ក្រុងម៉ានីល ៖ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃសៅរ៍ ទី២២ តុលាម្សិលមិញថា សហរដ្ឋអាមេរិកនៅតែជា "មិត្តភក្តិជិតស្និទ្ធបំផុត" របស់ហ្វីលីពីន ប៉ុន្តែរដ្ឋាភិបាលក្រុងម៉ានីលគ្រាន់តែចង់នៅឱ្យឆ្ងាយពី«ផ្នត់គំនិតអាស្រ័យពឹងពាក់ និងចាំតែស្ដាប់បង្គាប់»អាមេរិកតែប៉ុណ្ណោះ ហើយហ្វីលីពីនចង់បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសដទៃផ្សេងទៀត ក្រៅពីមហាអំណាចអាមេរិក។

ការធ្វើសេចក្តីអត្ថាធិប្បាយពីមន្ត្រីការបរទេសលោក Perfecto Yasay បែបនេះ កើតឡើងតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតីលោក Rodrigo Duterte បានប្រកាសថា លោកចង់បំបែកខ្លួនចេញពីទីក្រុងវ៉ាស៊ីនតោន។
លោក Yasay បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា លោក Duterte មិនមានកំហុសអ្វីធំដុំនោះទេ ដែលលោក Duterte បានបញ្ជាក់ពីការផ្ដាច់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ពោលគឺមិនគួរចាប់អារម្មណ៍អ្វីទៅជាបញ្ហាជាតិនោះទេ។
ទោះយ៉ាងណា លោក Yasay បានសរសេរបន្តថា ពាក្យថា«ការបំបែក»ដែលលោក Duterte លើកឡើងនោះ គឺចង់មានន័យថា «បំបែកឆ្ងាយពីផ្នត់គំនិតទន់ខ្សោយ ការអាស្រ័យពឹងពាក់ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ហើយចាំតែស្ដាប់បង្គាប់អាមេរិក ពោលគឺយើងដូចជាក្មេងតូច ឬដូចជាស្រមោលដែលចេះតែដើរតាមអាមេរិករហូត ហើយការលូតលាស់ និងការរីកចំរើនរបស់យើងគឺអាស្រ័យលើគេទាំងស្រុង»។
លោកបន្តថា លោក Duterte បានប្រាប់ប្រធានាធិបតីចិន ស៊ី ជីនពីង និងមេដឹកនាំចិនផ្សេងទៀតក្នុងអំឡុងដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងប៉េកាំងថា៖ «ប្រសិនបើពួកគេមិនមានឆន្ទៈផ្តល់នូវការគាំទ្រដល់យើង … ប្រជាជនហ្វីលីពីននឹងគូសវាសជោគវាសនារបស់ពួកគេដោយម្នាក់ឯង»។

កាលថ្ងៃសុក្រ អ្នកគ្រប់គ្រងផ្នែកសេដ្ឋកិច្ចក្រោយរដ្ឋបាលរបស់លោក Duterte មានប្រញាប់ប្រញាល់ដើម្បីបញ្ជាក់ឱ្យច្បាស់ពីជំហររបស់ហ្វីលីពីន ដែលមិនបានកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឡើយ។
មុនពេលលោក Duterte ចូលកាន់តំណែងជាប្រធានាធិតីកាលចុងខែមិថុនា ប្រទេសចិនគឺជាដៃគូប្រកួតប្រជែងជូរចត់រឿងជម្លោះសមុទ្រចិនខាងត្បូងជាមួយប្រទេសហ្វីលីពីន ហើយទីក្រុងម៉ានីលជាផ្នែកមួយនៃសម្ព័ន្ធមិត្តអាស៊ី និងបានពឹងពាក់បានច្រើនបំផុតទៅលើក្រុងវ៉ាស៊ីនតោន។
លោក Duterte បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងសន្និសីទកាសែតមួយនៅភាគខាងត្បូងនៃទីក្រុងដាវៅបន្ទាប់ពីលោកបានបំពេញដំណើរទស្សន កិច្ចរយៈពេលបួនថ្ងៃទៅកាន់ទីក្រុងប៉េកាំងថា៖«វាមិនមែនផ្តាច់ទេ។ តើអ្នកនិយាយថាការបំបែកទំនាក់ទំនងមែនទេ, ទេអ្នកត្រូវនិយាយថាកាត់បន្ថយទំនាក់ទំនងការទូត។ ខ្ញុំមិនអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិកបានឡើយ»។
ការដែលលោក Duterte ចង់ងាកចេញពីទីក្រុងវ៉ាស៊ីនតោន ហើយចាប់ក្រុងប៉េកាំងវិញនោះ បានធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់ពលរដ្ឋហ្វីលីពីនក្នុងប្រទេស ស្របពេលដែល មានការស្ទង់មតិមួយកាលពីថ្ងៃអង្គារបានបង្ហាញថា ប្រជាជនហ្វីលីពីននៅតែជឿទុកចិត្តសហរដ្ឋអាមេរិកច្រើនជាងប្រទេសចិនដដែរ។
ជាការកត់សម្គាល់ លោក Duterte បានប្រើសម្តីមិនគួរគប្បីទៅកាន់មេដឹកនាំអាមេរិកជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា ដោយហៅលោក អូបាម៉ា ថា ជាកូនស្រីពេស្យា ហើយម្តងទៀតក៏បានប្រមាថថា «លោក អូបាម៉ា ទៅចុះនរកទៅ»។ មិនត្រឹមតែប៉ុណ្ណោះប្រមាថលោក អូបាម៉ា នោះទេ លោក Duterte ក៏បានព្រលយសម្តី ទៅកាន់សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងសហអាមេរិកថា ពិតជាល្ងីល្ងឺ ដែលរិះគន់យុទ្ធនាការបោស សំអាតគ្រឿងញៀនរបស់លោក។

មិនបានប៉ុន្មានថ្ងៃផងលោក Duterte ក៏បានថ្លែងថា បើទោះបីអាមេរិកមិនគាំទ្រយុទ្ធនាការរបស់លោក នោះលោកនឹងអាចឈោងចាប់យកចិន និងរុស្ស៊ី ជាខ្នងបង្អែកដើម្បីសម្រេចមហិច្ឆតាមួយនេះ។
គួរកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសចិន លោក Duterte បានបង្ហើរសម្តីថា លោកនឹងបំបែកចេញពីអាមេរិក ហើយចង់ចងសម្ព័ន្ធភាពជាមួយចិនវិញ។ តែយ៉ាងណាលោក Duterte ក៏បានបកស្រាយពាក្យថា បំបែកខ្លួនចេញពីអាមេរិកនេះវិញ បន្ទាប់ពីលោកត្រលប់មកពីប្រទេសចិន ដោយថា នេះមិនមែនមានន័យថា ហ្វីលីពីនកាត់ផ្តាច់សម្ព័ន្ធភាពជាមួយក្រុងវ៉ាស៊ីនតោននោះទេ។
យ៉ាងណាមិញ ការចេញមុខបកស្រាយពាក្យសម្តីរបស់លោក Duterte គឺបន្ទាប់ពីមានការស្ទង់មតិចុងក្រោយរបស់វិទ្យាស្ថាន Social Weather Stations កាលពីខែមិថុនា ដែលបានស្ទង់មតិលើមនុស្ស ១២០០នាក់ បានរកឃើញថា មាន ៧៦% ឆ្លើយថា ខ្លួនមានទំនុកចិត្តខ្លាំងលើសហ រដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងប្រទេសចិនគឺមានតែ ២២% តែប៉ុណ្ណោះ ដែលពលរដ្ឋហ្វីលីពីនជឿទុកចិត្ត។

ទំនងជាមានហេតុបច្ច័យដូចនេះហើយមើលទៅ ដែលនាំឱ្យលោក Duterte ប្តូរឥរិយាបថបន្តិចវិញ ដើម្បីឱ្យប្រជាជនផ្តល់ទំនុកចិត្តឱ្យលោក។ ហើយនេះក៏ព្រោះតែតាមប្រវត្តិសាស្ត្រហ្វីលីពីន ពោលគឺកាលពីឆ្នាំ១៩៨៦ ប្រជាពលរដ្ឋហ្វីលីពីនបានធ្វើបដិវត្តន៍ពណ៌លឿន ឬហៅថា បដិវត្តន៍អំណាចប្រជាជនទម្លាក់ប្រធានាធិតីលោក ហ្វេឌីណង់ ម៉ាកូស ដែលជាមេដឹកនាំបែបផ្តាច់ការចេះពីដំណែង។
មានការមើលឃើញថា ការដឹកនាំរបស់លោក Duterte នាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា កំពុងសសៀរទៅរករបបផ្តាច់ការ ដោយបង្ហាញសញ្ញាណចង់យកចិនកុម្មយនីសជាខ្នងបង្អែក៕ ប្រភព៖CNA