នាយករដ្ឋមន្ដ្រីជប៉ុន ស៊ិនសូ អាបេ ដែលថ្លែងសុរន្ទកថា ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧១នៅឆ្នាំ២០១៦ ដោយលោកបានទាមទារឱ្យពិភពលោកស្វែងរកមធ្យោបាយមួយដើម្បីបញ្ឈប់ការគំរាមកំហែង ពី សំណាក់កូរ៉េខាងជើង ដែលតែងតែបាញ់កាំជ្រួច បំពាក់ដោយអាវុធនុយក្លេអ៊ែរ។
ថ្លែងទៅកាន់អ្នកចូលរួមដែលសុទ្ធតែជាមេដឹកនាំ ពីបណ្ដាប្រទេសជាសមាជិក នៃអង្គការសហប្រជាជាតិ លោក អាបេ បានបញ្ជាក់ថា ដើម្បីឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពនេះ ដោយគេត្រូវមានវិធានការជាក់ស្ដែង និងកែប្រែការដាក់ទណ្ឌកម្ម ដែលបានដាក់លើប្រទេសនេះជាច្រើនឆ្នាំមកហើយ។ ជាងនេះ លោកបញ្ជាក់ថា គ្រោះថ្នាក់បំផុតនោះ គឺ ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួច ដោយបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ការថ្លែងរបស់ លោក ស៊ិនសូ អាបេ នាយករដ្ឋមន្ដ្រីជប៉ុនធ្វើឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងជាថ្មីទៀត ដោយកាំជ្រួចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដោយបានបាញ់ចូលប្រទេសជប៉ុន។
មិនមានតែមេដឹកនាំជប៉ុនទេ ដែលទាមទារឱ្យបញ្ឈប់កូរ៉េខាងជើង បាញ់គ្រាប់នុយក្លេអ៊ែរ គឺ មេដឹកនាំប្រទេសមួយចំនួនទៀត ដូចជា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏បានទទូចដូចនេះដែរ។
ចាប់តាំងពី លោក គឹម ជុនអ៊ុន ឡើងកាន់តំណែងជាប្រមុខរដ្ឋនៃប្រទេសកូរ៉េខាងជើងនៅឆ្នាំ២០១១មកនោះ គឺប្រទេសកុម្មុយនីស្តមួយនេះបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដែលជាអាវុធប្រល័យលោក បានចំនួន៦លើកមកហើយ៕ប្រភព:CNA