ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោក កាលពីយប់ថ្ងៃទី ០៧ខែកញ្ញាថា តុលាការនឹងមិនអាចចាប់ខ្លួនលោក កឹម សុខា នៅថ្ងៃទី៩ កញ្ញានេះទេព្រោះច្បាប់ហាមឃាត់។ តែអ្នកវិភាគយល់ឃើញថា បើតាមយោងតាម ស្ថានភាពបច្ចុប្បន្ន លោក កឹមសុខា នឹងអាចចាប់ខ្លួន ឆាប់ៗនេះ។ លោក ជួន សារ៉េត រាយការណ៍៖

លោក គឹម សន្តិភាព ពន្យល់ថា តាមទិដ្ឋភាពច្បាប់ថា លោក កឹម សុខា ស្ថិតក្នុងឋានៈជាជនជាប់ចោទ ក្នុងបទចោទ «បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះអាចផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ ១លានរៀល»។ ហេតុនេះនៅពេលជំនុំជម្រះ ជាគោលការណ៍តុលាការមិនអាចសម្រេចផ្តន្ទាទោស លើសពីកម្រិតទោស ដែលបានកំណត់ក្នុងច្បាប់នោះឡើយ។ លោកបញ្ជាក់ថាជនជាប់ចោទអាចត្រូវបានតុលាការ សម្រេចផ្តន្ទាទោសក្នុងចន្លោះពី១ខែ ទៅ ៦ខែតែប៉ុណ្ណោះ។
លោក គឹម សន្តិភាព បន្តថាបើតុលាការ សម្រេចផ្តន្ទាទោស រយៈពេលក្រោម ១ឆ្នាំបែបនេះ យោងតាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តុលាការមិនអាចចេញសេចក្តីសម្រេចពិសេសណាមួយទាក់ទងនឹងការឃុំខ្លួន ឬបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទបានទេ ទោះមានវត្តមានជនជាប់ចោទ ឬ មិនមានវត្តមានជនជាប់ចោទក្នុងពេលសវនាការនោះក៏ដោយ។
ប្រសិនបើតុលាការ ចេញប្រកាសសាលក្រម នៅថ្ងៃ៩ ខាងមុខ សម្រេចអំពីការផ្តន្ទាទោសលើជនជាប់ចោទក៏ដោយ ក៏សាលក្រមនេះពុំទាន់ចូលជាស្ថាពរនៅឡើយ ដែលមិនអាចអនុវត្តភ្លាម បាននោះទេ គឺលុះណាតែសាលក្រម ចូលជាស្ថាពរ ទើបតុលាការអាចអនុវត្ត សេចក្តីសម្រេច ដែលបានកំណត់តាមសាលក្រមស្ថាពរ នេះ។
ប្រសិនបើមានការប្រកាស សាលក្រម នាថ្ងៃទី៩ ខាងមុខនេះ យោងតាមមាត្រា ៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងករណីមានវត្តមានជនជាប់ចោទក្នុងពេលសវនាការ សាលក្រមនោះ ជាសាលក្រមចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ឋរណ៍ គិតពីថ្ងៃប្រកាសសាលក្រម។
ក្នុងករណីពុំមានវត្តមានជនជាប់ចោទក្នុងពេលសវនាការ តែជនជាប់ចោទ ទទួលបានការជូនដំណឹងត្រឹមត្រូវតាមច្បាប់ សាលក្រមនោះ ជាសាលក្រមចាត់ទុកចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ឋរណ៍ គិតពីពេលទទួលដំណឹងអំពីសាលក្រម។
ទាក់ទងនឹងករណីនេះដែរ លោក មេធាវី សុក សំអឿន បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា តាមទិដ្ឋភាពផ្លូវច្បាប់ បទល្មើសរបស់លោក កឹម សុខា តុលាការមិនអាចអាចចាប់ខ្លួន លោក កឹម សុខា បានភ្លាមនោះទេ ប៉ុន្តែបើតាមជាករណីនយោបាយវាគឺជារឿងផ្សេង។ មេធាវីរូបនេះបន្តថា ប្រសិនបើតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស លោក កឹម សុខា មែននោះ ទាល់តែប្រធានស្តីទីបក្សប្រឆាំងរូបនេះមិនប្តឹងទៅឧទ្ធរណ៍។
លោក សុក សំអឿន៖«ព្រោះរឿងបទល្មើសហ្នឹងវាទោសដែលធំជាងគេតែ៦ខែទេ ហេតុដូច្នេះវាអត់មានអីត្រូវចាប់ភ្លាមនោះទេលើកលែងតែគាត់អត់ឧទ្ធរណ៍ហើយធ្វើឱ្យសាលក្រមក្លាយជាសាលក្រមដូចថា ស្ថាពរ អាហ្នឹងទើបមានការចេញឱ្យចាប់ខ្លួន ហើយឥលូវរឿងវាដល់តុលាការវាធ្វើតាមតែផ្លូវច្បាប់ហ្នឹង តែអារឿងអីណា អីណាតាមផ្នែកនយោបាយអាហ្នឹងរឿងផ្សេង ប៉ុន្តែរឿងតាមផ្លូវតុលាការយើងមានតែតាមឧទ្ធរណ៍ទៀត»។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ជុំវិញសំណុំរឿងលោក កឹម សុខា ដែលនឹងត្រូវជំនុំជម្រះនៅថ្ងៃទី ០៩ ស្អែកនេះ លោកយល់ថា លទ្ធភាពនៃការចាប់ខ្លួនលោក កឹម សុខា អាចនឹងមានច្រើនជាងមិនចាប់ នៅពេលដែលតុលាការសម្រេចសេចក្តី។
លោក សូ ចន្ថា បន្តថា នៅក្នុងសំណុំរឿងលោក កឹម សុខានេះដែរ លោកសម្លឹងឃើញចំនុចយុទ្ធសាសស្ត្រ ចំនួនពីរសំខាន់ៗមានដូចជា៖ «សេនារីយូ របស់បក្សកាន់អំណាចយើងឃើញថាគោលដៅធំបំផុតគឺធ្វើយ៉ាងណាឱ្យបក្សប្រឆាំងនេះចុះខ្សោយដើម្បីឱ្យបក្សប្រឆាំងចុះខ្សោយទាល់តែមេដឹកនាំបក្សប្រឆាំងទាំងពីររូបហ្នឹងមានលោកកឹម សុខា នឹងលោកសម រង្ស៊ី អវត្តមានពីឆាកនយោបាយដូច្នេះខ្ញុំគិតថាជាចំណុចក្តៅដែរជាសេនារីយូដែលបក្សកាន់អំណាចធ្វើពេលកន្លងមកនេះ ចំណុចទី០២ ខ្ញុំគិតថាអាចនឹងមិនមានការចាប់ខ្លួនទេប្រសិនបើមានការសម្របសម្រួល ឬក៏មានការជជែកគ្នាបក្សកាន់អំណាច នឹងបក្សប្រឆាំងហើយអាចនឹងមានការដោះដូរអ្វីមួយ » ។
លោក សូ ចន្ថា បន្ថែមថាប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា មែននោះស្ថានភាពនយោបាយនឹងមានការប្រែប្រួល ព្រោះអ្នកដែលគាំទ្របក្សសង្គ្រោះជាតិអាចនឹងចូលរួមតវ៉ា ឬតតាំងជាមួយកងកម្លាំងសមត្ថកិច្ច ។បន្ថែមពីនេះទៀតនោះអាចនឹងមានការលូកដៃចូលរួមពីសហគមន៍អន្តរជាតិដើម្បីជួយសម្របសម្រួលក្នុងករណីនេះ។ លោកគិតថា ដើម្បីស្វែងរកចំនុចរួមមួយក្នុងការផ្សះផ្សាជាតិគឺមានតែគណបក្សនយោបាយធំៗទាំងពីរត្រូវងាកទៅរកតុចចារជាមួយគ្នាឡើងវិញ។
«ខ្ញុំគិតថាអត់មានជំរើសអីក្រៅពីការងាកទៅរកការចចារគ្នាដែលយើងហៅថាវប្បធម៌សន្ទនា វប្បធម៌ជជែកគ្នានោះទេប្រសិនបើអ្នកនយោបាយនៅកម្ពុជាចង់ឈ្នះចង់ចាញ់រៀងខ្លួនៗ ចំណុចនោះហើយដែលជាការដើរជាន់ដានប្រវត្តិសាស្ត្ររបស់កម្ពុជាដែលធ្លាប់ជួបពីអតីតកាល គឺកម្ពុជាគឺជាអ្នកខាតបង់ ហើយបរទេសនោះគឺជាអ្នកចំណេញ»។
នៅមុនមួយថ្ងៃនៃការជំនុំជម្រះក្តី លោក កឹម សុខា នាថ្ងៃទី ៩ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ ដោយស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញផ្អាកសវនាការលើរឿងក្តីកឹម សុខា និងលោក អ៊ុំ សំអាន ។ តែអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមរយៈ តេលេក្រាមនៅថ្ងៃនេះថា ការជំនុំជម្រះក្តីលោក កឹម សុខា នឹងប្រព្រឹត្តិទៅតាមកាលកំណត់ ។
សូមជំរាបថា លោក កឹម សុខា ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចោទពី បទ បដិសេធក្នុងការចូលខ្លួន ក្នុងសំណុំរឿងនាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេសង្ស័យថា មានស្នេហា លួចលាក់ជាមួយ លោក កឹម សុខា ។ យោងតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ បទបដិសេធក្នុងការចូលខ្លួននេះផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ៕