ភ្នំពេញ៖ឈ្មួញកណ្តាលដើរទិញអាចគោម៍ស្ងួតពីក្រុមប្រជាកសិកររស់នៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីលក់បន្តទៅឲ្យឈ្មួញវៀតណាមសម្រាប់ផលិតជីធម្មជាតិ។ អ្នកជំនាញកសិកម្មណែនាំឲ្យប្រជាពលរដ្ឋគួររក្សាទុកអាចម៍គោសម្រាប់ធ្វើជាជីប្រើប្រាស់ដាក់ផលដំណាំស្រូវនិងបន្លែបង្កា។
ជារៀងរាល់ព្រឹកប្រជាកសិកររស់នៅក្នុងស្រុកពាមជរ ខេត្តស្វាយរៀង បានប្រមូលអាចគោម៍ស្រស់ពីក្នុងក្រោល ដើម្បីហាលឲ្យស្ងួតសម្រាប់លក់ទៅឲ្យវៀតណាមតាមច្រកព្រំដែនអន្តរជាតិបាវិត។ កសិករម្នាក់រស់នៅក្នុងស្រុកពាមជរ ឈ្មោះ លាភ សុភាព បានឲ្យដឹងថា ឈ្មួញកណ្តាលជាជនជាតិខ្មែរបានជិះគោយន្តដើរទិញអាចម៍គោពីអ្នកស្រុកជារៀងរាល់ថ្ងៃ ដើម្បីលក់បន្តនៅវៀតណាម។
អ្នកស្ត្រី លាភ សុភាព បញ្ជាក់ថា អាចគោម៍ស្ងួតមួយបាវទំនង់ប្រមាណ ៣០គីឡូក្រាមលក់ក្នុងតម្លៃ ៣០០០រៀល ហើយជាមធ្យមអ្នកស្រីអាចរកប្រាក់ចំណូលបាន ២០ម៉ឺនរៀង ឬស្មើនិង ៥០ដុល្លារក្នុងមួយខែ។
យ៉ាងណាស្ត្រីវ័យ ៤៧ឆ្នាំរូបនេះ បានពន្យល់ថា មូលហេតុដែលអ្នកស្រីប្រមូលយកអាចម៍គោលលក់ឲ្យឈ្មួញវៀតណាមដូចនេះ ពីព្រោះតែអ្នកស្រី សង្កេតឃើញថា ក្រោយពេលអ្នកស្រីយកអាចម៍គោទៅដាក់លើ ដំណាំស្រូវ គឺស្រូវលូតលាស់ល្អ តែដើមនិងស្លឹក ក៏ប៉ុន្ដែគ្មានផ្លែ ដូច្នេះទើបអ្នកស្រីគិតថា ប្រមូលយកអាចម៍គោលក់ចេញ ហើយទិញជីគីមីមកប្រើជំនួសវិញ។ «ស្រូវស្រុកខ្ញុំធ្វើមិនត្រូវដាក់អាចម៍គោវាល្អជ្រុលកើតរោគ ក្រាស៊ីស្លឹក វាល្អពេកស្រូវឡើងតែស្លឹក អត់មានផ្លែ»។
តែយ៉ាងណាមិនមែនមានតែស្ដ្រីម្នាក់នេះទេ ដែលធ្វើដូចនេះ សូម្បីតែអ្នកស្រីឡេង យ៉ង ជាពលរដ្ឋរស់នៅក្នុងស្រុកពាមជរនេះក៏បានប្រមូលអាចម៍គោយកទៅលក់ឲ្យឈ្មួញវៀតណាមដែរ ដោយអ្នកស្រីអះអាងថា ការប្រើជីគីមីគឺមានភាពងាយស្រួលនិងធ្វើឲ្យផលដំណាំផ្ដល់ទិន្នផលខ្ពស់។ ជាងនេះអ្នកស្រីបញ្ជាក់ ពលរដ្ឋភាគច្រើនដែលរស់នៅក្នុងស្រុកពាមជរ នេះគឺនិយមប្រើជីគីមីស្ទើគ្រប់គ្នា។
«នៅខាងនិងគេអត់ប្រើជីធម្មជាតិ ប្រើទៅដំណាំដុះវាអត់ល្អ ដាក់ទៅវាក្រហមៗស្រូវ។គេប្រើជីគីមីទិញពីស្រុកយួន»។
តែអ្នកជំនាញខាងវិស័យកសិកម្ម មិនគាំទ្រទេ ចំពោះការប្រមូលអាចម៍គោធម្មជាតិលក់ចេញ ហើយទិញជីគីមី យកមកប្រើប្រាស់សម្រាប់ផលដំណាំដូចនេះ។ អ្នកជំនាញ ចង់ឲ្យប្រជាពលរដ្ឋ គួររក្សាទុកអាចម៍គោសម្រាប់ធ្វើជីដាក់ដំណាំស្រូវនិងបន្លែបង្ការវិញ ទើបជាការប្រសើរ ព្រោះជីធម្មជាតិមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ដី បន្លែ និងសុខភាពមនុស្ស។
លោក សម ពិទូ ប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជាអង្គការហៅថា CEDAC បានពន្យល់ថាអាចម៍គោមានសារធាតុអាស៊ូត ច្រើន ដើម្បីជួយឲ្យដំណាំលូតលាស់ល្អ និងធ្វើឲ្យដីធូល្អ។ លោក សម ពិទូ ណែនាំឲ្យប្រជាពលរដ្ឋគួររក្សាអាចម៍គោទុក ធ្វើជាជីកំប៉ុស ដើម្បីប្រើប្រាស់សម្រាប់ដំណាំស្រូវនិងបន្លែផ្សេងៗ ហើយកសិករពុំគួរប្រើប្រាស់ជីគីមីទេ។
«ជាទូទៅកសិករដែលគាត់ប្រើអាចម៍គោសុទ្ធក៏វាមិនសូវល្អដែរ យល់ល្អគាត់ត្រូវដាក់អាចម៍គោជាមួយកាក់សំណល់ផ្សេង មានសំរាមចេញទៅជាជីកំប៉ុស ហើយយកទៅបាច់ស្រែគាត់អាហ្នឹងបានល្អ ព្រោះវាមានសារធាតុផ្សេងទៀត ដើម្បីផ្តល់ដល់ដំណាំនេះ»។
លោក សម ពិទូ ប្រធានអង្គការសេដាកថាការប្រើប្រាស់ជីគីមីធ្វើឲ្យប៉ះពាល់ដលគុណភាពដីនិងចំណាយថវិកាច្រើនជាងប្រើជីធ្វើពីលាមកគោ៕