ភ្នំពេញ ៖ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ នៅថ្ងៃទី ០៨ វិច្ឆិកានេះបានបញ្ជាក់ថា លោកមិនចង់ឈ្នះចាញ់លើរឿងប្ដឹងផ្ដល់គ្នាជាមួយព្រះសង្ឃនោះទេ។ លោកថា ប្រសិនព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រមសរសេរលិខិតជាសាធារណៈទទួល ស្គាល់ថេរដីការបស់ខ្លួនថា មិនពិតជុំវិញការដែលបានចោទប្រកាន់លោកនោះ លោកនឹងបញ្ចប់រឿង។ ប៉ុន្ដែព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ព្រះអង្គមិនចង់ចំណាយពេលធ្វើរឿងឥតប្រយោជន៍នោះទេ។លោក លៀ ស៊ីណា រាយការណ៍

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនិយាយថា អ្វីដែលនាំឱ្យលោកប្ដឹងគឺដោយសារតែបានប៉ះពាល់ខ្លាំងដល់កិត្ដិយស់លោក ក៏ដូចជាគណបក្សលោកផ្ទាល់ ព្រោះអាចនឹងបាត់បង់ការគាំទ្រពីពលរដ្ឋព្រោះ ថេរដីការបស់ព្រះអង្គ ជាការមូលបង្កាច់លោកទាំងស្រុង។
លោកបន្តថា ប្រសិនបើព្រះតេជគុណ ប៊ុត ប៊ុនតិញ មិនព្រមបកស្រាយបំភ្លឺទេ លោកនៅតែបន្ដប្ដឹងព្រះអង្គពីបទបរិហាកេរ្ដិ៍ដដែល។
លោក ម៉ម សូណង់ដូ៖«ប្រសិនគាត់ហ៊ានសរសេរលិខិតមកសុំទោស ហើយការនិយាយទាំងអម្បាលន្មានអត់មានការពិតទេ ហើយការនិយាយរបស់គាត់កន្លងមកគឺមានការឆ្គាំឆ្គងមែនទែន បញ្ជាក់តែប៉ុណ្ណឹងមកបានហើយខ្ញុំអត់មានចង់បានអីទេ»។
ជាការឆ្លើយតបព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យមានថេរដីកាថា ព្រះអង្គមិនចំណាយទឹកប៊ិច ចំណាយក្រដាសដើម្បីសរសេរសុំទោស ឬកែតម្រូវថេរដីកាព្រះអង្គនោះទេ ព្រោះវាជារឿងដែលខាតពេលវេលា។
បន្ថែមពីនេះព្រះអង្គថា ការរិះគន់របស់ព្រះអង្គចំពោះលោក ម៉ម សូណង់ដូ មិនមែនជាការបរិហាកេរ្ដិ៍នោះទេ ប៉ុន្ដែគឺជាការបញ្ចេញមតិតែប៉ុណ្ណោះ។ លើសពីនេះព្រះអង្គបន្ដរថា លោក ម៉ម សូណង់ដូ បើខ្លាចការរិះគន់ក្នុងនាមជាមេបក្សមួយរូប គួរតែឈប់ធ្វើនយោបាយ ហើយទៅដាំដំឡូងមី ឬក៏ទៅអូសមងជំនួសវិញ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ៖«អាត្មាប្រើប្រាស់ពាក្យសម្ដីប៉ុណ្ណឹងមិនអាចចាត់ទុកជា ការបរិហាកេរ្ដិ៍បានទេ ហើយបើ ម៉ម សូណង់ដូ ជាបុគ្គល់សាធារណៈប្រធានបក្សខ្លាចការរិះគន់យ៉ាងនេះ គួរតែទៅដាំដំឡូងមី ក៏បានទៅរត់ម៉ូតូឌុប ក៏បាន ឬក៏ទៅអួសមងវិញទៅបើខ្លួនត្រីចង្វាអញ្ចឹងហើយ»។
តុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅព្រះតេជគុណ ប៊ុត ប៊ុនតិញ ឲ្យបំភ្លឺនៅចំពោះមុខតុលាការ នៅព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ បន្ទាប់ពីលោក ម៉ម សូណង់ដូ បានដាក់ពាក្យបណ្ដឹង ប្ដឹងពីបទបរិហាកេរ្តិ៍ថា ព្រះអង្គបានចោទ លោក ម៉ម សំណង់ដូ ថា បង្កើតគណបក្សថ្មីដើម្បីបំផ្លាញគណបក្សសង្គ្រោះជាតិ ព្រោះទៅចរចាសុំតំណែងពីគណបក្សមួយនេះមិនបាន។
យ៉ាងណាក៏ដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបញ្ជាក់ថា ព្រះអង្គមិនទាន់បានទទួលដីការកោះពីតុលាការនោះទេ ប៉ុន្ដែព្រះអង្គបានទទួលទូរស័ព្ទពីតុលាការ ដែលបំណងដើម្បីនិមន្ដព្រះអង្គឲ្យចូលបំភ្លឺនៅតុលាការនៅថ្ងៃខាងមុខ។ ប៉ុន្ដែព្រះអង្គសង្កត់ធ្ងន់ថា ព្រះអង្គនឹងមិនទៅតាមការកោះហៅរបស់តុលាការឡើយ។ ករណីនេះ ព្រះអង្គយល់ឃើញថា តុលាការកំពុងតែប្រើប្រាស់អំណាចរបស់ខ្លួនហួសដែនកំណត់ ដោយបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋថែមទៀតផង។
ព្រះអង្គ ប៊ុត ប៊ុនតិញ៖«ករណីនេះអាត្មានឹងមិនបំភ្លឺតាមដីការកោះទេ ដោយយោងហេតុផលពីរ ហេតុផលទី១គឺអាត្មាមិនបានទទួលដីការផ្ទាល់ដៃតាមថ្ងៃកំណត់ដោយដៃអាត្មា និងទី២ អាត្មាមើលឃើញថា តុលាការបានប្រព្រឹត្ដល្មើសនឹងកិច្ចការសាសនា មានន័យថា តុលាការប្រើប្រាស់អំណាចលើសដែនសមត្ថកិច្ចរបស់ខ្លួន»។
ករណីដែលប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ប្ដឹងស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យនេះដែរ ត្រូវបានអ្នកវិភាគយល់ឃើញថា លោក ម៉ម សូណង់ដូ គួរបើកចិត្ដឲ្យទូលាយដើម្បីទទួលយកការរិះគន់ ព្រោះខ្លួនជាបុគ្គលសាធារណៈ។ លើកពីនេះអ្នកវិភាគយល់ថា ប្រសិនបើលោក ម៉ម សូណង់ដូ ខ្លាចការរិះគន់គឺមិនគួរធ្វើនយោបាយទេ៕