ភ្នំពេញ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រៀបចំ ទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៦នេះ ក្រោមប្រធានបទ«ការផ្ដល់តម្លៃជូនគ្រូបង្រៀន និងការពង្រឹងកម្រិតស្ថានភាពនៃគ្រូបង្រៀន»។
ពិធីនេះធ្វើឡើងដោយមានគ្រូបង្រៀន ប្រមាណជាង ២០០នាក់ មកពីបណ្ដាខេត្ដ នានា បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ ការប្រារព្ធនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានផ្ញើញត្ដិ ជូនទៅកាន់ខុទ្ទការល័យសម្ដេច ហ៊ុន សែន និង ក្រសួងអប់រំ ប៉ុន្ដែមន្ត្រីមកទទួលញត្តិ មិនមានថ្លែងសារអ្វីទៅកាន់ក្រុមគ្រូបង្រៀននោះទេ។ តែយ៉ាងណាក៏ដោយសម្តេច ហ៊ុន សែន បានសន្យាដំឡើងប្រាក់ខែ ជាង ៩០មឺុនរៀល ដល់គ្រូបង្រៀន ដោយគិតពីឆ្នាំ២០១៧ តទៅ។ លោក លៀ ស៊ីណា រាយការណ៍ ៖
ប្រធានស្ដីទីសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អុក ឆាយ៉ាវី មានប្រសាសន៍ ក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី ០៥ តុលា នេះថា ការស្នើសុំរបស់សមាគម ឱ្យគ្រូបង្រៀនទទួលបានប្រាក់បៀរវត្សគោល ១លាន ៥សែនរៀល ចាប់ពីគ្រូបង្រៀនកម្រិត មតេយ្យ ដល់កម្រិត វិទ្យាល័យ គឺដើម្បីពួកគាត់អាចរស់សមរម្យបន្តិច។
លោកស្រីអះអាងថា សព្វថ្ងៃជីវភាពរបស់ លោកគ្រូអ្នកគ្រូ មិនអាចរស់នៅសមរម្យ តាមកម្រិតប្រាក់ខែត្រឹម ៧០ម៉ឺន ឬ ៨០ម៉ឺនរៀល នោះទេ។
អ្នកស្រី អុក ឆាយ៉ាវី៖«តាមពិតទៅសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ យើងឃើញថាប្រាក់បៀវត្ស លោកគ្រូអ្នកគ្រូនៅតាមបណ្ដាខេត្ដក្រុង គឺគាត់បានទទួលប្រាក់ឧបត្ថមតិចតួចពេក នៅក្នុងនេះយើងចង់បានប្រាក់ខែ លោកគ្រូអ្នកគ្រូយ៉ាងតិច ១លាន កន្លះ ពិសេសគឺលោកគ្រូអ្នកគ្រូកម្រិតបឋម»។
អ្នកស្រី អុក ឆាយ៉ាវី បញ្ជាក់បន្ថែមទៀតថា ការដាក់ញត្ដិលើកនេះ ទោះបី មានការឆ្លើយតប ឬមិនមានការឆ្លើយតប ក្ដីក៏សមាគម នៅតែតស៊ូដើម្បីឲ្យរាជរដ្ឋាភិបាល គិតគូរដល់គ្រូបង្រៀន ធ្វើយ៉ាងណាឲ្យមានជីវភាពរស់នៅ បានសមរម្យនិងថ្លៃថ្នូរស័ក្តិ៍សមនឹងឈ្មោះជាម្ដាយទីពីរ របស់សិស្ស។
អ្នកស្រី អុក ឆាយ៉ាវី៖«ទោះបីមានការឆ្លើយតបក្ដី គ្មានការឆ្លើយតបក្ដី សមាគមយើងនៅតែជំរុញឲ្យរាជរដ្ឋាភិបាល យកចិត្ដទុកដាក់លើវិស័យអប់រំ លើជីវភាពលោកគ្រូអ្នកគ្រូយើងឲ្យបានសមរម្យ»។
ដូចគ្នាដែរអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ដែលបានទៅចូលរួមទិវាគ្រូបង្រៀន ពិភពលោកនេះដែរ មានប្រសាសន៍ថា សំណើរបស់សមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ គឺជារឿងសមស្របព្រោះប្រាក់ខែគ្រូបង្រៀនសព្វថ្ងៃ មិនបានផ្ដល់ឲ្យពួកគាត់រស់នៅដោយសេចក្ដីថ្លៃថ្នូរ ជាអ្នកផ្ដល់ចំណេះដឹងដល់មនុស្សជំនាន់ក្រោយឡើយ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖«ខ្ញុំឃើញថាលោកគ្រូ អ្នកគ្រូ សព្វថ្ងៃនេះគាត់រស់នៅទាំងលំបាក គាត់ត្រូវចំណាយពេលប្រកបមុខរបរ ទីពីរ ទីបី របស់គាត់ផ្សេងៗទៀត ក្រៅពីមុខរបរ ដែលជាគ្រូបង្រៀនរបស់គាត់ ក្នុងនាមខ្ញុំម្ដាយមួយរូបខ្ញុំមិនចង់ឃើញ លោកគ្រូអ្នកគ្រូមានជីវភាពលំបាកអញ្ចឹងទេ»។
ថ្លែងក្នុងទិវានេះដែរលោកគ្រូមួយរូប ដែលមកពីខេត្ដកំពង់ចាម ហើយក៏ជាលើកទីបី របស់លោកដែលបានមកចូលរួមទិវាគ្រូបង្រៀនពិភពលោកនេះ មានប្រសាសន៍ថា ត្រឹមតែប្រាក់ ១លាន ៥សែនរៀល បែរជាមានអ្នកមួយចំនួនចោទប្រកាន់គ្រូៗ ដែលចូលរួមការទាមទារនេះថា គឺស្ថិតក្រោមការរៀបចំដោយ គណបក្សនយោបាយ ពីខាងក្រោយទៅវិញ គឺមិនត្រឹមត្រូវឡើយ។ លោកបានសំណូមពរដល់អ្នកដែលតែងតែចោទប្រកាន់ ក្រុមគ្រូបង្រៀនត្រូវ ងាកមកគិតថា ខ្លួនមានចំណេះដឹង មានតំណែងមានអំណាចសព្វថ្ងៃតើបានចំណេះដឹងមកពីណាវិញ។
លោកគ្រូដែលសំមិនបញ្ចេញឈ្មោះ៖«មានកូនសិស្សខ្ញុំរហូតទៅដល់ប្រធានមន្ទីអប់រំខេត្ដ ក៏មាន តើលោកនោះមកពីណា តើលោកគ្រូអ្នកគ្រូមានតម្លៃកម្រិតណា ដូច្នេះប្រាក់មួយលាន ឬមួយលាន កន្លះនេះ កុំឲ្យយកជាបញ្ហាមកចោទគ្រូបង្រៀនថា ជាពួកណាៗបន្ដទៀតអី»។
តែអ្នកស្រី រស់ ម៉ាឡៃ គណៈកម្មាការនាយកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអំពាវនាវដល់រាជរដ្ឋាភិបាល គួរធ្វើយ៉ាងណាកុំឲ្យតម្លៃទំនិញ មានការកើនឡើងតាមប្រាក់ខែដែរ ទើបអាចធ្វើឲ្យលោកគ្រូអ្នកគ្រូ មន្ដ្រីរាជការផ្សេងៗ អាចរស់នៅបានដោយមិនខ្វះខាត។
អ្នកស្រី រស់ ម៉ាឡៃ៖«ខ្ញុំគិតថាប្រាក់ខែដែលផ្ដល់ឲ្យគ្រូបង្រៀនសព្វថ្ងៃ មិនទាន់សមស្របទេ បើទោះបីសម្ដេច ហ៊ុន សែន ប្រកាសថា នឹងតម្លើងប្រាក់ខែគ្រូដល់ ៩០ម៉ឺន ហើយខែ ៤ ឆ្នាំ ២០១៧ ដល់ ៩៥ម៉ឺនរៀល យ៉ាងណាក្ដីបើប្រាក់ខែគ្រូមន្ដ្រីរាជការតម្លើងតែ តម្លៃទំនិញនៅតែឡើង ទោះបីតម្លើងប្រាក់ខែមន្ដ្រីរាជការដល់ណាក៏មិនអាចសមស្របដែរ»។
សូមជម្រាបថាញត្ដិសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលទាមទារឲ្យតម្លើងប្រាក់បៀវត្សអប្បបរមាចំនួន ១លាន ៥សែនរៀលក្នុងមួយខែៗជូនគ្រូបង្រៀន ក៏ចំនុចមួយស្នើឱ្យមានចាត់វិធានការទប់ស្ដាត់ និងស៊ើបអង្កេតអំពើពុករលួយនៅក្នុងស្ថាប័នអប់រំគ្រប់កម្រិត។ បុគ្គលិកគ្រូបង្រៀន នៅប្រទេសកម្ពុជា បច្ចុប្បន្ន មានជាង ១០ម៉ឺននាក់៕