មួយរូបក្នុងចំណោម៨រូបបានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានថាលោក ផូ ពៅស៊ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍សម្រេចច្រាន់ចោលបណ្តឹសសុំនៅក្រៅឃុំ ដើម្បីឲ្យកូនក្តីលោកសម្រាកព្យាបាលជំងឺទេ។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងថ្លុងស្ថិតនៅខេត្តត្បូងអស់រយៈពេលជិតកន្លះឆ្នាំចាប់តាំងពីការចាប់ខ្លួននិងឃុំខ្លួននៅអំឡុងខែកញ្ញា ឆ្នាំ ២០១៧។
លោកមេវី ជួង ជូងី យល់ថា តុលាការគួរឱ្យកូនក្តីលោកនៅក្រៅឃុំបណ្តោះអាសន្នដើម្បីព្យាបាលជំងឺលើសឈាម ទឹកនោមផ្អែមនិងគាបសរសៃដៃត្រូវការវះកាត់ព្យាបាល។
លោកមេវី ជួង ជូងី ៖«ឯកឧត្តមព្យាយាមអំពីជំងឺរបស់គាត់ប៉ុន្តែអ្វីដែលខ្ញុំស្តាយគឺតុលាការមិនពិចារណាពីជំងឺរបស់គាត់ដើម្បីអនុញ្ញាតិឲ្យគាត់នៅក្រៅឃុំទេគឺនៅតែរក្សាបន្តឃុំខ្លួនគាត់បន្តទៀត។គាត់មានជំងឺទី១លើសឈាមទី២ទឹកនោមផ្អែមនិងទី៣លោកគៀបសរសៃដៃខាងឆ្វេងរបស់គាត់ដែលត្រូវការវះកាត់។»
អ្នកនំពាក្យសាលាឧរទ្ធណ៍ លោក ទូច ថារិទ្ធិ ប្រាប់វិទ្យុស្ត្រីថាប្រធានក្រុមប្រឹក្សាជំនុំជម្រៈសភាស៊ើបសួរសាលាឧទ្ធរណ៍បានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ចំពោះស្ថានភាពជំងឺលោក កឹម សុខា អ្នកនាំពាក្យសាលាឧរទ្ធណ៍រូបនេះបញ្ជាក់ថាការសម្រេចតុលាការផ្នែកទៅលើបទល្មើសដោយមិនជាប់ពាក់ព័ន្ធនឹងបញ្ហាជំងឺទេ។
លោក ទូច ថារិទ្ធិ៖«សាលាឧទ្ធរណ៍ការបានតម្កល់ដីកាសម្រេចឃុំខ្លួន មិនអនុញ្ញាតឲ្យនៅក្រៅឃុំរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ស្ថានភាពជំងឺរឿងជំងឺរបស់គាត់អាហ្នឹង រឿងបទល្មើសវាមិនពាក់ព័ន្ធនឹងជំងឺណា។»
កាលពីថ្ងៃទី៣ ខែកកញ្ញា ឆ្នាំ ២០១៧ លោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំងត្រូវបានចាប់ខ្លួនទាំងកណ្តាលអាត្រាតនៅក្នុងគេហដ្ឋានរបស់លោកស្ថិតក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។ លោកត្រូវបញ្ជូនទៅឃុំខ្លួនក្នុងពន្ធាគារត្រពាំងថ្លុងស្ថិតនៅខេត្តត្បូងឃ្មុំក្បែរព្រំដែនវៀតណាមក្រោមបទចោទ«អំពើក្បត់ជាតិ»។
ពីរខែបន្ទាប់ពីឃុំខ្លួនលោក កឹម សុខា ត្រូវបានតុលាការកំពូលប្រកាសសាលក្រមរំលាយគណបក្សសង្គ្រោះជាតិក្រោមបទចោទ«ឃុំឃិតជាមួយជនបរទេសផ្តួលរំលំរដ្ឋាភិបាល» កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧។
បើតាមលោកមេធាវី ជួង ជូងី បញ្ជាក់ថា ក្រុមមេធាវីនឹងពិភាក្សាគ្នាដាក់ពាក្យប្តឹងទាស់ទៅសាលាកំពូលចំពោះសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍៕