ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តសវនាការ នៅថ្ងៃទី ០២ ខែ វិច្ឆិកា ក្នុងករណីសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី បរិហារកេរ្តិ៍ សម្តេច ហ៊ុន សែន ជាប់ពាក់ព័ន្ធទៅនិងឃាតកម្មលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហានយោបាយដ៏ល្បីឈ្មោះមួយរូប។
ការបន្តសវនាការនេះ បន្ទាប់ពីសវនាកាបានមួយថ្ងៃកាលពីថ្ងៃទី ២៨ ខែ តុលា ម្សិលមិញ បានបញ្ចប់ការពិភាក្សាដេញដោលទៅលើអង្គហេតុនិងភស្តុតាង រួមទាំងការសាកសួរសាក្សីចំនួន ៨ រូប ចប់សបគ្រប់។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងភ្នំពេញ។
តុលាការក្រុងភ្នំពេញ បានសម្រេច ចោទប្រកាន់លោកស្រី ថាក់ ឡានី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការសម្រេចបញ្ជូនសំណុំរឿងរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពី ព្រឹទ្ធសភាចំនួន ៤៦ មកពីគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំកន្លងមក បានបោះឆ្នោត លើកអភ័យឯកសិទ្ធិសភា របស់លោកស្រី ថាក់ ឡានី ដើម្បីបើកផ្លូវឱ្យតុលាការបន្តនីតិវិធី។
កាលពីដើមខែសីហា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង លោកស្រី ថាក់ ឡានី និងលោក សម រង្ស៊ី ដោយទាមទារសំណងចំនួន ១០០រៀល ករណីលោកស្រី និងប្រធានគណបក្សសង្គ្រោះជាតិ បានចោទសម្តេចថា ជាអ្នករៀបចំការបាញ់សម្លាប់ លើលោកបណ្ឌិត កែម ឡី៕