ភ្នំពេញ ៖ បន្ទាប់ពីលោក កឹម សុខា ត្រូវបានអង្គសមាជបោះឆ្នោតឱ្យធ្វើជាប្រធានគណបក្សសង្គ្រោះជាតិជំនួស លោក សម រង្ស៊ី រួមមកនៅថ្ងៃនេះ សម្តេច ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតជូនពរនិង អបអរសាទរលោក កឹម សុខា។
លោក កឹម សុខា ធ្លាប់កាន់តំណែងជាប្រធានក្រុមសភាសំឡេងភាគតិច ឋានៈស្មើនាយករដ្ឋមន្ត្រីបានមិនដល់មួយខែនោះទេ ក៏តំណែងនេះ ត្រូវបានរំលាយវិញតាម ការស្នើសុំរបស់សម្ដេចដោយសុំឱ្យសមាជិកសភាបក្សប្រជាជន លុបចោលមុខតំណែង នេះដោយសារតែសម្ដេចខឹង អតីតប្រធានស្ដីទីបក្សសង្គ្រោះជាតិរូបនេះថា បោកសម្ដេច ហើយជាដៃគូដែលសម្ដេចថាមិនស្មោះត្រង់។
នៅព្រឹកថ្ងៃទី០២ មិនានេះ លោក កឹម សុខា ត្រូវបានឡើងកាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិជាផ្លូវការ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជវិសាមញ្ញ ខណៈមន្ត្រីជាន់ខ្ពស់ ៣រូបទៀតរួមមាន លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវបានសមាជបោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានគណបក្សប្រឆាំង៕