ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្លែងថា គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) គ្មានការដោះដូរនយោបាយ ដើម្បីជាថ្នូរឱ្យលោករួចផុតពីផ្លូវតុលាការឡើយ ដោយលោកបញ្ជាក់ថា សេរីភាពរបស់លោក គឺបានមកពីការឯកភាពជាតិផុសចេញឆន្ទៈរវាងគណបក្សមានអាសនៈក្នុងរដ្ឋសភាទាំងពីរ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងវេទិកាជួបជុំជាមួយយុវជន នៅទីស្នាក់ការកណ្តាលស្ថិតនៅសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី ០៤ ខែ ធ្នូ នេះ ដោយលោកលើកឡើងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើសុំឲ្យព្រះមហាក្សត្រឡាយព្រះហស្ថលើកលែកទោសឲ្យលោក រួចផុតពីវិធានការណ៍របស់តុលាការ ។ លោកថា ប្រការនេះគឺជាឯកភាពជាតិរវាងខែ្មរ និងខ្មែរ ពោលពុំមានការដោះដូរនយោ បាយ ជាថ្នូរទៅនិងសេរីភាពរបស់លោកឡើយ។ លោក គឹម សុខា៖«គឺឯកភាពគ្នាទាំងសង់ខាង(ស៊ីភីភី និង ស៊ីអិនអាភី) ហើយអត់មានលក្ខខណ្ឌ អត់មានដោះដូរទី២ ការដំណោះស្រាយនេះគឺ ដំណោះស្រាយរវាងខ្មែរនិងខ្មែរ ទី៣គឺដំណោះស្រាយនេះ មិនមែនដំណោះស្រាយដោះកឹម សុខាទេ នឹងឈានដោះស្រាយបញ្ហាផ្សេងៗទៀតដែលនៅសេសសល់ជាពិសេសបងប្អូនយើងដែលនៅក្នុងពន្ធនាគារសព្វថ្ងៃដែលយើងនឹងធ្វើឆាប់ៗនេះ»។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្លែងដូចនេះ បន្ទាប់ពីព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលផ្ញើទៅប្រមុខរដ្ឋាភិបាល លោក កឹម សុខា ត្រូវបានលើកលែងទោសជាស្ថាពរ ចាប់ពីថ្ងៃទី ០២ធ្នូ ឆ្នាំ២០១៦នេះ។
លោក ឯម សុវណ្ណរ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ហាក់យល់ស្របដូចលោក កឹម សុខា ដែរ។ តែលោកថា ករណីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងឲ្យមានសេរីភាពនេះ ប្រហែលជាអាចមានសម្ពាធពីអន្តរជាតិច្រើនជាង។ លោក ឯម សុវណ្ណរ៉ា៖«សម្ពាធអន្តរជាតិខ្ញុំគិតថាវាពាក់ព័ន្ធគ្នា ព្រោះកន្លងមកមានការចេញសេចក្តីថ្លែងការណ៍របស់សមាជិកសភារបស់សហគមអ៊ឺរ៉ុបធ្វើអន្តរាគមន៍កិច្ចការផ្ទៃក្នុងឬកិច្ចការរបស់កម្ពុជាឲ្យមានការគោរពនៅសិទ្ធិមនុស្សនូវការគោរពសិទ្ធិមនុស្សជាកត្តាមួយសំខាន់ព្រោះកម្ពុជាត្រូវពឹងផ្អែកទៅលើទីផ្សាអ៊ឺរ៉ុប»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត លោក សូ ចន្ថា បានសាទរចំពោះរដ្ឋាភិបាលករណីស្នើសុំព្រះមហាក្សត្រលើកលែងទោសឲ្យមេបក្សប្រឆាំងរូបនេះ។ លោក ចន្ថា ថា ប្រសិនដូចការអះអាងរបស់លោក កឹម សុខា មែន គួរតែដោះលែងអ្នកទោសនយោបាយផ្សេងទៀត រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និង លោក នី ចរិយា ផងដែរ។ លោក សូ ចន្ថា៖«ខ្ញុំចង់ឃើញមានការដោះលែនអ្នកទោសនយោបាយ អ្នកទោសមសិការទាំងអស់នៅកម្ពុជា រួមទាំងសមាជិកអង្គការNGOផ្សេងៗទៀត ដើម្បីមានការបង្ហាញកាន់តែច្បាស់ថា កម្ពុជាមានឯកភាពជាតិពិតប្រាកដនោះបាទ»។
ត្រង់ចំណុចនេះ លោក កឹម សុខា បានថ្លែងទៀតថា ការឯកភាពជាតិរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង នឹងនាំឲ្យការដោះលែងសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ និងលោក សម រង្ស៊ី ផងដែរ ហើយករណីមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ក៏នឹងអាចដោះស្រាយបានផងដែរ។
ទោះបីយ៉ាងណា លោក ឯម សុវណ្ណរ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ យល់ថា ការដោះលែងប្រធានស្តីទីគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពវិញនេះ គឺជាការបន្ទន់ឥរិយាបថរបស់គណបក្សកាន់អំណាច ដើម្បីងាកទៅរកតុចចារពង្រឹងវប្បធម៌សន្ទនាឡើងវិញ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសបុក កាលពីរសៀលថ្ងៃទី០២ ធ្នូនេះថា ជនដែលត្រូវបានសម្ដេច ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ ដើម្បីព្រះរាជទានទោស ត្រូវតែទទួលស្គាល់នូវគុណធម៌របស់សម្ដេច។ ជាមួយគ្នានេះ លោកថាគេក៏ត្រូវគោរព ច្បាប់ហើយ ចូលរួមជាមួយសម្ដេច ហ៊ុន សែន ដើម្បីកសាងសង្គមខ្មែរថ្លៃថ្នូរ សណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សា សន្តិភាព ដើម្បីជាផលប្រយោជន៍របស់ខ្មែរ។
លោក ផៃ ស៊ីផាន បានសរសេរបន្តថា ការលើកលែង លោក កឹម សុខា តាមសំណើរបស់សម្ដេច ហ៊ុន សែន គឺបង្ហាញអំពី ការពង្រឹងនីតិរដ្ឋ និងកិច្ចប្រឆាំងនឹងនិទណ្ឌភាព គឺគ្មានបុគ្គលណាមួយ ដែលស្ថិតនៅពីលើច្បាប់។ លោកបន្តថា នីតិវិធីរបស់តុលាការ រាល់បុគ្គលត្រូវតែគោរព និងមិនមានសិទ្ធិដាក់សម្ពាធ ឬជ្រៀតជ្រែកបានឡើយ។
ទោះបីបុគ្គលនោះនៅក្នុងតួនាទី នៃតំណែងណាក៏ដោយ។ នីតិវិធីរបស់តុលាការ ត្រូវតែដល់ទីអវសាន្ត នៃដំណើរការយុត្តិធម៌របស់តុលាការ។ សណ្ដាប់ធ្នាប់នយោបាយ គឺមិនត្រូវប្រាសចាកអំពី នីតិរដ្ឋបានឡើយ។ លោកបញ្ជាក់បន្ថែម ករណីនេះក៏បង្ហាញថា គ្មានជនណា ដែលមានឆន្ទា នុសិទ្ធិ ក្រៅពីនាយករដ្ឋមន្ត្រី ក្នុងកិច្ចស្នើសុំ ព្រះរាជទានទោស បន្ទាប់ពីដំណើរការតុលាការត្រូវបានបញ្ចប់ បន្ទាប់ពីជនជាប់ចោទរបស់តុលាការបោះ បង់សិទ្ធិតវ៉ា ទទួលស្គាល់អំពើល្មើសច្បាប់ ។
លោកថា ការប្រើប្រាស់សិទ្ធិរបស់ សម្ដេច ហ៊ុន សែន ក៏បង្ហាញនូវគុណធម៌ និងសីលធម៌ របស់សម្ដេចផ្ទាល់ ក្នុងការអនុគ្រោះដល់ជនជាប់ទោសណាម្នាក់ ដែលជននោះទទួលស្គាល់នូវកំហុស របស់ខ្លួន ដើម្បីជាផល ប្រយោជន៍សីលធម៌នយោបាយ៕