en     km
en     km

វេណេហ្សូអេឡាបោះឆ្នោតខែមេសាខណៈការចរចាជាមួយក្រុមប្រឆាំងមានលទ្ធផលតិចតួច

Share

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡាដែល​ដឹកនាំប្រទេសមានជម្លោះជាមួយសហ​រដ្ឋអាមេរិក និងសហភាពអឺរ៉ុបនិយាយថាលោកបានត្រៀមខ្លួនរួចហើយដើម្បីឈរជាបេក្ខជនប្រធានាធិបតី។

តាមបណ្ដាញផ្សាយព័ត៌មាន Press TV លោកម៉ាដូរ៉ូ បានប្រកាសដូច​នេះ បន្ទាប់ពី​សភាធម្មនុញ្ញរបស់លោកបានអនុម័តអោយមានការបោះឆ្នោតប្រធានាធិបតី​ ដែលគេហៅថា ការបោះឆ្នោតមុនអាណត្តិនៅខែមេសា ឆ្នាំ ២០១៨នេះ។  

សភាធម្មនុញ្ញប្រកាសថា ការបោះឆ្នោតត្រូវធ្វើឡើងនៅចុងខែមេសា ដោយអះអាងថា ជាភស្តុតាងមួយដើម្បីបង្ហាញពីការដឹកនាំបែបប្រជាធិបតេយ្យ។

លោកម៉ាដូរ៉ូ បានកាន់តំណែងនៅឆ្នាំ២០១៣ ដោយជំនួសលោក ហុង ហ្គោឆាវេហ្ស ដែលទទួលមរណភាពដោយសារជំងឺមហារីក។  លោកបាននិយាយថា លោកចង់ឈរជាបេក្ខជនប្រសិនបើគណបក្សសង្គមនិយមរបស់លោកតែងតាំងលោកជាថ្មីម្ដងទៀត។

ប្រទេសវេណេហ្សូអេឡាបានធ្លាក់ចូលក្នុងអស្ថិរភាពនយោបាយរយៈពេលជិតមួយឆ្នាំមកហើយបន្ទាប់ពីលោកម៉ាដូរ៉ូរំលាយសភាដែលគណបក្សប្រឆាំងកាន់កាប់។

លោកម៉ាដូរ៉ូចាត់តាំងអោយមានការបោះឆ្នោតសភា ដើម្បីកែប្រែរដ្ឋធម្មនុញ្ញសំដៅពង្រឹងអំណាចរបស់លោក។ ដោយសាររឿងនេះ បក្សប្រឆាំងផ្ទុះការតវ៉ាទូទាំងប្រទេសដែលនាំអោយអាជ្ញាធររបស់បក្សកាន់អំណាច ចាប់សកម្មជនបក្សប្រឆាំងរាប់សិននាក់ដាក់ពន្ធនាគារ។ ដោយសាររឿងនេះ សហរដ្ឋអាមេរិកសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើប្រទេសនេះ ដោយបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីកាន់អំណាចមួយចំនួន។

មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួន លោកបានសរសេរនៅលើ Twitter របស់លោកថា លោកម៉ាដូរ៉ូប្រកាសការបោះ ឆ្នោតដ៏ប្រញាប់គឺជាយុទ្ធសាស្ត្របង្ខំឱ្យបក្សប្រឆាំងមានការលំបាកក្នុងធ្វើសេចក្ដីសម្រេចចិត្ត ថាតើត្រូវចូលរួមឬអត់បើមានពេលដ៏ខ្លីដូចនេះ។

សូមរម្លឹកថា​ ការចរចានយោបាយ រវាងបក្សកាន់អំណាច និងបក្សប្រឆាំងនៃប្រទេស វេណេហ្សូអេឡា បានចាប់ផ្ដើមជួបគ្នា ចំនួន ៣លើកមកហើយ ដោយការច​រចានេះធ្វើឡើងនៅ ប្រទេសជិត​ខាង គឺសាធារណរដ្ឋ ដូមីនិកាំង។ បក្សកាន់អំណាចបានដាក់លក្ខខណ្ឌអោយបក្សប្រឆាំង ជួយស្នើកុំអោយមានការដាក់ទណ្ឌកម្ម ពីសហគមន៍អន្តរជាតិ តែបក្សប្រឆាំងទាមទារឱ្យការដោះលែងអ្នកទោស នយោបាយ និង បើកចំហសេរីភាពនយោបាយឡើងវិញ៕

 

 

Share

Image
Image
Image