រាល់អ្នកវិនិយោគចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ចាប់ពេលនេះតទៅ ត្រូវផ្តល់ទិដ្ឋការ ក្នុងសុពលភាពរយៈពេល៣ឆ្នាំ ដោយមិនចាំបាច់ត្រូវសុំទិដ្ឋាការ ហើយក៏មិនចាំបាច់បង់ថ្លៃទៀតដែរ។ នេះបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្តេច ហ៊ុន សែន មានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ក្រោមប្រធានបទ «កម្ពុជា៖ ព្រះរាជាណាចក្រ នៃកាលានុវត្តភាព ខ្សែក្រវាត់មួយផ្លូវមួយ» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី ក្នុងតំបន់អភិវឌ្ឍន៍របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។
សម្តេចមានប្រសាសន៍បន្ថែមថា៖«ចង់ចេញចូលប៉ុន្មានដងក៏បានដែរ ប៉ុន្តែស្ថិតនៅក្នុងរបៀបបែបថា ត្រូវបោះត្រាចេញ បោះត្រាចូលតែប៉ុណ្ណោះ។អញ្ចឹងយើងសម្រេចយករយៈពេលបីឆ្នាំគឺជារយៈពេលមួយវែងបង្គួរ បង់ថ្លៃតែម្តងប្រើពេលបីឆ្នាំ ហើយចេញចូល៥០០ដង»៕