ភ្នំពេញ៖ តំណាងពិសេសក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកកិច្ចការពលកម្មអន្តរជាតិ លោកស្រី Sarah Fox មានប្រសា សន៍ថា សហភាពអ៊ឺរ៉ុប និង សហរដ្ឋអាមេរិក គឺជាទីផ្សារសំខាន់ក្នុងការនាំចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជា ។ ការលើកទ្បើងដូចនេះ ធ្វើទ្បើងនៅក្នុងវេទិកាតុមូលដែលមានអ្នកសារព័ត៌មានចូលរួមប្រមាណ ១០ រូប សាកសួរជុំវិញច្បាប់ស្តីពីសហជីព និង ជុំវិញសិទ្ធិការងារកម្មករ នៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៦ នេះ នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

នេះជាថ្ងៃទីពីរហើយ ដែលតំណាងពិសេសក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកកិច្ចការពលកម្មអន្តរជាតិ លោកស្រី Sarah Fox បានមកកម្ពុជាដើម្បីជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាល មន្ត្រីសង្គមស៊ីវិល ពីបញ្ហាប្រាក់ខែកម្មករ និងជួបអង្គការសង្គមស៊ីវិល ដើម្បីលើកកំពស់សេរីភាពនៃការប្រមូលផ្តុំ និងបញ្ហាមួយចំនួនទៀត។
ខណៈដែលលោកស្រីមកបំពេញទស្សនៈកិច្ចនេះដែរ លោកស្រីបានធ្វើវេទិកាតុមូលមួយដល់អ្នកសារព័ត៌មានជុំវិញបញ្ហាសំខាន់ៗមួយចំនួនទាក់ ទងសិទ្ធិការងារ ច្បាប់សហជីព និងបញ្ហាប្រាក់ខែកម្មករនៅកម្ពុជាជាដើម។
លោក ស្រី Sarah Fox មានប្រសាសន៍ថា ប្រទេសណាក៏ដូចជាប្រទេសណាដែរ នៅពេលដែលច្បាប់ បានចេញទៅហើយនោះ គឺពិតជាប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ ហើយករណីនេះ រដ្ឋាភិបាលនឹងធ្វើវិសោធនកម្មមាត្រាមួយចំនួនដែលប៉ះពាល់នោះ។
ជាតួយ៉ាងដូចជាច្បាប់ស្តីពីសហជីពនៅកម្ពុជា ដែលបានចូលជាធរមាននាពេលកន្លងមក សហជីពទាម ទារឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មនូវមាត្រាមួយចំនួនដែលពួកគេអះអាងថា ច្បាប់នោះប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ ក៏ដូចជាកម្មករជាដើម។

បន្ថែមពីនេះទៀតនោះ លោកស្រីលើកទ្បើងថា រដ្ឋាភិបាលកម្ពុជាគួរបន្តចរចាជាមួយសហជីព និងកម្មករឱ្យបានច្រើនថែមទៀតដើម្បីឱ្យសិទ្ធិការ ងារ និងសិទ្ធិរបស់កម្មករកាន់តែមានភាពល្អប្រសើរ។ នៅក្នុងវេទិការនោះដែរ លោកស្រី Sarah Fox បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងសហ ភាពអ៊ឺរ៉ុប គឺជាទីផ្សារដ៏សំខាន់ក្នុងការនាំចូលនូវសម្លៀកបំពាក់ពីប្រទេសកម្ពុជាទៅប្រទេសទាំង ២ នេះ។ លោកស្រីបន្តថា ដើម្បីអាចចូលរួមប្រកួតប្រជែងលើទីផ្សារអន្តរជាតិនេះ រដ្ឋាភិបាលកម្ពុជាត្រូវបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញផ្សេងៗដល់កម្មករនិយោជិត។
លោកស្រី Sarah Fox ៖«សហរដ្ឋអាមេរិក និង សហភាពអ៊ឺរ៉ុប គឺជាទីផ្សារដ៏សំខាន់ក្នុងនាំចេញសម្លៀកបំ ពាក់ពីប្រទេសកម្ពុជា ហើយដែលមានអ្នកប្រើប្រាស់ច្រើនជាប្រចាំផងដែរ ដែលធ្វើឱ្យកម្មករអាចផលិតសម្លៀកបំពាក់កាន់តែច្រើនថែមទៀតទៅបណ្តាប្រទេសផ្សេងៗទៀត»។
ជុំវិញនឹងការលើកទ្បើងរបស់លោកស្រី Sarah Fox នេះដែរ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា (CCAWDU) លោក អាត់ ធន់ បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា លោកទទួលស្គាល់ថា សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ពិតជាទីផ្សារសំខាន់ដែលបាននាំយកសម្លៀកបំពាក់ពីកម្ពុជា។ លោក អាត់ ធន់ បន្តថាទីផ្សារដែលនាំចេញសម្លៀកបំពាក់ពីកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ០១ គឺសហ ភាពអ៊ឺរ៉ុប ហើយសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ០២។
លោក អាត់ ធន់ បញ្ជាក់ថា កម្មករនិយោជិតកម្ពុជាមិនសូវមានជំនាញខ្ពស់ដូចប្រទេសគេដែលជឿនលឿននោះទេ ព្រោះមានកត្តាសំខាន់ៗមួយចំនួនដូចជា៖ «ពេលក្រុមហ៊ុនដែលបើកដំបូងរដ្ឋាភិបាលមិនបានឱ្យក្រុមហ៊ុនបង្កើតជារោងជាង ឬកូនជាងដែលច្បាប់តំរូវឱ្យបើកវគ្គបណ្តុះបណ្តាលនោះទេ ចំណែកកម្មករដែលមាជំនាញបែជានាំគ្នាចេញទៅធ្វើការនៅប្រទេសក្រៅដោយសារប្រាក់ខែរបស់ពួកគេនៅកម្ពុជាមានកម្រិត»។

លោក អាត់ ធន់ បានបន្ថែម ថាកាលពីរសៀលថ្ងៃទី ០៤ ខែតុលានេះ លោកបានជួបពិភាក្សាជាមួយលោកស្រី Sarah Foz ដើម្បីបង្ហាញក្តីកង្វល់មួយចំនួន ដើម្បីឱ្យលោកស្រីជួយសម្របសម្រួលជាមួយរដ្ឋាភិបាលកម្ពុជាពីបញ្ហានេះដូចជា៖«ដូចជាច្បាប់ស្តីពីសហជីព ដូចជាកិច្ចសន្យាការងារខ្លី ដូចជាសិទ្ធិសេរីភាពសហជីព ដូចជាប្រាក់ឈ្នួលជាដើម គឺយើងបានលើកទ្បើងពន្យល់គាត់អស់ហើយ ហើយគាត់ថានឹងយកអ្វីដែលជាកង្វល់របស់យើងទៅជជែកនឹងខាងរដ្ឋាភិបាល និងក្រុមហ៊ុនជាពិសេសគាត់ប្រើប្រាស់ឥទ្ធិពលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកកម្ពុជាដើម្បីធ្វើការជជែកកែលម្អទៅនឹងស្ថានភាពការងារកម្មករយើង»។
សូមជំរាបថា តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក លោកស្រី Sarah Fox តំណាងពិសេសទទួលបន្ទុកផ្នែកកិច្ចការពលកម្មអន្តរជាតិ នឹងជួបជាមួយមេដឹកនាំជាន់ខ្ពស់មកពីរដ្ឋាភិបាលកម្ពុជា អង្គការពលកម្មអន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីលើកកំពស់សេរីភាពក្នុងការចងក្រងជាក្រុមសមាគម និងការចរចាអនុសញ្ញារួម ការជំរុញឱ្យមានការងារត្រឹមត្រូវ និងកំណើនសេដ្ឋកិច្ចសំរាប់ទាំងអស់គ្នា៕