ភ្នំពេញ៖ ម្ចាស់កាសែតខេមបូឌាដេលី លោកស្រី Deborah Krisher Steel តាមរយៈលិខិតរបស់ខ្លួននៅថ្ងៃទី៩ កញ្ញា បានទទូចដល់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន អន្តរាគមន៍ឱ្យព្រឹត្តិបត្តិរបស់ខ្លួនអាចដំណើរកាលឡើងវិញបាន។

លិខិតរបស់លោកស្រី Deborah Krisher Steel ពីទីក្រុងតូក្យូប្រទេសជប៉ុនផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនថា សម្តេចនាយករដ្ឋ ពិតជាអាចដោះស្រាយបញ្ហារវាងព្រឹត្តិបត្រខេមបូខាដេលី ជាមួយ នឹងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឱ្យព្រឹត្តិបត្រពីរភាសារឌឹខេមបូឌាដេលី អាចដំណើរការជាថ្មីឡើងវិញ។ ដើម្បីជួយបុគ្គលខ្មែរចំនួន៤៥នាក់មានការងារធ្វើ និងបុគ្គលអង្គការ world Assistance for Cambodia and Japan Relief for Cambodia ជាង១០០នាក់ មិនប្រឈមនឹងការបាត់បង់ការងារ។
កាលពីថ្ងៃទី៤ សីហាកន្លងទៅ រដ្ឋាភិបាលបានចេញព័ត៌មានមួយថា ស្ថាប័នកាសែតឌឹ ខេមប៉ូឌាដេលី បានជំពាក់ពន្ធរដ្ឋាភិបាល រយៈពេល១០ឆ្នាំ សរុបជាថវិកាចំនួន២ម៉ឺនលានរៀល ឬស្មើនឹង៦.៣លានដុល្លាអាមេរិក និងត្រូវពន្ធឲ្យបានមុនថ្ងៃទី៤កញ្ញា។
បន្ទាប់ពីមានឱសានវាទនេះ ឌឹខេមបូខាដេលី បានបញ្ឈប់បោះពុម្ពផ្សាយកាសែតរបស់ខ្លួននិងប្រកាសបិទស្ថាប័នចាប់ពីទី៤ ខែកញ្ញារហូតមក។
លោកស្រី Deborah Krisher Steel បានបញ្ជាក់ថា ឪពុករបស់លោកស្រី គឺលោក Bornard Krisher បានសុំទទួលខុសត្រូវទាំងស្រុងទៅលើព្រឹត្តិបត្រឌឹខេមបូឌាដេលី ពីឆ្នាំ១៩៩៣ រហូតដល់ខែមេសា ឆ្នាំ២០១៧។
លោកស្រីអះអាងថា«ខ្ញុំ និងឪពុករបស់ខ្ញុំមិនមានបំណងគេចវេសពីការទទួលខុសត្រូវចំពោះច្បាប់ពន្ធដារ និងច្បាប់នានារបស់ព្រះរាជាណាចក្រកម្ពុជាឡើយ»។
លោកស្រី Deborah Krisher Steel សរសេរថាបន្តថា«ខ្ញុំពិតជាសោកស្តាយ ដែលមានការអត្ថាធិប្បាយជាច្រើនពីមជ្ឈដ្ឋានក្នុង និងក្រៅប្រទេស បានចាត់ទុកការបិទព្រឹត្តិបត្រឌឹខេមបូឌាដេលីភ្ជាប់ទៅនឹងរឿងនយោបាយ ហើយបានចោទរដ្ឋាភិបាលថាព្យាយាមបិទសិទ្ធិសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។»លោកស្រីបានអះអាងថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា មិនអាក្រក់ដូចការលើកឡើងរបស់គេឡើយ៕