ភ្នំពេញ៖ រយៈពេលមួយខែដើមឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ថវិកាដល់កម្មការិនី ក្នុងវិស័យវាយនភណ្ឌ ដែលសម្រាលកូនបានចំនួន ៣៨៨១នាក់ នៅទូទាំងប្រទេស។ កម្មការិនី បង្ហាញអារម្មណ៍រីករាយចំពោះថវិកានេះ ដែលបញ្ជាក់ថា នឹងអាចជាចំណែកមួយទប់ទល់ការចំណាយប្រចាំថ្ងៃ។ ចំណែកសហជីព យល់ថា ជាយន្ដការណ៍ដ៏ប្រសើរមួយដែលរាជរដ្ឋាភិបាលមានការយកចិត្ដទុកដាក់ចំពោះស្ដ្រី ក្រោយសម្រាលកូន។
លោក លៀ ស៊ីណា រាយការណ៍ ៖
រយៈពេល៣១ថ្ងៃ ក្នុងអំឡុងខែមករា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាសរុបប្រមាណ ១ពាន់៥៦៥លាន ២សែនរៀល ឬស្មើនិងប្រមាណ ៣សែន ៩ម៉ឺន ១៣០០ដុល្លារ សម្រាប់ផ្ដល់ជូនស្ដ្រីបម្រើក្នុងវិស័យវាយនភណ្ឌ ដែលសម្រាលកូនចំនួន ៣៨៨១នាក់ នៅទូទាំងប្រទេស។ ក្នុងចំណោមស្ដ្រីទាំង ៣៨៨១នាក់ មានស្ដ្រីចំនួន ៣២នាក់ បានសម្រាលកូន ភ្លោះ។ នេះបើយោងតាមរបាយការណ៍របស់បេឡាជាតិរបបសន្ដិសុខសង្គម ហៅកាត់ថា ប.ស.ស។
អ្នកស្រី ស៊ិន ដាណេ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ញ៉ូ អាកឃីត ស្ថិតក្នុងខេត្ដកំពង់ស្ពឺ បានបង្ហាញចំណាប់អារម្មណ៍រីករាយដែលប្រមុខដឹកនាំរាជរដ្ឋាភិបាល បង្កើតឲ្យមានគោលនយោបាយផ្ដល់ប្រាក់ឧបត្ថមសម្រាប់ស្ដ្រីក្រោយពេលសម្រាលកូន ក្នុងវិស័យវាយនភណ្ឌដូច្នេះ។ អ្នកស្រីបន្ដថា ថ្វីត្បិតតែថវិកា ៤០ម៉ឺនរៀលមិនច្រើនណាស់ណាក្ដី ក៏ប៉ុន្ដែប្រាក់នេះគឺបានរួមចំណែកមួយភាគ ដល់ការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រី ស្របពេលដែលអ្នកស្រីត្រូវសម្រាកការងាររយៈពេល ៣ខែក្រោយសម្រាលកូន។
អ្នកស្រី ស៊ិន ដាណេ ៖«ខ្ញុំមានអារម្មណ៍ថា រំភើបដែរ ព្រោះអ្នកសម្រាលកូនមុនៗ អត់ដែលមាន ទើបតែចាប់មានឆ្នាំ២០១៨ហ្នឹង ខ្ញុំគិតថា ខ្លួនឯងមានសំណាងដែរហ្នឹងណា ដល់ពេលមកសម្រាលឆ្នាំ២០១៨ហើយ បាននាយករដ្ឋមន្ដ្រីគាត់ផ្ដល់លុយឲ្យដែរ»។
ចំណែកអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា គឺជាយន្ដការណ៍ល្អដែលរាជរដ្ឋាភិបាលបានបង្ហាញការយកចិត្ដទុកដាកចំពោះស្ដ្រី ធ្វើការក្នុងវិស័យវាយនភណ្ឌក្រោយពេលពួកគេសម្រាលកូន។ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បន្ដថា ជាទូទៅក្រោយពេលដែលស្ដ្រីសម្រាលកូន គឺពួកគេត្រូវឈប់សំរាកលំហែមាតុភាពរយៈពេលបីខែ ដែលស្ដ្រីមិនអាចចេញទៅធ្វើការរកចំណូលបានទេ ដូច្នេះប្រាក់នេះពិតជាមានសារសំខាន់សម្រាប់ស្ដ្រីក្រោយសម្រាលកូន។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖«ជាធម្មតានៅពេលដែលគាត់ធ្វើការងារ គឺគាត់មានលុយក្នុងការបើកប្រាក់ខែត្រឡប់មកវិញ នៅពេលដែលគាត់ធ្វើការងារ ប៉ុន្ដែនៅពេលដែលគាត់អត់ធ្វើការងារលុយនេះ អាចជួយដល់គាត់មួយផ្នែក ចង់និយាយថា អាចរួមចំណែកអាចជួយដល់សេដ្ឋកិច្ចគ្រួសារគាត់មួយផ្នែកដែរ»។
គោលនយោបាយផ្ដល់ប្រាក់ឧបត្ថមដល់ស្ដ្រីបម្រើការងារក្នុងវិស័យវាយនភណ្ឌ ក្រោយពេលសម្រាលកូននេះ គឺត្រូវបានផ្ដួចផ្ដើមឡើងដោយប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ដែលលោកបានប្រកាស់ថា រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាប្រមាណ ១០លានដុល្លារ។
សម្ដេច ហ៊ុន សែន នឹងផ្ដល់ការឧបត្ថមជាសាច់ប្រាក់សុទ្ធដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ពន្ធ ក្រោយពេលពួកគេសម្រាល់កូន។ កម្មការិនី ដែលសម្រាលបានកូនម្នាក់ ពួកគេនឹងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលចំនួន ៤០ម៉ឺនរៀល ។ សម្រាលកូនបានកូនភ្លោះពីរនាក់ នឹងទទួលបានប្រាក់ ៨០ម៉ឺនរៀល ហើយប្រសិនបើកម្មការិនី សម្រាលបានកូនភ្លោះបីនាក់ ពួកគេនឹងទទួលបានប្រាក់ឧបត្ថមចំនួន ១លាន ២០ម៉ឺនរៀល ហើយកូនភ្លោះទាំង ០៣នាក់នោះ សម្ដេច ហ៊ុន សែន នឹងយកធ្វើកូន រួមនិងផ្ដល់ប្រាក់ឧបត្ថមបន្ថែមពីលើចំនួន ៥ លានរៀលថែមទៀត៕