ភ្នំពេញ៖ លោក ម៉ៅ មុនីវណ្ណ មន្ដ្រីនៃគណបក្សសង្គ្រោះជាតិនៅថ្ងៃទី០៧ មីនា នេះបានបដិសេធការធ្វើអត្ថាធិប្បាយឆ្លើយតបនឹងប្រសាសន៍សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលអះអាង លោក ម៉ៅ មុន្នីវណ្ណ គឺជាអ្នកលួចផ្ដល់ព័ត៌មានទៅសម្ដេចថា លោក សម រង្ស៊ី បាននិយាយថា កូនប្រុសច្បងសម្ដេចជាកូនមេដឹកនាំវៀតណាម ឡេដឹកថូ។
លោក ម៉ៅ មុន្នីវណ្ណ ជាអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នៅមណ្ឌលកំពង់ចាម មានប្រសាសន៍ថា អ្វីដែលមានការលើកឡើងថា លោកជាគិញសម្ងាត់ លួចផ្ដល់ព័ត៌មានឱ្យសម្ដេច ហ៊ុន សែន ទាក់ទងនឹងការចោទលោក សម រង្ស៊ី និយាយបរិហារកេរ្តិ៍គ្រួសារ របស់នាយករដ្ឋមន្ត្រី គឺជាបញ្ហាមួយ ដែលទុកឲ្យសាធារណជន ជាអ្នកវិនិច្ឆយ។
លោកថា លោកសុំមិនធ្វើការឆ្លើយតបការឆ្លើយដាក់របស់សម្ដេច នាយករដ្ឋមន្ត្រីនោះទេ។ លោក ម៉ៅ មុន្នីវណ្ណ៖«ត្រង់ចំណុចហ្នឹងខ្ញុំសុំមិន ខមេន ទេ ទុកឲ្យប្រជាពលរដ្ឋលោកវាយតម្លៃទៅ វាតម្លៃទៅលើ WhatsApp ដែលគាត់បញ្ចេញហ្នឹងទៅ អ្នកបច្ចេកទេសគេដឹងហើយ»។
កាលពីថ្ងៃចន្ទ ទី៧ មីនា នៅពិធីចែកសញ្ញាប័ត្រដល់និស្សិត សម្ដេច ហ៊ុនសែន បានព្រលយថា អ្វីដែលលោកបានដឹងពីការវាយប្រហារលោកដោយ លោក សម រង្ស៊ី គឺលោក ម៉ៅ មុន្នីវណ្ណ ជាអ្នកលួយផ្ដល់ឲ្យ។ សម្ដេចថា បើដឹងហើយគឺលោក ម៉ៅ មុន្នីវណ្ណ មិនអាចបដិសេធឡើយ។
សម្ដេច ហ៊ុន សែន៖«ខ្លឹមសារ ម៉ៅ មុន្នីវណ្ណ ចង្អុលចំឈ្មោះ ម៉ៅ មុន្នីវណ្ណ ឲ្យ ម៉ៅ មុន្នីវណ្ណ ចេញមកបដិសេធ បើ ម៉ៅ មុន្នី ហ៊ាន ខ្ញុំនឹងបញ្ចេញសារទាំងអស់ឆ្លងឆ្លើយរវាងខ្ញុំនិង ម៉ៅ មុន្នីវណ្ណ»។
ការប្រលយព័ត៌មានរបស់សម្ដេច ហ៊ុន សែន បន្ទាប់ពី លោក ម៉ៅ មុន្នីវណ្ណ បានសរសេរលើ ទំព័រហ្វេសបុករបស់លោកថា ៖«ទាំងការបែកធ្លាយព័ត៌មាននៅលើគេហទំព័រ Freshnews និងហ្វេសប៊ុកឈ្មោះ សីហា ខ្ញុំ ម៉ៅ មុនីវណ្ណ សូមបដិសេធចោលទាំងស្រុង នូវពត៌មានបែកធ្លាយ ចេញពី Fresh News និង Facebook សីហា គឺជាពត៌មានប្រឌិតឡើង ហើយមានចរិកបំបែកបំបាក់សុទ្ធសាធ»។
ទាក់ទិនការបែកធ្លាយខ្សែអាត់សំឡេង ដែលសម្ដេច ហ៊ុន សែន បង្គាប់ឱ្យលោក កឹម សុខា វាយប្រហារលោក សម រង្ស៊ី ឋានៈជាប្រធានបក្សសង្គ្រោះជាតិត្រូវបានបក្សប្រឆាំងនេះ ចេញសេចក្ដីថ្លែងការណ៍បកស្រាយដោយចាត់ទុក ជាការញុះញង់បំបែកបំបាក់ ហើយអំពាវនាវឲ្យអ្នកគាំទ្របក្សនេះកុំយល់ច្រឡំថា ជារឿងពិត៕