ភ្នំពេញ៖ ប្រជាពលរដ្ឋមានគ្នាប្រមាណជាង ២០នាក់តំណាងឲ្យប្រជាពលរដ្ឋចំនួន ៣១គ្រួសារ មកពីខេត្ដកោះកុង នៅព្រឹកថ្ងៃ ចន្ទ ទី ១៩ ធ្នូ នេះបាននាំគ្នាឡើងមកដាក់ញត្ដិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង និងខុទ្ទកាល័យសម្ដេច ហ៊ុន សែន ដើម្បីសុំឲ្យជួយរកដំណោះស្រាយជុំវិញបញ្ហាដីធ្លីដែលពួកគាត់កំពុងរងទុក្ខបុកម្នេញ។
លោក ឆាយ ប៊ុនថា បានឲ្យវិទ្យុស្ដ្រីដឹងថា ពលរដ្ឋមានទំនាស់ដីធ្លីមកពីខេត្ដកោះកុងទាំងអស់បានទៅដល់ក្រសួងដែនដី កាលពីព្រឹកមិញប៉ុន្ដែត្រូវបានមន្ដ្រីក្នុងក្រសួងប្រាប់ថា មន្ដ្រីដែលទទួលបន្ទុកប្រចាំខេត្ដកោះកុងជាប់បេសកម្មទៅខេត្ដ សៀមរាប ដោយបានស្នើឲ្យក្រុមពលរដ្ឋរង់ចាំមកម្ដងទៀតនៅថ្ងៃ ព្រហស្បតិ៍ ទី ២២ ធ្នូ ម្ដងទៀត។ លោក ប៊ុនថា បន្ដថា លោកក៏បានជួបនិយាយជាមួយមន្ដ្រីប្រចាំខេត្ដកោះកុងដែលជាប់បេសកម្មទៅខេត្ដសៀមរាប នោះរួចហើយដែរ ដែលសន្យាថា នឹងជួបពលរដ្ឋមានទំនាស់ដីធ្លីទៅតាមថ្ងៃសន្យា ប៉ុន្ដែមន្ដ្រីរូបនោះស្នើសុំឲ្យមានតែតំណាងពលរដ្ឋតែ ២ ឬ៣ នាក់យកញត្ដិមកបានហើយ។
លោក ឆាយ ប៊ុនថា បញ្ជាក់ថា លោកបានយល់ព្រមជាមួយមន្ដ្រីដែលទទួលបន្ទុកដីធ្លីប្រចាំខេត្ដកោះកុងហើយថា នឹងត្រឡប់មកនៅថ្ងៃ ព្រហស្បតិ៍ ជាថ្មី តែលោកថា នៅថ្ងៃ ចន្ទ ទី ១៩ នេះមុននឹងត្រឡប់ទៅវិញលោក នឹងពលរដ្ឋផ្សេងទៀតត្រូវយកញត្ដិទៅដាក់នៅខុទ្ធកាល័យសម្ដេច ហ៊ុន សែន សិនទើបត្រឡប់ទៅកោះកុងវិញ។ តំណាងពលរដ្ឋរូបនេះសង្កត់ធ្ងន់ថា ប្រសិនបើការព្យាយាមសុំអន្ដរាគមន៍មិនមានដំណោះស្រាយពលរដ្ឋ ដែលមានបញ្ហាដីធ្លីទាំងអស់នឹងបន្ដឡើងមករាជធានីភ្នំពេញតវ៉ា រហូតដល់មានដំណោះស្រាយ។
សូមជម្រាបថា បើតាមការបញ្ជាក់ ទំនាស់ដីធ្លីនេះគឺកើតឡើងរវាងពលរដ្ឋនិងបុគ្គលម្នាក់ឈ្មោះ ទូច ស្រូយ មានទីលំនៅ ស្ថិតនៅ ឃុំរាម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ពលរដ្ឋបានចោទថា បុគ្គលរូបនេះ បានរំលោភយកដីពលរដ្ឋមានទំហំរហូតដល់ ១៥០ហិចតា ដែលនៅលើដីនោះបច្ចុប្បន្នគឺមានដំណាំ ជាច្រើនប្រភេទរួចស្រេចទៅហើយ ប៉ុន្ដែបុគ្គលដែលមានឈ្មោះ ទូច ស្រូយ នោះបានអះអាងថា ដីនោះជាដីរបស់ខ្លួនដែលទុកចោលយូរណាស់មកហើយ។
លោក ឆាយ ប៊ុនថា បានសំណូមដល់រដ្ឋាភិបាល មន្ដ្រីសង្គមស៊ីវិល ឲ្យជួយដល់ពួកគាត់ផងព្រោះពួកគាត់គ្មានលទ្ធភាពទៅតតាំងក្ដីជាមួយអ្នកមានលុយ ដែលមានអ្នកមានបុណ្យសក្ដិនៅពីក្រោយនោះទេ។ យ៉ាងណាក៏ដោយវិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបភ្លាមៗពី លោក ទូច ស្រូយ បានទេជុំរឿងនេះ ដោយគ្មាប្រភពដើម្បីទាក់ទង៕