ក្រុងម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គូ ឌូទែតេ(Rodrigo Duterte) បានឱ្យដឹងកាលថ្ងៃអាទិត្យ ទី១៨ កញ្ញា ថា លោកត្រូវការពេលប្រាំមួយខែបន្ថែមទៀត សម្រាប់សង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់លោក។ ដោយលោក Duterte បានបោះពាក្យសំដីថា តើវាល្អប្រសើរដែររឺទេ ដែលប្រទេសមួយសម្បូរទៅដោយបញ្ហាគ្រឿងញៀននោះ។

លោក Duterte ជាអតីតចៅហ្វាយក្រុង ហើយលោកល្បីខាងបំបែកឧក្រិដ្ឋកម្មគ្រឿងញៀននៅភាគខាងត្បូងនៃក្រុងដាវៅ (Davao)។ លោកបានឈ្នះតំណែងជាប្រធានាធិបតីកាលពីខែឧសភា ហើយលោកបានសន្យាបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន និងលុបបំបាត់ឈ្មួញថ្នាំញៀន ក្នុងរយៈពេលបីទៅប្រាំមួយខែ។
ទោះបីជាលោក Rodrigo Duterte មានប្រជាប្រិយភាពក្នុងប្រទេសតាមរយៈវោហាសាស្ត្រប្រឆាំងគ្រឿងញៀនយ៉ាងណាក្តី តែអំពើហិង្សាសម្លាប់មនុស្សរាប់ពាន់នាក់នេះ បានបង្កឱ្យមានការព្រួយបារម្ភ និងការរិះគន់ពីក្រុមសិទ្ធិមនុស្ស ពិសេសគឺរបស់សហរដ្ឋអាមេរិចដែលជាសម្ព័ន្ធមិត្តជិតស្និតនិងហ្វីលីពីន ជាងនេះទៀត អង្គការសហប្រជាជាតិក៏បានថ្កោលទោសយុទ្ធនាការបោសសំអាតគ្រឿងញៀននេះដែរ។
តែយ៉ាងក្តីលោក Duterte បានច្រានចោលការរិះគន់លើយុទ្ធនាការបោសសំអាតថ្នាំញៀនរបស់លោក ដែលក្នុងនោះមានការចោទប្រកាន់ពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្ស ទាំងក្នុងប្រទេស និងអន្តរជាតិ ដោយហៅការសម្លាប់ឧក្រិដ្ឋជនគឺញៀននោះថា បានប្រព្រឹត្តទៅក្រៅប្រព័ន្ធតុលាការ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) ដែលមានមូលដ្ឋាននៅក្រុងញូវយ៉កបានអំពាវនាវទៅកាន់អង្គការសហប្រជាជាតិ (U.N.) ត្រូវតែលុកដៃចូលទៅក្នុងសង្គ្រាមគ្រឿងញៀននេះ។
បញ្ហាធំបំផុតក្នុងប្រទេសហ្វីលីពីន ដែលបណ្តាលឱ្យលោក Duterte បង្ខំចិត្តប្រើកណ្តាប់ដៃដែកក្នុងយុទ្ធនាការបោសសំអាតគ្រឿងញៀននោះ ក៏ព្រោះតែការចែកចាយ និងការប្រើប្រាស់ថ្នាំញៀនហ្វេតាមីនក្នុងស្រុក សឹងតែក្លាយជាការទិញសាប៊ូមកប្រើប្រាស់ទៅហើយ។
លោក Duterte បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុង Davao ថា៖ «ខ្ញុំមិនដឹងថាតើវាតឹងរ៉ឹងយ៉ាងណាទេ ហើយក៏មិនយល់ថាតើការលុបបំបាត់គ្រឿងញៀនវាក្លាយជាបញ្ហាគំរាមកំហែងធ្ងន់ធ្ងរនោះទេដែលចំពោះសាធារណរដ្ឋជន តែរហូតមកដល់ពេលនេះខ្ញុំក្លាយជាប្រធានាធិប តីទៅហើយ»។

លោកនិយាយទៀតថា៖«យើងបានកម្ចាត់មនុស្សរាប់រយពាន់នាក់រួចទៅហើយក្នុងអាជីវកម្មថ្នាំញៀននេះ» ឥឡូវពួកគេមួយចំនួនកំពុងធ្វើការនៅក្នុងជួររដ្ឋាភិបាលផងដែរ។ លោកបន្តថា៖«យើងត្រូវការពេលវេលាដើម្បីដាក់នូវអ្វីគ្រប់យ៉ាងទៅតាមលំដាប់។ សូមទុកពេលឱ្យខ្ញុំមួយផ្នែកបន្ថែមតិចទៀត គឺប្រហែលជាប្រាំមួយខែទៀតប៉ុណ្ណោះ»។
នៅដើមខែនេះ Duterte ថ្លែងថា៖ «អ្នកពាក់ព័ន្ធនឹងត្រូវសម្លាប់រហូតដល់មេគ្រឿងញៀនចុងក្រោយចេញមុខតាមដងផ្លូវ»។
សូមជម្រាបជូនថា គិតមកដល់បច្ចុប្បន្ននេះ អ្នកជាប់ពាក់ព័ន្ធក្នុងបញ្ហាគ្រឿងញៀនប្រមាណ ៣៥០០ នាក់ត្រូវបានបាញ់សម្លាប់ក្នុងយុទ្ធនាការបោសសំអាតគ្រឿងក្នុងប្រទេសហ្វីលីពីន៕ប្រភព៖CNA