ភ្នំពេញ៖ តុលាការក្រុងភ្នំពេញបានសម្រេចផ្ដន្ទាទោសលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្ដកំពង់ចាមឲ្យមានទោសរយៈពេល ៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី នាង ខុមចាន់ តារាទី ហៅស្រីមុំ។ នេះបើតាម លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រកាសសាលក្រមផ្តន្ទាទោស លោក លោក ស៊ាង ចែត នៅថ្ងៃទី៥ ខែធ្នូនេះ តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ លោក កោ វណ្ឌី បានប្រកាសសាលក្រមនេះ ចំពោះមុខលោក ស៊ាង ចែត និងមេធាវីការពារក្ដី។
សូមរម្លឹកថាលោក ស៊ាង ចែត ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី គឺអ្នកនាង ខុម ចាន់តារ៉ាទី ដើម្បីកុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច ពាក់ព័ន្ធ រឿងអាស្រូវរបស់នាងជាមួយលោក កឹម សុខា។
លោក ស៊ាង ចែត គឺជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៃគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ក្រោយពីអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំដែលជាក្មួយបង្កើតរបស់លោក បានចោទលោក ថាបានយកប្រាក់ ៥០០ដុល្លារសហរដ្ឋអាមេរិក ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យ ជួយប្រាប់រូបនាង កុំឱ្យនិយាយការពិត ប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងរវាងនាង និងលោក កឹម សុខា ៕