ភ្នំពេញ៖ ពលរដ្ឋជាច្រើនរយនាក់ កំពុងបន្ដស្ថិតនៅស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយពួកគេរង់ចាំការប្រកាសសាលក្រម ពីតុលាការរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ០៩កញ្ញា នេះ ទាក់ទិននឹងសំនុំរឿង លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
តាមសេចក្ដីរាយការណ៍ ប្រជាពលរដ្ឋជាច្រើនរយនាក់ដែលបាន ឡើងមកពីបណ្ដាខេត្តមួយចំនួន បានឡើងមកស្នាក់ការគណបក្ស នេះ តាំងពីល្ងាចម្សិលមិញ ហើយនៅពេលនេះពួកគេកំពុងតែប្រមូលផ្ដុំគ្នា មុខស្នាក់ការគណបក្សសង្គ្រោះជាតិនៅឡើយ។
ប្រជាពលរដ្ឋទាំងនោះ ភាគច្រើនជាសកម្មជនជាអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ពួកគេបានប្រាប់អ្នកសារព័ត៌មានថា មកទីនេះដើម្បីការពារលោក កឹម សុខា មិនអោយមានការនាំខ្លួន។
កាលពីព្រឹកមិញ តុលាការដំបូងរាជធានីភ្នំពេញ បានបើកជំនុំជម្រះក្ដី ជាច្រើនម៉ោង ប៉ុន្ដែមិនមែនក្រុមមេធាវីរបស់លោក កឹម សុខា ចូលតតាំងក្ដីនោះទេ។ ក្រុមមេធាវីទាំងនោះ បានប្ដឹងដិតចិត្ដអោយដូរចៅក្រម ដែលកាត់ក្ដីលោក កឹម សុខា ប៉ុន្ដែអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានបញ្ជាក់ថា ទោះជាមេធាវី មិនចូលមក តតាំងក្ដីក៏ដោយ សវនាការ នៅតែបន្ដជំនុំជម្រះទៅតាមការគ្រោងទុក។
លោក កឹម សុខា ដែលបានសម្ងំនៅស្នាក់ការគណបក្សសង្គ្រោះជាតិ រយៈពេលជាង៣ខែមកនេះ បានចេញមុខជាលើកដំបូងថ្លែងសុរន្ទកថា ទៅកាន់អ្នកគាំទ្រ ដោយលោកបានថ្លែង អរគុណសហគមន៍អន្ដរជាតិ និងប្រជាពលរដ្ឋខ្មែរគាំទ្រគណបក្សសង្គ្រោះជាតិ។
ទន្ទឹមគ្នានេះ មេបក្សប្រឆាំងរូបនេះ អះអាងថា លោកបានតស៊ូដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាង២០ឆ្នាំមកហើយ។ តែទោះបីជាស្ថានភាពបែបនេះក្ដី លោក កឹម សុខា នៅតែប្ដេជ្ញា តស៊ូ បន្ដទៀត។ ករណីរបស់លោក កឹម សុខា បក្សកាន់អំណាចបានចាត់ទុករឿងបុគ្គល៕