ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ការយល់ដឹងពីបញ្ហាសុខភាពដល់ស្ត្រីកំពុងបម្រើការងារក្នុងសេវាកម្សាន្ត ដែលងាយប្រឈមនឹងបញ្ហាសុខភាព មានដូចជាជំងឺអេដស៍ និងកាមរោគ អង្គការ KHANA បានបង្កើតគម្រោងមួយឈ្មោះថា Mobile Link សម្រាប់ផ្តល់ព័ត៌មានសុខភាពទៅកាន់ស្ត្រីគោលដៅទាំងនោះ។ ចង់ដឹងថាតើ Mobile Link ជាអ្វី? ហើយប្រើប្រាស់យ៉ាងដូចម្តេច ?
សូមនាងកញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍ដោយសូរស័ព្ទ រៀបចំចងក្រងដោយលោក ម៉ៅ សំណាង មានខ្លឹមសារដូចតទៅ ៖
Mobile Link ជាឈ្មោះគម្រោងសុខភាពមួយ សម្រាប់ផ្តល់ព័ត៌មានអំពីបញ្ហាសុខភាពទៅកាន់ស្ត្រីគោលដៅ ដែលធ្វើការងារក្នុងសេវាកម្សាន្តតាមបៀហ្គាដិន ក្លឹបកម្សាន្តរាត្រី ខារ៉ាអូខេ និងស្ត្រីប្រកបរបរផ្លូវភេទជាដើម ដែលចាត់ទុក ថាស្ត្រីទាំងនោះកំពុងប្រឈមមុខខ្ពស់នឹងបញ្ហាសុខភាព។ Mobile Link ប្រើប្រាស់សារអប់រំសុខភាពជាសំឡេង និងអក្សរ បញ្ជូនតាមរយៈបច្ចេកវិទ្យាទូរស័ព្ទដៃទៅដល់ក្រុមស្ត្រីគោលដៅ។
” Mobile Link ជាការប្រើប្រាស់បច្ចេកវិទ្យាមួយផ្តល់ការអប់រំ ទាក់ទងនឹងការថែទាំសុខភាព ការការពារជំងឺមួយចំនួន គ្របដណ្តប់មិនត្រឹមតែជំងឺទេ ប៉ុន្តែគ្របដណ្តប់ទៅលើបញ្ហាផ្សេងៗទៀតដែលស្ត្រីក្នុងសេវាកម្សាន្តកំពុងជួបប្រទះ…” ប្រសាសន៍លោកបណ្ឌិត យី ស៊ីយ៉ាន ។
លោកបណ្ឌិត យី ស៊ីយ៉ាន នាយកមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពប្រជាជន នៃអង្គការ KHANA មានប្រសាសន៍ថា Mobile Link ជាគម្រោងមួយក្នុងចំណោមគម្រោងស្រាវជ្រាវសុខភាពរបស់អង្គការខាណា ដែលគម្រោងនេះ ផ្តោតសំខាន់លើសេវាផ្តល់ព័ត៌មានដល់ស្ត្រីក្រុមគោលដៅដែលងាយរងគ្រោះចំពោះបញ្ហាសុខភាព។
លោកបណ្ឌិត យី ស៊ីយ៉ាន ៖ “យើងមានផ្តល់សេវាជាព័ត៌មាន ថាតើគាត់ត្រូវធ្វើម៉េចទទួលបានសុខភាពល្អចៀសវាងពីការឆ្លងជំងឺ ប្រសិនបើគាត់មានជំងឺតើគាត់ត្រូវទៅណា? យើងអាចភ្ជាប់គាត់ជាមួយយើង និងអាចភ្ជាប់ទៅកាន់អ្នកផ្តល់សេវាផ្សេងៗទៀត ! ឧទាហរណ៍ថា គាត់ត្រូវការសេវាធ្វើតេស្តរកមេរោគអេសដ៍នៅទីណា… មានការរើសអើងផ្សេងៗនៅក្នុងសហគមន៍របស់ពួកគាត់ តើត្រូវធ្វើយ៉ាងម៉េច?” ។
នាយកមជ្ឈមណ្ឌលស្រាវជ្រាវសុខភាព នៃអង្គការ KHANA ឱ្យដឹងទៀតថា គោលបំណងបង្កើត Mobile Link ដោយយោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការខាណា រកឃើញថា ស្ត្រីដែលបម្រើការងារនៅក្នុងសេវាកម្សាន្ត ស្ត្រីប្រកបរបរផ្លូវភេទងាយឆ្លងជំងឺកាមរោគ និងមេរោគអេដស៍ខ្ពស់ បើគ្មានការការពារបានត្រឹមត្រូវ ជាពិសេសមិនបានទទួលព័ត៌មានពីសុខភាព ។
“ស្ត្រីមួយចំនួនដែលធ្វើការងារផ្សេងហ្នឹង គាត់មកបម្រើការងារនៅក្នុងសេវាកម្សាន្ត ឧទាហរណ៍ស្ត្រីធ្វើការរោងចក្រ គាត់អាចធ្វើការនៅក្នុងសេវាកម្សាន្ត… ខារ៉ាអូខេ ក្លិបរាត្រី កន្លែងម៉ាស្សា ឬបៀហ្គាដិន ក្លិបរាំជាដើម ក្នុងនោះយើងរាប់បញ្ជូលស្ត្រីដែលបម្រើសេវាចល័ត អាចជាស្ត្រីដែលបម្រើសេវាផ្លូវភេទនៅតាមសួនច្បារ នៅតាមផ្លូវ ជារួមស្ត្រីទាំងអស់ហ្នឹងជាអ្នកប្រឈមនឹងជំងឺខ្ពស់ ហើយមួយចំនួនធំគាត់ប្រកបរបរផ្លូវភេទ អីញ្ចឹងគាត់មានការប្រឈមខ្ពស់”។
Mobile Link នឹងដាក់ឱ្យប្រើប្រាស់នៅដើមខែមេសា ឆ្នាំ២០១៨ ខាងមុខ។ មុននឹងដាក់ឱ្យគម្រោងនេះប្រើប្រាស់ មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពប្រជាជន នៃអង្គការ KHANA បានសិក្សាស្រាវជ្រាវពីបញ្ហាសុខភាពស្ត្រីក្រុមគោលដៅយ៉ាងលម្អិតដើម្បីផលិតសារបញ្ចូនទៅកាន់ស្ត្រីទាំងនោះ ។
និយាយបណ្តើរ ធ្វើកាយវិការពន្យល់បណ្តើរ អ្នកស្រី ញ៉ែម នារីរតន៍ ប្រធានគម្រោងបង្ការថែទាំមេរោគអេដស៍ ជំងឺអេដស៏ដល់ស្ត្រីសេវាកម្សាន្ត ឬហៅថា Smart Girls ប្រចាំខែពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ បាននិយាយថា ស្រី្ដដែលធ្វើការនៅក្នុងសេវាកម្សាន្តនាពេល បច្ចុប្បន្នកំពុងប្រឈមមុខខ្ពស់ចំពោះបញ្ហាសុខភាព។ អ្នកស្រីបានបន្តថា ស្ត្រីធ្វើការនៅក្នុងសេវាកម្សាន្តមានការយល់ ដឹងតិចតួចបំផុតចំពោះការថែទាំសុខភាពផ្ទាល់ខ្លួន ព្រមទាំងមានភាពខ្មាស់អៀនក្នុងការស្វែងរកសេវាសុខភាព។
” យើងសង្កេតឃើញថា ក្រុមស្ត្រីដែលធ្វើការក្នុងសេវាកម្សាន្តនៅតែជួបប្រទះបញ្ហា ទីមួយស្ត្រីយើងការយល់ដឹងនៅមានកម្រិត ទីពីរស្ត្រីនៅខ្វះការយល់ដឹងទាក់ទងនឹងការទទួលសេវាព្យាបាលផ្នែកសុខភាព ជាពិសេសអ្នកដែលរស់នៅជាមួយមេរោគអេដស៍ អត់ទាន់ហ៊ានចេញនឹងទទួលការព្យាបាល ! ហើយបន្ទាប់មកទៀត បញ្ហាអនាម័យបឋមខ្លួនប្រាណស្ត្រី ពួកគាត់នៅខ្វះច្រើនណាស់” ។
តំណាងសម្របសម្រួលក្រុមស្ត្រី Smart Girls រូបនេះបន្តរៀបរាប់ទៀតថា បើគម្រោង Mobile Link មានវត្តមានឡើង នោះនឹងជួយដល់ស្ត្រីដែលកំពុងធ្វើការក្នុងសេវាកម្សាន្តបានយ៉ាងច្រើន ជាពិេសសនឹងជួយផ្តល់ព័ត៌មានដល់ស្ត្រីដែលបម្រើសេវាកម្សាន្តលាក់មុខ ដើម្បីឱ្យពួកគេទទួលបានសេវាសុខភាពទាន់ពេលវេលា។ “កាលណាបានផ្តល់សារតាមបច្ចេកវិទ្យាទំនើប ដូចជាតាមទូរស័ព្ទជាសំឡេង និងសារជាអក្សរ… ខ្ញុំគិតថាជួយដល់ពួកគាត់ឱ្យគិតគួរពីសុខភាពបានទាន់ពេលវេលា”។
ហេង ជានារីដែលធ្វើការក្នុងសេវាកម្សាន្តនាពេលរាត្រីនៅខេត្តបានដំបង បាននិយាយថា ស្ត្រីដែលធ្វើការនៅក្នុងសេវាកម្សាន្តភាគច្រើដែលកញ្ញាដឹង ភាគច្រើនមានការយល់ដឹងពីបញ្ហាសុខភាព និងវិធីការពារមិនឱ្យមានជំងឺឆ្លងផ្សេងៗ ប៉ុន្តែស្ត្រីមួយចំនួននៅតែពិបាកស្វែងរកសេវាថែទាំសុខភាព ដោយសារភាពខ្មាស់អៀង និងពិបាកស្វែងរកព័ត៌មាន។
អត់សូវមានអ្នកដាស់តឿនអារម្មណ៍គាត់ ប្រហែលពួកគាត់អត់សូវទៅទេ ! ព្រោះគាត់គិតថាជំងឺរបស់គាត់អត់ទាន់មានរោគសញ្ញា ឬក៏អត់ទាន់មានអាការៈឈឺចុកចាប់ គាត់អត់គិតថាវាធ្ងន់ធ្ងរ អាចពន្យាយូរទៅៗអាចដល់ដំណាក់កាលធ្ងន់ធ្ងរបាន”។
មិនខុសពីការយល់ឃើញរបស់ ហេង ខាងលើ យ៉ានុត ជាស្ត្រីដែលកំពុងបម្រើការងារក្នុងសេវាកម្សាន្តនៅខេត្តបាត់ ដំបងដែរ បាននិយាយថា ស្ត្រីបម្រើសេវាកម្សាន្តយល់ដឹងព័ត៌មានពាក់ព័ន្ធនឹងបញ្ហាសុខភាពបន្តពូជ បានតិចតួច ដូចជាការការពារខ្លួនកុំឱ្យឆ្លងមេរោគជំងឺកាមរោគ និងមេរោគអេដស៍ ។ ប៉ុន្តែទន្ទឹមគ្នានេះ រូបគេនៅត្រូវការព័ត៌មានបន្ថែម ដើម្បីការពារសុខភាពឱ្យកាន់តែប្រសើរ។
យ៉ានុត ៖ “គាត់បង្កើតក្រុមការងារមួយ ធ្វើឱ្យស្ត្រីទូទៅ ស្ត្រីទូទាំងប្រទេសដឹងឮអីញ្ចឹង ខ្ញុំគិតថាវាល្អណាស់ ! ពិបាករកព័ត៌មាន ខ្ញុំគិតថាពិបាកណាស់កន្លងទៅ ត្រង់ថាយើងអត់ដឹងថា ពេលដែលយើងប្រឈមនឹងរោគជំងឺអ្វីមួយអីញ្ចឹង អត់ដឹងទៅទទួលព័ត៌មានមកពីណា អត់មានអ្នកពន្យល់ពីដំបូងមក… យើងអត់ភ័យទេ ពេលប្រឈមមុខយើងចេះដោះស្រាយបាន…”។
នៅក្នុងការិយាល័យអង្គការនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តបាត់ដំបង លោក ប៊ុត លីម មន្ត្រីសម្របសម្រួលគម្រោងរបស់អង្គការ បាននិយាយថា ស្ត្រីដែលធ្វើការក្នុងសេវាកម្សាន្តនៅខេត្តបាត់ដំបង មានពី២០% ទៅ ៣០% តែប៉ុណ្ណោះ ដែលមានការយល់ដឹងពីបញ្ហាសុខភាព ដោយភាគច្រើនពុំទាន់មានចំណេះដឹងពីបញ្ហាសុខភាពឡើយ។ លោកថា ភាគច្រើនស្ត្រីធ្វើការក្នុងសេវាកម្សាន្តលាក់មុខពិបាកស្វែងរកព័ត៌មាន។
“ជាបទពិសោធន៍ក៏ដូចជាការងារដែលធ្វើកន្លងមក យើងសង្កេតឃើញថា ស្ត្រីមួយចំនួននៅខេត្តបាត់ដំបង ប្រហែលជា ២០% ទៅ ៣០% តែប៉ុណ្ណោះ ដែលគាត់ទទួលបានព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពពេញលេញ ! មូលហេតុដែលនាំឱ្យគាត់មិនអាចទទួលព័ត៌មាន គឺពួកគាត់ខ្លាចបែបការសម្ងាត់របស់ពួកគាត់… អ្នកខ្លះគេចពីក្រុមការងារយើង មួយចំនួនទៀតមានភាពខ្មាស់អៀន…” លោក ប៊ុត លីម មន្ត្រីសម្របសម្រួលគម្រោង របស់អង្គការនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តបាត់ដំបង ។
មន្ត្រីគម្រោងអង្គការជួយសុខភាពស្ត្រីរូបនេះ បានលើកឡើងថា គម្រោង Mobile Link របស់អង្គការខានណា នឹងជួយឱ្យស្ត្រីដែលធ្វើការក្នុងសេវាកម្សាន្តនៅខេត្តបាត់ដំបង បានទទួលព័ត៌មានសុខភាព និងស្វែងរកសេវាថែទាំសុខភាព បានទាន់ពេលវេលា។
គម្រោង Mobile Link របស់អង្គការខាណា មានរយៈពេលបីឆ្នាំ ចាប់ផ្តើមសិក្សាស្រាវជ្រាវដោយមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពប្រជាជន នៃអង្គការនេះ ចាប់តាំងពីខេមេសា ក្នុងឆ្នាំ២០១៧ នេះ រហូតដល់ឆ្នាំ ២០២០ខាងមុខ ក្រោមការជួយឧបត្ថម្ភថវិកាដោយមូលនីធិថវិកាប្រាំភាគរយរបស់រដ្ឋាភិបាលបារាំង ដែលបានយកចេញពីមូលនីធិសកល ជួយដល់ការសិក្សាស្រាវជ្រាវបញ្ហាសុខភាពសាធារណៈនៅកម្ពុជា៕
អត្ថបទ ម៉ៅ សំណាង