ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា នេះថា គ.ជ.ប សម្រេចពន្យារពេលការចុះឈ្មោះបោះឆ្នោតចំនួនមួយថ្ងៃទៀត មានន័យថា ប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត អាចមានពេលត្រឹមថ្ងៃទី៣០ ខែវិច្ឆិកាដើម្បីទៅចុះឈ្មោះបាន។
ការសម្រេចពន្យារពេលនៃការចុះឈ្មោះត្រឹមតែមួយថ្ងៃបែបនេះ លោក ហង្ស ពុទ្ធា ពន្យល់ថា គឺដោយសារប្រតិទិន និងការងារបច្ចេកទេសរបស់ គ.ជ.ប មានភាពចង្អៀត ដែលមិនអាចពន្យារពេលច្រើនថ្ងៃបាន។
មួយវិញទៀតលោកថា ការពន្យារពេលមួយថ្ងៃនេះ ក៏ព្រោះតែ គ.ជ.ប មើលឃើញពីសន្ទុះនៃអ្នកទៅចុះឈ្មោះនាប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់មានសន្ទុះខ្លាំងក្លា ហើយ គ.ជ.ប ទុករយៈមួយថ្ងៃដើម្បីបើកឱកាសឱ្យកាន់តែទូលាយសម្រាប់ពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតថ្មី បានទៅចុះឈ្មោះបានកាន់តែច្រើន។
ដើម្បីជ្រាបលម្អិត សូមស្តាប់កិច្ចសម្ភាសន៍ខ្លី រវាងលោក កែវ សុខា ជាមួយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ដូចតទៅ!
ការសម្រេចពន្យារពេលនេះ ធ្វើឡើងបន្ទាប់ពីសមាជិក គ.ជ.ប បានជួបប្រជុំគ្នានៅព្រឹកថ្ងៃនេះ។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោត មានចំនួនជាង ៩លាន ៦ សែននាក់៕