ភ្នំពេញ ៖ កម្មការិនី រោងចក្រកាត់ដេរមួយចំនួនបង្ហាញអារម្មណ៍មិនពេញចិត្ដជាខ្លាំង ករណីដែលគ្រូពេទ្យបញ្ចេញសកម្មភាពហាក់មិនអើពើលើពួកគេ ខណៈបង្ហាញកាត ប.ស.ស។ សហជីពសំណូមពរដល់រាជរដ្ឋាភិបាលចុះពិនិត្យដោយផ្ទាល់លើករណីនេះ។
ប.ស.ស ដែលមានឈ្មោះពេញថា បេឡាជាតិរបបសន្ដិសុខសង្គម គឺជាស្ថាប័នចំណុះឲ្យក្រសួងការងារដែលធ្វើការងារសម្រាប់ជនទាំងឡាយណាដែលស្ថិតក្រោមបទប្បញ្ញត្ដិ នៃច្បាប់ស្ដីពីការងារមានដូចជាគ្រោះថ្នាក់ការងារ និងផ្នែកថែទាំសុខភាព។
មានកម្មករ កម្មការិនី កម្ពុជារាប់ម៉ឺននាក់បានប្រើសេវា បេឡាជាតិរបបសន្ដិសុខសង្គម ដើម្បីធានារ៉ាប់រងលើសុវត្ថិភាពការងារ និងការថែទាំសុខភាពរបស់ពួកគេ។ ក៏ប៉ុន្ដែកម្មការិនី មួយចំនួនបានត្អូញត្អែ ពីការទៅប្រើសេវាជាតិមួយនេះហាក់មិនទទួលបានការយកចិត្ដទុកដាក់គ្រប់គ្រាន់។
កញ្ញា ផែន ស៊ីនួន កម្មការិនីរោងកាត់ដេរមួយកន្លែងនៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុស្ដ្រីអេហ្វអឹម១០២ កាលពីថ្ងៃទី០៤ ខែតុលា ថា កញ្ញាត្រេកអរដែលមានសេវា បេឡាជាតិរបបសន្ដិសុខសង្គម សម្រាប់កម្មករ កម្មការិនី ក្រីក្រដូចជារូបនាង ក៏ប៉ុន្ដែការពិតគឺមិនដូចក្ដីរំពឹងរបស់នាងឡើយ។ កញ្ញា ស៊ីនួន មានជំងឺត្រចៀកនាងបានទៅព្យាបាលនៅមន្ទីរពេទ្យជាដៃគូ របស់ បេឡាជាតិរបបសន្ដិសុខសង្គម ក៏ប៉ុន្ដែការផ្ដល់បឹក្សានិងការព្យាបាលមិនបានល្អប្រសើរទេ ត្រចៀករបស់នាងបែរជាមិនបាត់ហើយកាន់តែឈឺថែមទៀត។ កញ្ញា ផែន ស៊ីនួន ៖«ដូចថ្ងៃមុនត្រចៀកខ្ញុំឈឺអញ្ចឹង ខ្ញុំទៅពេទ្យ ដល់ពេលទៅអញ្ចឹង គាត់ឆ្លុះមើលទៅ ពេទ្យថា ខ្ញុំរលាកត្រចៀក ដល់ខ្ញុំរលាកត្រចៀកអញ្ចឹង ពេទ្យឲ្យថ្នាំមក តែលេបទៅមិនបាច់បែរជាហើមធំជាងហ្នឹង ហើយខ្ញុំទៅពេទ្យម្ដងទៀតម៉ោង ៥ ពេទ្យឈប់ធ្វើការ»។
ដោយសារតែ ស៊ីនួន ជាកម្មករនាងមិនមានលទ្ធិភាពដើម្បីទៅរកពេទ្យឯកជនក្នុងការព្យាបាលជំងឺនោះទេ ដូច្នេះនាងសំណូមពរឲ្យមានការយកចិត្ដទុកដាក់លើកម្មការិនីក្រីក្រដូចជារូបនាងផង។
ដូចគ្នាដែរអ្នកស្រី ស៊ីថា កម្មការិនីនៅរោងចក្រកាត់ដេរមួយរូបទៀតស្ថិតនៅខេត្កកណ្ដាលបានឲ្យដឹងថា អ្នកស្រីមានអារម្មណ៍ថា មិនពេញសកម្មភាពរបស់គ្រូពេទ្យជាខ្លាំង ខណៈអ្នកស្រីបានទៅព្យាបាលជំងឺ ហើយក្រុមគ្រួពេទ្យដូចជារើសអើងលើអ្នកស្រី ស្របពេលដែលបង្ហាញកាត របស់របបបេឡាជាតិរបបសន្ដិសុខសង្គម។ អ្នកស្រី ស៊ីថា ៖«ខ្ញុំក៏មិនសប្បាយចិត្ដដែរ បងក្រោយពេទៅដល់ពេទ្យ គេឲ្យខ្ញុំសម្រាកមួយយប់ រហូតអស់សេរ៉ូម ខ្ញុំមានអារម្មណ៍អត់មានគ្រូពេទ្យណាទៅអើពើយើងទេ ទោះបីគេដើរចុះមើលអ្នកជំងឺ ក៏មើលគេអ្នកផ្សេងៗ ក្រោយពេលគេសួរថា យើងអ្នកជំងឺខាងណា យើងប្រាប់ថា បសស គឺគេព្រលែងចោល ដើរទៅគ្រែមួយទៀត»។
លើសពីនេះ ក្រោយពេលដែលទទួលការព្យាបាលក្រុមគ្រួពេទ្យមួយចំនួនបែរជាប្រើពាក្យសម្ដីសំដៅដល់ការចង់ប្រាក់កាក់ ពីអ្នកជំងឺដែលប្រើសេវាបេឡាជាតិរបបសន្ដិសុខសង្គមថែមទៀត។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យបេឡាជាតិរបបសន្ដិសុខសង្គមលោក ជាវ ប៊ុនរិទ្ធ មានប្រសាសន៍ថា ក្នុងករណីដែលកម្មករ កម្មការិនីជួបប្រទះបញ្ហាទាំងនេះ លោកស្នើឲ្យទួរស័ព្ទទៅកាន់លេខ ១២៨៦ របស់ ប.ស.ស ដើម្បីធ្វើការសម្របសម្រួល។ លោក ជាវ ប៊ុនរិទ្ធ៖«ទាំងនិយោជក ម្ចាស់គ្រឹះស្ថាន រដ្ឋបាលរោងចក្រហ្នឹង គាត់មាន លេខទួរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ របស់ ប.ស.ស. ហើយ អញ្ចឹងគាត់អាចទាក់ទងមកលេខ ១២៨៦ ហ្នឹង ព្រោះយើងមានក្រុមការងាររហូតដល់ ជិត ២០នាក់ ដើម្បីទទួលទួរស័ព្ទពីកម្មករហ្នឹង ដើម្បីសម្របសម្រួល »។
ជានិច្ចជាកាល រាល់ពេលមានការរិះគន់ពីក្រុមកម្មករ កម្មការិនី ជុំវិញការបម្រើសេវាសាធារណៈ ឬក៏សេវាផ្សេងៗ របស់រដ្ឋ តែងតែមានការចោទប្រកាន់ក្រុមកម្មករ កម្មការិនី ទាំងអស់នោះ ថាក្រុមប្រឆាំង។ ជុំវិញរឿងនេះ ប្រធានហជីពស៊ីខាវឌួ សំណូមពរដល់រាជរដ្ឋាភិបាល គួរតែចុះមកត្រួតពិនិត្យការបម្រើសេវារបស់ខ្លួនដោយផ្ទាល់ ជាជាងការចោទប្រកាន់លើកម្មករ កម្មការិនី និងតំណាងសហជីពដែលតវ៉ាថា ជាក្រុមប្រឆាំង។
លោក បុន វណ្ណ ប្រធានសហជីពស៊ីខៅឌួ ចង់ឲ្យរដ្ឋាភិបាលផ្ដល់ការយកចិត្ដទុកដាក់លើកម្មករ កម្មការិនី ឲ្យបានច្រើនជាងសព្វថ្ងៃ ហើយព្យាយាមស្ដាប់ពីក្ដីកង្វល់ និងការចង់បានរបស់ពួកគេ។ លោក បុន វណ្ណ យល់ឃើញថា ប្រសិនបើមានការសហការល្អ ពីក្រុមគ្រូពេទ្យមើលថែ កម្មករ ម្មការិនី បានល្អប្រសើរវាគឺជាមុខមាត់របស់រាជរដ្ឋាភិបាលកម្ពុជា ហើយវានឹងធ្វើឲ្យមានប្រិយជាប្រិយ៍ភាពសម្រាប់ការដឹកនាំថែមទៀត។ លោក បុន វណ្ណ៖«ខ្ញុំចង់ឲ្យរដ្ឋាភិបាល ឬមួយក្រសួងពាក់ព័ន្ធហ្នឹង ព្យាយាមតាមមាត់របស់កម្មករ មិនមែនគាត់ចេះតែថា ល្អទេ គាត់ព្យាយាមស្ដាប់កម្មករ តើគាត់មានរអ៊ូ រទាំ កន្លែងណា រអ៊ូ រទាំ ពេលទៅពេទ្យគេមិនព្យាបាលគាត់ ឬមួយអីអញ្ចឹង មិនមែនធ្វើតាមខ្ញុំទេ សំខាន់ធ្វើតាមកម្មករជាក់ស្ដែង»។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បង្ហាញថា ចាប់តាំងពីឆ្នាំ២០១២ រហូដល់បច្ចុប្បន្ន កម្មការិនិកាត់ដេរ ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំៗ បានដួលសន្លប់ក្នុងពេលបំពេញការងារ។ តាមរបាយការណ៍ដដែលនៅពាក់កណ្ដាលឆ្នាំ២០១៧នេះ មានកម្មការិនីរោងចក្រយ៉ាងតិចចំនួន ០៣នាក់បានស្លាប់បាត់បង់ជីវិតខណៈកំពុងបំពេញការងារ។
វិស័យវាយនភណ្ឌ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា ក្នុងចំណោមវិស័យអាទិភាពជាច្រើនទៀត ដែលមានដូចជា វិស័យទេសចរណ៍ និងវិស័យស្រូវ អង្ករ។ វិស័យវាយនភណ្ឌ បានផ្ដល់ការងារដល់ពលរដ្ឋខ្មែរប្រមាណជាង ៧០ម៉ឺននាក់ ខណៈមានជាង ៨០ភាគរយសុទ្ធសឹងតែជាស្ដ្រី៕