សៀមរាប៖ អភិបាលខេត្តសៀមរាបលោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ២៩ មករានេះថា លោកមានក្តីរំពឹងយ៉ាងមុតមាំថា ជប៉ុននឹងបង្កើតជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាបតែម្តងនាពេលខាងមុខ ដែលធ្វើឱ្យខេត្តទេសចរណ៍មួយនេះអាចទទួលបានភ្ញៀសជប៉ុនកាន់តែច្រើនឡើង។ សុទិដ្ឋិនិយមកើតមាន បន្ទាប់ពីលោកអភិបាលខេត្តសៀមរាប បានស្នើទៅកាន់អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន ក្នុងកំឡុងពិធីបើកការិយាល័យកុងស៊ុលជប៉ុន ក្នុងខេត្តសៀមរាបកាលពីថ្ងៃម្សិលមិញ។

«នាពេលខាងមុខនេះ ជប៉ុននឹងអាចបង្កើតជើងហោះហើរត្រង់មកកាន់ទឹកដីសៀបរាមអង្គរតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិរបស់កម្ពុជា»។ នេះជាការលើកឡើងរបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបគូសបញ្ជាក់ប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃទី ២៩ មករា ឆ្នាំ២០១៨នេះ។
កាលពីថ្ងៃម្សិលមិញ ក្នុងជំនួបជាមួយលោក កាស៊ូយូគី ណាកាណេ (Kazuyuki NAKANE) អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន ដែលមកបំពេញទស្សនៈកិច្ចនៅខេត្តសៀមរាប លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានស្នើដល់ជប៉ុនឱ្យបង្កើតជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកកាន់ខេត្តសៀមរាបតែម្តង។ ការស្នើនេះធ្វើឡើងស្របពេលដែលជប៉ុនបានសម្ពោធបើកការិយាល័យកុងស៊ុលជប៉ុនក្នុងខេត្តសៀមរាបកាលពីម្សិលមិញនៅខេត្តសៀមរាប។
លោក ឃឹម ប៊ុនសុង បានប្រាប់វិទ្យុស្រ្តីថា ប្រសិនបើមានជើងហោះហើរត្រង់ពីជប៉ុនមកកាន់ខេត្តសៀម រាបមែននោះ នោះកំណើនទេសចរណ៍ជនជាតិជប៉ុននឹងមានកាន់តែច្រើននៅខេត្តសៀបរាម។ ចំណែកអ្នកទទួលផលពីវិស័យមួយនេះនឹងទទួលបានអត្តប្រយោជន៍កាន់តែច្រើនពីវត្តមានទេសចរណ៍ជប៉ុន។ យ៉ាងណាលោកអភិបាលខេត្តសៀបរាមបន្ថែមថា កន្លងមកលោកធ្លាប់បានអំពាវនាវជារឿយៗទៅកាន់មន្រ្តីទូតនៃបណ្តាលប្រទេសនានាជាច្រើន ឱ្យបង្កើតជើងហោះហើរត្រង់មកខេត្តសៀមរាមនេះ។
លោក ឃឹម ប៊ុនសុង៖«យើងក៏ធ្លាប់អំពាវនាវទៅកាន់បណ្តាប្រទេសនានាលើពិភពលោកដែលមកសំណះសំណាលជាមួយយើងនៅខេត្តសៀមរាបនេះ យើងក៏បានធ្វើសំណុំជាញឹកញាប់ទាំងភាគីចិនក្តី ទាំងប្រទេសផ្សេងទៀតក្តី យើងបានសំណុំពរដើម្បីបង្កើនភ្ញៀវទេសចរណ៍»។

លោកអភិបាលខេត្តសៀមរាបបន្ថែមទៀតថា ការហោះហើរត្រង់ពីជប៉ុនមកសៀបរាមនេះ សម្រាប់ទេសចរជប៉ុនក៏ទទួលបានប្រយោជន៍ច្រើនផងដែរ ព្រោះអាចកាត់បន្ថយការចំណាយលើការធ្វើដំណើរ ដោយបច្ចុប្បន្នភ្ញៀវទេសចរជប៉ុនដែលចង់មកលេងខេត្តសៀបរាម ត្រូវចុះចតនៅប្រទេសជិតខាងកម្ពុជាជាមុន មុនធ្វើដំណើរមកសៀបរាមអង្គរ។
លោក ឃឹម ប៊ុនសុង៖«ភាគីច្រើនយន្តហោះធំៗគេចុះនៅប្រទេសជិតខាងយើង ចុះនៅស័ង្កហ្គាពួរ ចុះនៅថៃឡង់ នៅវៀតណាមជាដើម»។
សូមជំរាបជូនថា ភ្ញៀវទេសចរជនជាតិជប៉ុនក្នុងឆ្នាំ២០១៧ បានមកទស្សនាក្នុងទឹកដីសៀមរាបអង្គរមានប្រមាណ ១ម៉ឺន ៣ ពាន់នាក់ ថយចុះប្រមាណ ៧% ឈរនៅលំដាប់ថ្នាក់លេខ ៥ ។ ក្នុងឆ្នាំ២០១៧នេះដែរ ភ្ញៀវទេសចរបរទេសសរុបមកទស្សនានៅខេត្តសៀមរាបមានចំនួនប្រមាណ ២លាន ៤សែននាក់ កើនឡើង១១,៤២% បើធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរចិន ឈរលំដាប់ថ្នាក់លេខ១។
តាមសេចក្តីជូនដំណឹងរបស់អាកាសចរស៊ីវិលកម្ពុជាចុះផ្សាយកាលពីថ្ងៃទី២៥ ខែមករានេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ បានដឹកអ្នកដំណើរកើនឡើងរហូតដល់ ៨លាននាក់ និងដឹកទំនិញ ៦ម៉ឺនតោនទទួលចំណូលប្រមាណ ២,៧ ពាន់លានដុល្លារ និងជួយបង្កើតការងារ ១,៧លានការងារដល់ប្រជាពលរដ្ឋ។
បច្ចុប្បន្នសេវាដឹកជញ្ជូនតាមផ្លូវអាកាសនៅប្រទេសកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន១០ កំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ និងទំនិញចេញចូលទាំងក្នុងស្រុកនិងក្រៅស្រុក។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន ៤០ កំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា៕