ភ្នំពេញ៖ អនុប្រធានស៊ើបអង្កេត នៃសមាគម ការពារសិទិ្ធមនុស្សអាដហុក អំពាវនាវឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ដើម្បីផ្លាស់ប្ដូរការដឹកនាំនៅកម្ពុជាដែលហៅថាជាការផ្លាស់ដោយវិជ្ជមាន។
ការថ្លែងរបស់លោក ណៃ វង់ដា ធ្វើឡើងនៅពេលលោក ត្រូវបានសមត្ថកិច្ច គ្រៀកនាំចូលសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃសុក្រនេះ។
ក្នុងស្ថានភាព ជាអ្នកទោស ស្លៀកសំលៀកបំពាក់ ពណ៌ស្លាទុំលោក ណៃ វង់ដា ដែលជាអ្នកច្បាប់ផងដែរ នៃសមាគមអាដហុក ប្រកាសប្រាប់សារព័ត៌មានថា៖ «ចុះឈ្មោះបោះឆ្នោតដើម្បីផ្លាស់ប្ដូរជាវិជ្ជមាន ឆ្នាំ២០១៧ -២០១៨»។
នៅថ្ងៃនេះ មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ទាំងបួនរូប គឺ មាន លោក ណៃ វង់ដា លោក យី សុខសាន្ដ លោកស្រី លឹម មុនី និងលោក នី សុខា ត្រូវបាននាំខ្លួនចូលសាលាឧទ្ធរណ៍នៅថ្ងៃនេះ ក្នុងសំណុំរឿង មោឃភាព ដែលមេធាវីបានប្ដឹងករណី អង្គភាពប្រឆាំងអំពើពុករលួយ សួរចម្លើយអ្នកទាំងនោះ ហួសម៉ោងរដ្ឋបាល និងរំលោភនីតិវិធីតុលាការ។
អ្នកទាំងបួននាក់នេះ ត្រូវបានតុលាការរាជធានីភ្នំពេញ ចោទប្រកាន់ពីបទសូប៉ាន់សាក្សី នាងខុម ចាន់តារាទី ហៅស្រីមុំ ពាក់ព័ន្ធនិងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា៕