ភ្នំពេញ ៖ អតីតពលរដ្ឋបុរីកីឡាប្រមាណ ៤០ គ្រួសារ នៅថ្ងៃទី០៣ មករា នេះ បានមកជួបជុំគ្នានិងសម្រុកឡើងទៅរស់នៅលើអាគារបុរីកីឡាចាស់វិញ ដោយអះអាងថា នឹងមិនត្រឡប់ទៅរស់នៅភ្នំបាតវិញ។ ពួកគាត់ថា ការរស់នៅទីនោះ ពលរដ្ឋរងទុក្ខវេទនាខ្លាំងណាស់ ហើយចាប់ តាំងពីឆ្នាំ២០១២មក ពលរដ្ឋ ១៣ នាក់បានស្លាប់ដោយសារខ្វះអាហារទទួលទាន។
កត្តាដែលបង្កឱ្យមានភាពស្មុកស្មាញ និងកើតហេតុការណ៍តវ៉ាជាបន្តបន្ទាប់ដូនេះ ក៏ព្រោះតែភាគីក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យារបស់ខ្លួន ដែលសន្យាសង់អគារជូនពលរដ្ឋចំនួន ១០ អាគារ តែជាក់ស្តែងបានតែ ៨អាគារតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនឱ្យស្នាក់នៅឡើយ។
អ្នកស្រី ខៀវ ឡៃ តំណាងពលរដ្ឋលើកឡើងថា ពលពួកគាត់១៤០ គ្រួសារនឹងលើកគ្នាមករស់នៅតំបន់បុរីកីឡាថែមទៀត។ អ្នកស្រីបន្តថា ការដែលពលរដ្ឋសម្រេចមករស់នៅបុរីកីឡាវិញនេះ ក៏ព្រោះតែពលរដ្ឋមិនអាចទ្រាំរស់នៅជើងភ្នំបាត បានទៀតទេ ។ តាមការបញ្ជាក់របស់អ្នកស្រី ខៀវ ឡៃ គឺទីនោះមិនមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ គ្មានមន្ទីរពេទ្យ គ្មានអគ្គីសនី គ្មានដីស្រែចំការសម្រាប់បង្កបង្កើនផល ចំណែកសាលារៀន និងប្រភពទឹកក៏នៅឆ្ងាយថែមទៀត។
អ្នកស្រីឱ្យដឹងទៀតថា មកដល់ពេលនេះពលរដ្ឋអតីតបុរីកីឡាដែលរស់នៅភ្នំបាត បានស្លាប់ ១៣ នាក់ហើយដោយកង្វះអាហារបរិភោគ។ អ្នកស្រី ខៀវ ឡៃ៖«ខ្ញុំស្តាប់បានហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមិនឱ្យពលរដ្ឋណាស្លាប់ដោយអត់បាយ តែឥឡូវនេះពួកខ្ញុំ ១៣ នាក់ហើយស្លាប់ដោយអត់បាយ អត់មានលុយមើល ជំងឺអត់មានលុយជិះកង់បីទៅព្យាលជំងឺ សូមរដ្ឋាភិបាលដែលឃើញហើយ លឺហើយសូមជួយដោះ ស្រាយសំណងបន្ថែមផង ខ្ញុំគ្មានចង់បានអ្វីទៀតទេគឺចង់បានសំណងបន្ថែមតេប៉ុណ្ណោះ»។
តែយ៉ាងណា ក្តីសង្ឃឹមនេះ បានរលាយសាបសូន្យវិញក្នុងពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ បន្ទាប់ពីសមត្ថកិច្ច ខណ្ឌ ៧ មករា បានលើកគ្នាមកបណ្តាញពលរដ្ឋពីលើអាគារនោះវិញ ដោយបានទាញយកសម្ភារៈរបស់របបរបស់ពលរដ្ឋចេញពីលើអាគារ។ អាជ្ញាធរអះអាង ថា ពលរដ្ឋមករស់នៅលើអាគារនេះគឺគ្មានការអនុញ្ញាត ហើយសកម្មបែបនេះជាទង្វើខុសច្បាប់។
ចៅសង្កាត់រូបនេះ និយាយថាការទាមទាររស់នៅលើអាគារក្នុងតំបន់បុរីកីឡានេះ គឺមិនអាចទៅរួចននោះទេ ព្រោះប្រជាពលរដ្ឋ បានយល់ព្រមទទួលសំណងជាថ្នូរនឹងការព្រមចាកចេញរួមហើយ។ អ្នកស្រី កែវ សាកល៖«ចង់និយាយថា កាលយើងទៅភ្នំបាតគេឱ្យយើងទៅ យើងស្ម័គ្រចិត្តទៅហើយ ហើយឥឡូវនេះយើងមកចិត្តឯង ដូច្នេះវាប៉ះពាល់ដល់អាជ្ញាធរ។ ចាសប្រសិនជាយើងចង់ស្នើសូមទៅសាលារាជធានីអីវា ត្រឹមត្រូវជាង តែបើយើងមកអញ្ចឹងវាមិនត្រឹមត្រូវទេ»។
អ្នកស្រី តឹង វិច្ឆិកាម្នាក់ក្នុងចំណោមពលរដ្ឋទាំងនោះ និយាយថា ពលរដ្ឋនឹងទាំរស់នៅតាមសំយាបផ្ទះពលរដ្ឋក្នុងតំបន់បុរីកីឡានេះ។ តែជាមួយគ្នានេះអ្នកស្រីអះអាងថា ពលរដ្ឋនឹងត្រឡប់ទៅរស់នៅភ្នំបាតវិញប្រសិនមានសំណងបន្ថែម។ អ្នកស្រី តឹង វិច្ឆិកា៖«ប្រសិនទៅនៅភូមិអណ្តូងខ្ញុំទារ ៥ពាន់ដុល្លារ បើនៅភូមិភ្នំបាតវិញខ្ញុំទារ ១ម៉ឺនដុល្លារ ដូច្នេះក្រុមហ៊ុនត្រូវដោះស្រាយជាបន្ទន់ បើអញ្ចឹងពួកខ្ញុំនឹងធ្វើតង់នៅទីនេះជាបន្តបន្ទាប់គ្នាឱ្យគ្រប់១៤០គ្រួសារ»។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូដែលឈរមើលសកម្មភាពរបស់ពលរដ្ឋ បាន លើកឡើងថា តាមគោលការណ៍នៃការអភិវឌ្ឍ គឺត្រូវតែធ្វើយ៉ាងណាឱ្យពលរដ្ឋមានភាពរីកចំរើន តែប្រសិនពលរដ្ឋជួបបញ្ហាលំបាកពីការអភិវឌ្ឍ នោះរដ្ឋាភិបាល និង ក្រុមហ៊ុនត្រូវទទួលខុសត្រូវជួយដោះស្រាយ។ លោក អំ សំអាត៖«គោលការណ៍នៃការអភិវឌ្ឍន៍ គឺគេអភិវឌ្ឍន៍ដើម្បីឱ្យរីកចំរើនប្រទេសជាតិ តែកត្តាអភិវឌ្ឍធំបំផុតនោះគឺអភិវឌ្ឍឱ្យជីវភាពរស់នៅរបស់ពលរដ្ឋមានភាពល្អប្រសើរ គេមិនមែនអភិវឌ្ឍដើម្បីឱ្យប្រជាពលរដ្ឋកាន់តែក្រីក្រនោះទេ ហេតុដូច្នេះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍត្រូវពិនិត្យ និងពិចារណាដោះស្រាយជូនពលរដ្ឋ»។
សូមរំលឹកថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំពី២០១២ ពលរដ្ឋរស់នៅតំបន់បុរីកីឡាមួយចំនួនត្រូវអាជ្ញាធរ និងក្រុមហ៊ុន ផានអ៊ីម៉ិច បណ្ដេញចេញពីលំនៅឋានដើម្បីយកទីតាំងធ្វើការអភិវឌ្ឍ។ អតីតអ្នកបុរីកីឡា ចំនួន ១៤០គ្រួសារ ត្រូវបានអាជ្ញាធរបញ្ជូនទៅនៅតំបន់ភ្នំបាត ស្ថិតនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណជាង ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងខ្លះត្រូវយកទៅដាក់នៅឯទួលសំបូរ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕