ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) ប្រចាំនៅកម្ពុជា បានព្យាករណ៍ថានៅឆ្នាំ២០១៦នេះ សេដ្ឋកិច្ចប្រទេសកម្ពុជា បន្តហក់ឡើង បន្តិច ៧ភាគរយ ខណៈធនាគារនេះ អះអាងថា វិស័យសំខាន់ៗមួយ ចំនួន ដូចជា សំណង់ ជាដើម មានសន្ទុះ។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលបានចែកចាយ ទៅឱ្យអ្នកសារព័ត៌មាន នៅក្នុងសិក្ខាសាលា មួយធ្វើឡើង នៅព្រឹកថ្ងៃពុធទី៥តុលានេះ នៅរាជធានីភ្នំពេញ ធនាគារពិភពលោក បាន ព្យាករណ៍ទៀតថា សេដ្ឋកិច្ចកម្ពុជាអាចជួបហានិភ័យតិចតួច នៅឆ្នាំ ២០១៧ និង២០១៨ ដែលជាឆ្នាំ នៃការបោះឆ្នោតសំខាន់ចំនួន ២ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និង ការបោះឆ្នោតសភាឆ្នាំ២០១៨ ។ តាមរបាយការណ៍សង្ខេប របស់ធនាគារពិភពលោក សន្ទុះសេដ្ឋកិច្ច កម្ពុជាអាច រំកិលចុះបន្តិច ពី ៧ភាគរយ មក ៦,៩ភាគរយ។
វិស័យសំខាន់ដែលជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើន គឺវិស័យកាត់ដេរ សម្លៀកបំពាក់ និងដេរស្បែកជើង វិស័យទេសចរណ៍ និង កសិកម្ម។ ចំណែកវិស័យសំណង់ គេសង្កេតឃើញទើបហក់ឡើង នៅរយៈពេលចុងក្រោយនេះ៕