វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកពីររូបដែលសុំមិនបញ្ចេញអត្តសញ្ញាណនិយាយថា ប្រទេសកូរ៉េខាងជើងបានរៀបចំបើកដំណើរការបាញ់មីស៊ីលផ្លោងរយៈចំងាយមធ្យមនៅរយៈពេលបីថ្ងៃខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីបណ្តាញក្រុមហ៊ុនពាណិជ្ជកម្មម៉ាក់ Fox ដែលបានរាយ ការណ៍កាលពីថ្ងៃអង្គារទី០១ វិច្ឆិកា ម្សិលមិញ។

ប្រទេសកុម្មុយនិស្តមួយនេះបានត្រៀមបាញ់បង្ហោះមីស៊ីលផ្លោង ដែលគ្រោងនឹងបាញ់នៅរយៈពេល ២៤ ទៅ ៧២ ម៉ោងខាងមុខទៀត។ ការបាញ់មីស៊ីលផ្លោងដោយប្រទេសឯកោនេះ បានការរំលោភបំពានជាថ្មីលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយសេច ក្តីសម្រេចនោះក៏មានការគាំទ្រដោយប្រទេសចិនផងដែល ដោយធ្វើការហាមឃាត់សកម្មភាពកូរ៉េខាងជើងទាក់ទងនឹងការផលិតនិងធ្វើតេស្តសាក ល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបទាំងអស់។
បើទោះបីជាប្រទេសកូរ៉េខាងជើង ស្ថិតនៅក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងអន្តរជាតិផ្សេងៗលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលយ៉ាង ណាក្តី ក៏ប៉ុន្តែកូរ៉េខាងជើងនៅតែបន្តធ្វើតេស្តមីស៊ីលម្តងហើយម្តងទៀតក្នុងឆ្នាំនេះ ដែលការបាញ់សាកល្បងថ្មីបំផុតគឺនៅថ្ងៃទី ២០ តុលាថ្មីៗនេះ។
កងទ័ពអាមេរិក និង កូរ៉េខាងត្បូងបញ្ជាក់ថា ការធ្វើតេស្តមីស៊ីល មូស៊ូដាន(Musudan) រយៈចម្ងាយមធ្យមចុងក្រោយបំផុតរបស់កូរ៉េខាងជើងត្រូវគេជឿថា បានបរាជ័យភ្លាមៗបន្ទាប់ពីការចាប់ផ្តើម។ ហើយការធ្វើតេស្តមីស៊ីល មូស៊ូដាន នេះទៀតសោត បានបង្កជាការគំរាមកំហែង និងកំពុងស្ថិតក្រោមការពិភាក្សាដាក់ទណ្ឌកម្មបន្ថែមទៀតពីអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០០៦ តាំងពីពេលនោះមក អង្គការសហប្រជាជាតិចាប់ ផ្តើមដាក់ទណ្ឌកម្មលើប្រទេសមួយនេះ ដើម្បីទប់ស្កាត់ការអភិវឌ្ឍអាវុធ និងមីស៊ីលរបស់ពួកគេ តែយ៉ាងទីក្រុងព្យុងយ៉ាងនិយាយថា កម្មវិធីនុយ ក្លេអ៊ែររបស់ខ្លូនគឺត្រូវសម្រាប់ការពារជាតិតែប៉ុណ្ណោះ៕ប្រភព៖CNA