en     km
en     km

សម្ដេច ហ៊ុន សែន ៖ អ្នកនយោបាយប្រឆាំង ១១៨រូប មិនត្រូវបានគាបសង្កត់សិទ្ធិជាពលរដ្ឋទេ

Share

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន នៅថ្ងៃពុធទី២០ធ្នូនេះ បានអះអាងថា មន្រ្ដីជាន់ខ្ពស់គណបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ) ចំនួន ១១៨រូប ដែលត្រូវបានតុលាការកំពូលបិទសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំអាចត្រឡប់មករួមរស់ជាមួយគ្រួសារវិញបាននៅកម្ពុជា។

ប្រសាសន៍របស់នាយករដ្ឋមន្រ្ដីដូចនេះធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជាមិនមែនជាចំណាត់ខ្មាំងរបស់ក្រុមអ្នកនយោបាយប្រឆាំងដែលរត់ចោលស្រុកនោះទេ​ ដែលត្រង់នេះសម្ដេចបានលើកឡើងអំពីមន្រ្ដីជាន់ខ្ពស់ ១១៨រូបរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានហាមឃាត់ធ្វើនយោបាយតាមសាលក្រមរបស់តុលាការកំពូល។

សម្ដេចហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា​ ក្នុងចំណោមអ្នកនយោបាយទាំងអស់នោះ គឺមានអ្នកខ្លះបានវិលចូលប្រទេសវិញ ដោយសារតែការរស់នៅក្រៅប្រទេសពុំមានលក្ខណៈងាយស្រួលជាងក្នុងប្រទេសខ្លួនឯងនោះទេ។

ករណីនេះ ប្រមុខរដ្ឋាភិបាលបានអះអាងថា គ្មានការឃាឃាំង ឬក៏បិទសិទ្ធិរបស់អ្នកនយោបាយទាំងនោះមករស់នៅក្នុងប្រទេសខ្លួនវិញនោះទេ គឺអាចរស់នៅដូចពលរដ្ឋធម្មតា ដែរ។ តែយ៉ាងនេះក្ដី សម្ដេច​នាយករដ្ឋមន្រ្ដីមិនបានអះអាងថា ក្រុមអ្នកនយោបាយទាំងនោះអាចធ្វើសកម្មភាពនយោបាយឡើងវិញ  បានដោយរបៀបណានោះទេ។

ជាមួយគ្នានេះ សម្ដេចក៏បានប្រតិកម្មនឹងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលមិនទទួលយកគំនិតរបស់លោកក្នុងការបង្កើតគណបក្សថ្មី។ ត្រង់នេះសម្ដេចឌឺដងអោយវិញថា បើអ្នកឯងមិនបង្កើតបក្សថ្មី គឺជាសិទ្ធិរបស់អ្នកឯង(មិនមែនមុខអ្នកឯង ដូចម៉ែអញទេ ) ៕

Share

ព័ត៌មានទាក់ទង