ភ្នំពេញ៖ ប្រជាពលរដ្ឋតំណាងប្រមាណជាង ៤០០ គ្រួសារដែលរស់នៅលើផ្លូវរថភ្លើងជាប់របងវត្ត ទួលសង្កែ សង្កាត់ទួលសង្កែ ខ័ណ្ឌទួលគោក ក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ២៣ ខែ ធ្នូ នេះ បានប្រមូលផ្ដុំគ្នាតវ៉ាទាមទារឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយផលប៉ះពាល់ផ្ទះពលរដ្ឋ ដែលអាចរងការខូចខាតពីគម្រោងធ្វើផ្លូវបេតុងតាមបណ្ដោយផ្លូវរថភ្លើងនេះ។ ករណីនេះ សាលារាជធានីភ្នំពេញអះអាងថា អាជ្ញាធរមានក្រុមការងារដើម្បីដោះស្រាយជាមួយពលរដ្ឋដែលរងផលប៉ះពាល់រួចហើយ តែសង្គមស៊ីវិលដែលធ្វើការងារលើសិទ្ធិដីធ្លី ទទូចឲ្យសាលារាជធានីភ្នំពេញធ្វើការប្រកបដោយតម្លាភាព និងច្បាស់លាស់ជាមួយពលរដ្ឋមុនពេលចាប់ផ្ដើមអនុវត្ដន៍គម្រោង។ លោក លៀ ស៊ីណា រាយការណ៍៖
នេះជាសម្រែកទាមទាររបស់តំណាងប្រជាពលរដ្ឋដែលតវ៉ាសុំឲ្យសាលារាជធានីភ្នំពេញ ចេញមុខបកស្រាយឲ្យបានច្បាស់លាស់ជុំវិញគម្រោងសាងសង់ផ្លូវបេតុងតាមបណ្ដោយផ្លូវរថភ្លើងនៅចំណុចគីឡូម៉ែត្រលេខ ៦ ដល់ផ្លូវលេខ ៧០។ បុរសវ័យចំណាស់ម្នាក់តំណាងពលរដ្ឋបានថ្លែងថា កាលពីឆ្នាំ ២០១១ ពលរដ្ឋធ្លាប់រងគ្រោះដោយសារការកាត់ដីម្ដងរួចមកហើយ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយសមរម្យនៅឡើយនោះទេ។ ចំណែកករណីសាងសងផ្លូវបេតុងនេះ ពលរដ្ឋទាមទារឲ្យសាលារាជធានីភ្នំពេញត្រូវដោះស្រាយសំណងជាមួយពលរដ្ឋជាមុនសិន មុននឹងចាប់ផ្ដើមបើកដំណើការការដ្ឋានសាងសង់ផ្លូវ។
តំណាងពលរដ្ឋ៖«កាលពីលើកមុនប្រជាពលរដ្ឋភ័យមួយសារហើយពីការកាត់ផ្ទះ ៣ ម៉ែត្រ កន្លះ ប្រជាពលរដ្ឋមិនទទួលបានសំណងសមរម្យគ្មានសុច្ចរិតភាពគ្មានលក្ខណតម្លាភាពប៉ុន្ដែដោះស្រាយសំណងមានលក្ខណមិនត្រឹមត្រូវ តាំងពី២០១១ រហូតមកដល់ពេលនេះដោះស្រាយមិនទាន់ចប់សួរថាពលរដ្ឋទទួលយកបានអត់គឺមិនបានទេ»។
ចំណែកស្ដ្រីជាពលរដ្ឋមួយរូបទៀត ដែលចូលរួមតវ៉ា ថ្លែងថា អ្នកស្រីមកចូលរួមការតវ៉ានេះមិនមែនមកប្រឆាំងការអភិវឌ្ឍនោះទេ ក៏ប៉ុន្ដែអ្នកស្រីមកនេះគឺដើម្បីទទួលបានចម្លើយច្បាស់លាស់ពីសាលារាជធានីភ្នំពេញពីការផ្ដល់សំណង តើនឹងផ្ដល់សំណងជូនអ្នកក្រីក្រនៅក្បែរផ្លូវរថភ្លើងយ៉ាងណា។ អ្នកស្រីសង្កត់ធ្ងន់ទៀតថា មុនពេលអភិវឌ្ឍសាលារាជធានីភ្នំពេញត្រូវតែរកដំណោះស្រាយរួម ឲ្យពលរដ្ឋទាំងអស់ជាមុនសិន បើមិនដូច្នេះអ្នកស្រីក៏ដូចជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងគឺមិនព្រមជាដាច់ខាត។
ស្ដ្រីរងផលប៉ះពាល់ ៖«នាងខ្ញុំគាំទ្រនឹងធ្វើផ្លូវប៉ុន្ដែប្រជាពលរដ្ឋដែលរងគ្រោះមិនទាន់មានដំណោះស្រាយទេ បែរជាសាលាក្រុងទៅសម្ពោធការដ្ឋានដោយគ្មានការឯកភាពពីប្រជាពលរដ្ឋរងគ្រោះឡើយ នេះហើយដែលប្រជាពលរដ្ឋមិនពេញចិត្ដ»។
ដូចគ្នាដែរស្ដ្រីម្នាក់ទៀតក្នុងចំណោមស្ដ្រីអ្នកតវ៉ាផ្សេងទៀតបានថ្លែងថា ក្រុមអ្នកស្រីមិនចង់ក្លាយជាក្រុមស្ដ្រីបឹងកក់ និងនឹងក្រុមស្ដ្រីបុរីកីឡា ដែលត្រូវរងគ្រោះពីការអភិវឌ្ឍគ្មានតម្លាភាពនោះទេ។ ស្ដ្រីរូបនេះបន្ដទៀតថា គ្មានអ្នកណាប្រឆាំងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនឡើយ ក៏ប៉ុន្ដែរដ្ឋអំណាចមិនត្រូវប្រឹងអភិវឌ្ឍលើទឹកភ្នែកប្រជាពលរដ្ឋក្រីក្រនោះទេ។ ស្ដ្រីដដែលនេះក៏ទទូចផងដែរដល់សាលារាជធានីភ្នំពេញត្រូវតែបង្ហាញប្លង់នៃគម្រោងអភិវឌ្ឍន៍ផ្លូវឲ្យពលរដ្ឋបានដឹង ហើយត្រូវតែបញ្ជាក់ថា នឹងជួយពលរដ្ឋយ៉ាងដូចម៉េចប្រសិនបើការអភិវឌ្ឍប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់។
ស្ដ្រីតវ៉ា៖«ដូច្នេះឯកឧត្ដមត្រូវតែបង្ហាញប្លង់ថាប្រជាពលរដ្ឋរស់នៅដោយរបៀបណា គម្រោងអភិវឌ្ឍន៍ផ្លូវរបៀបណាត្រូវតែបង្ហាញពីតម្លាភាពមិនមែនលាក់បាំងព័ត៌មាននោះទេ ពលរដ្ឋមានការភ័យខ្លាចណាស់ខ្លាចដូចអ្នកបឹងកក់ និងបូរីឡា យើងមិនចង់ឲ្យមានវប្បធម៌ដដែលៗនោះទេ»។
ជាការឆ្លើយតបអភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា ចំពោះពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនៃការអភិវឌ្ឍផ្លូវរថភ្លើងនៅពេលនេះ គឺសាលារាជធានីភ្នំពេញបានបង្កើតឲ្យមានគណៈកម្មាការដើម្បីដោះស្រាយជាមួយពលរដ្ឋរួចរាល់ហើយ។ ករណីនេះអភិបាលរងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ស្នើសុំឲ្យពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់សូមធ្វើការជាមួយគណៈកម្មាការ របស់សាលារាជធានីចំពោះរឿងនេះ សូមកុំធ្វើការជាមួយមនុស្សតែពីរបីនាក់។
បន្ថែមពីនេះលោក មាន ចាន់យ៉ាដា ក៏សង្កត់ធ្ងន់ផងដែរថា សូមឲ្យប្រជាពលរដ្ឋសហការជាមួយសាលារាជធានីភ្នំពេញគិតគូពីបញ្ហាប្រយោជន៍រួមនិងយូអង្វែងជាធំ។
លោក មាន ចាន់យ៉ាដា៖«ដូចខ្ញុំជម្រាបចឹងកុំធ្វើតាមរយៈមនុស្សពីរ បីនាក់ គេមានក្រុមការងារដើម្បីធ្វើការផ្ទាល់ជាមួយពួកគាត់ហើយគណៈកម្មាការ ដោះស្រាយផលប៉ះពាល់ អញ្ចឹងសូមធ្វើការជាមួយគណៈកម្មាការដោះស្រាយផលប៉ះពាលរបស់សាលារាជធានី នោះគេនឹងដោះស្រាយជូនពួកគាត់ហើយ សូមពួកគាត់កុំបារម្ភពេក»។
យ៉ាងណាជុំវិញគម្រោងសាងសង់ផ្លូវបេតុងតាមបណ្ដោយផ្លូវរថភ្លើង ដែលស្ថិតនៅគីឡូមែត្រលេខ ៦ ដល់ផ្លូវលេខ ៧០នេះ សាលារាជធានីភ្នំពេញបានអះអាងថា មុនពេលសាងសង់គឺសាលារាជធានី បានសិក្សាពីផលប៉ះពាល់និងសិក្សាពីយុទ្ធសាស្ដ្រយូអង្វែង។
ការកើតទុក្ខមិនសុខចិត្ដរបស់ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងនេះដែរ អង្គការសង្គមស៊ីវិលដែលធ្វើការងារលើសិទ្ធិលំនៅឋាននៅកម្ពុជាយល់ថា ព្រោះតែមានរូបភាពនៃអ្នកតវ៉ារឿងដីធ្លីកើតមានមិនឈប់មិនឈរទើបធ្វើឲ្យប្រជាពលរដ្ឋដែលមានការបារម្ភដូចនេះ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋានមានប្រសាសន៍ថា លោកសាទរចំពោះគម្រោងនៃការសាងសង់ផ្លូវថ្មីលើផ្លូវដែកដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។ លោកបន្ដទៀថា ក្នុងនាមជាមន្ដ្រីសាធារណៈបំរើរាស្ដ្រគឺត្រូវតែធ្វើការឈរលើតួនាទីប្រកបដោយភាពអព្យាក្រិត និងគិតប្រយោជន៍រាស្ដ្រជាធំ។
ករណីនេះលោកសង្កត់ធ្ងន់ថា បើអាជ្ញាធររដ្ឋធ្វើការណាមួយដែលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនាំឲ្យពលរដ្ឋយំស្រែក ជួបទុក្ខវេទនានោះគឺប្រៀបបាននិងការប្រឆាំងជាមួយប្រសាសន៍សម្ដេច ហ៊ុន សែន ដែលធ្លាប់ដាស់តឿនមន្ដ្រីក្រោមឱវាទថាត្រូវតែដុះក្អែល និងឆ្លុះកញ្ចក់ឲ្យបានច្បាស់ដើម្បីកុំឲ្យពលរដ្ឋមានការថ្នាំងថ្នាក់បន្ដទៀត។
លោក សៀ ភារម្យ៖«ក្នុងនាមយើងជាអាជ្ញាធររដ្ឋដែលទទួលប្រាក់ខែពីប្រជាពលរដ្ឋយើងត្រូវតែដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយប្រសិនបើយើងមានកាតព្វកិច្ចផ្ដល់សេវាកម្មជួនរដ្ឋហើយយើងមិនអាចដោះស្រាយក្ដីកង្វល់ ឬក្ដីកង្វល់របស់គាត់បានទេបានន័យថាយើងធ្វើការប្រាស់ចាកពីតួនាទីហើយ»។
យ៉ាងណាក៏ដោយលោក សៀ ភារម្យ យល់ថា សាលារាជធានីភ្នំពេញគួរយកគំរូតាមលោក ជា សុផារ៉ា ដែលធ្លាប់ដោះស្រាយបញ្ហានៅតំបន់បូឌីងបានយ៉ាងល្អប្រសើរ គ្មានការស្រែកយំឬតវ៉ាពីប្រជាពលរដ្ឋព្រោះការដោះស្រាយនោះប្រកបដោយតម្លាភាព ធ្វើឲ្យប្រជាពលរដ្ឋយល់ និងជឿជាក់។
សូមជម្រាបថាកន្លងមកលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗទៅនេះ ធ្លាប់មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាបណ្តើរៗ តាមផ្លូវជាតិលេខ៥ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមស្ថាបនាផ្លូវបេតុងឆ្អឹងដែក តាមផ្លូវរថភ្លើងដែលចាស់ទ្រុឌទ្រោម មិនដំណើរការ ចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល និងជួយដោះស្រាយបញ្ហាគ្រោះអគ្គីភ័យ និងបញ្ហាផ្សេងៗទៀតផងដែរ។ បើតាមការឲ្យដឹងគម្រោងសាងសង់ផ្លូវនេះគឺត្រូវបែងចែកជាពីរ ដំណាក់កាល។ ដំណាក់កាលទី១ ផ្លូវតាមគន្លងផ្លូវរថភ្លើងដោយចាក់បេតុងអាមេ កម្រាស់ ២០សង់ទីម៉ែត្រ ទទឹង ៧ម៉ែត្រភ្លោះ និងស្ថាបនាសួនកណ្តាលទំហំ ២,៥ម៉ែត្រ ប្រវែង៤.៥១០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៧០ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ហើយនៅដំណាក់កាលទី២ នឹងពង្រីកទទឹងរហូតដល់ ២២ម៉ែត្រ ដែលចំណាយពេលវេលា សាងសង់ផ្លូវចំនួន ៥ខែ ៕