តាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ បណ្ដាញនិស្សិតឃ្លាំមើលធនធានធម្មជាតិ និងបរិស្ថានដែលវិទ្យុស្ដ្រីទទួលបាន នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ២០១៦នេះ គឺ បណ្ដាញនិស្សិតឃ្លាំមើលបរិស្ថាន និងធម្មជាតិ បានរកឃើញទីតាំងរោងចក្រកំពុងដំណើរការសាងសង់ រោងចក្រផលិតម្សៅរមៀតមួយដ៏ធំនៅខេត្តកោះកុង។
តាមការស៊ើបអង្កេតរបស់បណ្ដាញនិស្សិតឃ្លាំមើលធនធានធម្មជាតិ ទីតាំងផលិតម្សៅរមៀតនេះ មានទំហំប្រមាណ ១០០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ផ្ដាច់ជីវិត ដោយក្រុមហ៊ុនបានដាក់កំលាំង ប្រដាប់អាវុធយាមកាម យ៉ាងតឹងរ៉ឹង និងមានកម្មករជាច្រើនសំរុកសាងសង់ឃ្លាំង អាគារស្នាក់នៅ ឡរំលាយវល្លិ៍រមៀត ចំនួន៣៧ស្រះ សំរាប់ស្ដុកកាកសំណល់អាស៊ីត និងឃ្លាំងស្ដុកអំបិលរាប់តោន ជាដើម។
ក្រុមហ៊ុនក៏បានប្រកាសជ្រើសរើសកម្មករ ប្រកាសទិញវល្លិ៍រមៀតតម្លៃ ២០០រៀល ក្នុង ១គីឡូក្រាម ដែលមានថៅកែជាជនជាតិចិនកំពុងរត់ការ សុំលិខិតអនុញ្ញាតពីរាជរដ្ឋាភិបាល។
សូមជម្រាបថា រោងចក្រវល្លិ៍រមៀតត្រូវបានរាជរដ្ឋាភិបាលបិទអាជីវកម្មម្ដងរួចមកហើយ កាលពីឆ្នាំ២០១៤ ដែលផលិតដោយក្រុមហ៊ុន ទ្រី ភាព នៅខេត្តពោធិ៍សាត់។ តែបែបនេះក្ដីក្រុមហ៊ុន ទ្រី ភាព បានទទួលសិទ្ធិប្រមូល និងកែច្នៃវល្លិ៍រមៀតនៅកម្ពុជា តាមលិខិតអនុញ្ញាតចុះថ្ងៃទី ១ ខែមីនា ២០១៣។
វល្លិ៍រមៀត ជាប្រភេទរុក្ខជាតិវល្លិ៍ម្យ៉ាងដែលមានក្លិនក្រពុល រស់ជាតិជូរផ្អែម ដូចស្ពាន់ធ័រលាយជាមួយស្ករត្នោត វាជាសារជាតិមេសម្រាប់ផលិតគ្រឿងញៀន ជាពិសេសអិចស្ដាស៊ី។ បណ្ដាញនិស្សិត បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះការបើកអោយមានរោងចក្រផលិតវល្លិ៍រមៀត ដែលជាសារធាតុផ្សំមួយសំរាប់ផលិតគ្រឿងញៀនដែលបំផ្លាញអាយុជីវិតមនុស្ស ជាពិសេសបំផ្លាញអនាគតយុវជន យុវនារី។
យ៉ាងណាក៏ដោយមិនមានប្រភព ណាមួយរបស់រដ្ឋាភិបាល បញ្ជាក់បន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់បណ្ដាញនិស្សិតឃ្លាំមើលធនធានធម្មជាតិ និងបរិស្ថាននៅឡើយទេ។ ស្របពេលនេះ ក្រុមហ៊ុន ទ្រី ភាព ក៏មិនបានចេញប្រតិកម្មភា្លមៗចំពោះ របាយការណ៍ស៊ើបអង្កេតនេះទេ ខណៈដែលវិទ្យុស្ដ្រី មិនអាចសុំការទាក់ទងពីអ្នកគ្រប់គ្រងក្រុមហ៊ុននេះបាន៕