ស្រីលង្កា ៖កាលពីថ្ងៃសៅរ៍ទី០៧ ម្សិលមិញ ប៉ូលីសស្រីលង្កាបានបើកការបង្ក្រាបដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹកលើកក្រុមបាតុកររាប់រយនាក់ ដើម្បីបំបែកសកម្មភាពគប់ដុំថ្មតវ៉ាប្រឆាំងនឹងគម្រោងវិនិយោគមួយ ដែលជាគម្រោងរបស់ប្រទេសចិន។
ក្រុមអ្នកតវ៉ាបាននិយាយថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា សេរីសេនា(Maithripala Sirisena) កំពុងព្យាយាមបណ្តេញប្រជាជនរាប់ពាន់គ្រួសារ ដើម្បីកាត់យកដីប្រមាណ ៦០៧០ ហិកតា ផ្តល់ឱ្យគម្រោងវិនិយោគរបស់ចិនធ្វើជាតំបន់ឧស្សាហកម្ម។
តំបន់អភិវឌ្ឍន៍នេះ គឺស្ថិតនៅភាគខាងត្បូងនៃស្រុក ហាំបានតូតា(Hambantota) ដែលចិនបានសាងសង់កំពង់ផែ និងព្រលានយន្តហោះ ក្នុងទំហំទឹកប្រាក់ប្រមាណ ១,៥ ពាន់លានដុល្លារលាន។ ជាផ្នែកមួយនៃមហិច្ឆតារបស់លោកប្រធានាធិបតី Sirisena លោកចង់បង្កើនទឹកប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិកទៅក្នុងគម្រោងអភិវឌ្ឍនេះ ដើម្បីស្តារសេដ្ឋកិច្ចប្រទេស។
យ៉ាងណារដ្ឋាភិបាលបានបដិសេធការអះអាងរបស់ក្រុមបាតុករ និងបាននិយាយថា ការតវ៉ានេះគឺមានការជំរុញពីគណបក្សប្រឆាំងរបស់អតីតប្រធានាធិបតី ម៉ាហិដា រ៉ាចាប៉ាក់សា(Mahinda Rajapaksa) ដែលនេះជាមហិច្ឆតានយោបាយមួយ។
លោក Rajapaksa ដែលកំពុងព្យាយាមធ្វើឱ្យនយោបាយវិលត្រលប់ក្រោយ បានរិះគន់ផែនការនេះជាសាធារណៈថា គម្រោងនេះនឹងធ្វើឱ្យមានការដកហូតដីកសិកម្មពីប្រជាពលរដ្ឋ។
ក្នុងពិធីបើកនៃតំបន់វិនិយោគកាលពីថ្ងៃសៅរ៍ម្សិលមិញឯកអគ្គរដ្ឋទូតចិន លោក យ៉ី សៀនឡាង(Yi Xianlang និយាយថា ៖ នេះគឺជាឱកាសសម្រាប់ប្រទេសចិនក្នុងការជួយប្រទេសផ្សេងទៀតដែលត្រូវការការវិនិយោគ»។ «គ្មានកម្លាំងណាអាចបញ្ឈប់កិច្ចសហប្រតិបត្តិការរវាង ចិន និងស្រីលង្កាបានឡើយ»។
លោក សៀនឡាង បន្តថា តំបន់វិនិយោគនេះនឹងក្លាយជាគម្រោងសេដ្ឋកិច្ចសំខាន់បំផុតរបស់រដ្ឋាភិបាលស្រីលង្កា ហើយប្រសិនបើអ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងល្អ នោះប្រទេសចិននឹងវិនិយោគទឹកប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិកបន្ថែមក្នុងរយៈពេលបីទៅប្រាំឆ្នាំបន្ទាប់ទៀត ហើយថាការវិនិយោគនេះនឹងបង្កើតការងារដល់ពលរដ្ឋចំនួន ១ សែននាក់ផងដែរ។
រដ្ឋាភិបាលលោក Sirisena បានពិភាក្សារួចហើយនៅដំណាក់កាលចុងក្រោយជាមួយក្រុមហ៊ុនឈ្មួញកំពង់ផែ Holdings Ltd របស់ចិន ដើម្បីធ្វើការអភិវឌ្ឍកំពង់ផែចិនដែលបានសាងសង់។ រដ្ឋាភិបាលស្រីលង្កា បានផ្តល់ឱ្យពួកគេនូវភាគហ៊ុនចំនួន ៨០ ភាគរយនៅក្នុងកិច្ចសន្យារយៈពេល ៩៩ ឆ្នាំ លើទំហំទឹកប្រាក់ ១,១២ ពាន់លានដុល្លារអាមេរិក។
ចំណាប់អារម្មណ៍របស់ចិននៅកំពង់ផែនេះ អាចឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ខ្លួនក្នុងការកសាង "ផ្លូវជំនួញសូត្រសមុទ្រ" ដែលសម្បូរដោយប្រេង កាតនៅមជ្ឈឹមខាងកើត និងតទៅកាន់អឺរ៉ុបផងដែរ។
កំពង់ផែនេះត្រូវបានសាងសង់ឡើងដោយមានជំនួយជាប្រាក់កម្ចី និងអ្នកម៉ៅការរបស់ចិនក្នុងឆ្នាំ ២០១០ដែលកាលណ្ណោះគឺក្រោមរដ្ឋបាលលោក Rajapaksa ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ បន្ទាប់ពីការបញ្ចប់សង្គ្រាមដែលបានអូសបន្លាយប្រមាណ២៦ ឆ្នាំមកហើយនោះ៕ប្រភព៖CNA