ភ្នំពេញ ៖ គណបក្សប្រឆាំងរកឃើញថា មានជនបរទេសប្រមាណ ៥០០០នាក់ ដែលភាគច្រើនជាជនជាតិវៀតណាម បានចុះឈ្មោះបោះឆ្នោត។ នេះបើតាមការឱ្យដឹងពី លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ។
តំណាងគណបក្សប្រឆាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានដូចនេះ បន្ទាប់ពីលោកស្រីបានចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅទី ស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោកស្រីបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងត្រៀមប្តឹងទៅ គ.ជ.ប ចំពោះករណីជនជាតិវៀតណាមដែលបានចុះឈ្មោះរួចរាល់ ដើម្បីពិនិត្យថា តើជនជាតិវៀតណាមទាំងនោះ មានអត្តសញ្ញាណប័ណ្ណស្របតាមច្បាប់ ឬក៏អត់។ បើមិនស្របច្បាប់ទេនឹងប្តឹងឱ្យលុបឈ្មោះ។ លោកស្រី ម៉េង សុភារី៖«យើងឃើញថាជនទាំងអស់នោះ គាត់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរប៉ុន្តែយើងសង្កេតឃើញថាអត្តសញ្ញាណប័ណ្ណរបស់គាត់ហ្នឹងថាតើគាត់បានមកដោយត្រឹមត្រូវស្របច្បាប់ដោយសញ្ញាតូបនីយកម្មដែលមានព្រះរាជក្រិត្យត្រឹមដែរឬមួយក៏អត់ ប៉ុន្តែយើងឃើញថាភាគច្រើនភ្នាក់ ងារគណបក្សនយោបាយដែលគាត់សង្កេតការ គឺគាត់នៅក្នុងមូលដ្ឋាននឹងស្រាប់ដូច្នេះហើយគាត់អាចដឹងថាតើពលរដ្ឋហ្នឹងមានសញ្ញាតិខ្មែរ ពិត ប្រាកដឬអត់ គាត់អាចដឹង។»
លោក ហ៊ីង ធីឬទ្ធិ សមាជិក គ.ជ.ប បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោត ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធក្នុងបញ្ជីបោះឆ្នោតដំបូងដែល គ.ជ.ប បានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ដើម្បីប្រាកដថា ឈ្មោះរបស់ខ្លួនពិតជាមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត និងមានទិន្នន័យត្រឹមត្រូវ។ បើមិនត្រឹមត្រូវ ត្រូវដាក់ពាក្យបណ្តឹងតវ៉ាអំពីការបាត់ឈ្មោះ ឬមានខុសទិន្នន័យដោយប្រការណាមួយ។ ម្យ៉ាងទៀតប្រជាពលរដ្ឋទាំងអស់ ក៏មានសិទ្ធិប្តឹងជំទាស់ទៅលើជនទាំងឡាយណាដែលមានលក្ខខណ្ឌត្រឹមត្រូវទៅតាមផ្លូវច្បាប់ បែរជាមាន ឈ្មោះដំបូងទៅវិញផងដែរ។
គ.ជ.ប បានទុករយៈពេល១០ថ្ងៃជនណាកើតទុក្ខមិនសុខចិត្តទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ប្តឹងទៅសាលាឃុំ សង្កាត់ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីដែល គ.ជ.ប បានបិទផ្សាយនៅតាមសាសាឃុំ សង្កាត់។ រយៈពេលចុងក្រោយនៃថ្ងៃបញ្ចប់ការប្តឹងតវ៉ា ឬ ប្តឹងជំទាស់ គឺនៅថ្ងៃទី១៤ ខែកមរា ឆ្នាំ២០១៧។
ការចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះធ្វើឡើងតាមប្រព័ន្ធថ្មី គឺទិន្នកុំព្យូទ័រ ។ ការចុះបោះឆ្នោត ដោយផ្ដិតស្នាមមេដៃ មានពលរដ្ឋចុះឈ្មោះបានជិត ៨ លាននាក់ ៕