អត្ថបទជំនួយស្មារតីសម្រាប់អ្នកសារព័តមាន
កាលពីសប្ដាហ៍កន្លងទៅនេះកាកបាទក្រហម ខេត្តសៀមរាបបានរៀបចំ បង្រៀនពី«មូលដ្ឋាននៃការបើកបរដោយសុវត្ថិភាព »ដល់យុវជនអ្នកបើកបរវ័យក្មេងចំនួន ពីរលើក គឺនៅសាកលវិទ្យាល័យបៀលប្រាយមួយលើក និងនៅសាខាសកលវិទ្យាល័យបញ្ញាសាស្ត្រមួយលើក និងមានអ្នកចូលរួមសរុបចំនួន ២២០នាក់ ។
វគ្កបណ្ដុះបណ្ដាលនេះ ក៏មានកិច្ច សហការជាមួយនិងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សាកលវិទ្យាធិការ និងដោយមានការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសពីអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង(IARD)។
នេះគឺជាគំនឹតផ្ដួចផ្ដើមថ្មីមួយ ក្នុងបរិបទដែលអ្នកបើកបរវ័យក្មេងកាន់តែច្រើនឡើងៗបានក្លាយនិងកំពុងតែក្លាយទៅជាអ្នកកាន់ដៃចង្កូតបញ្ជារយានយន្តនៅលើដងផ្លូវ។
របាយការណ៍នៃប្រព័ន្ធព័តមានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចេញផ្សាយដោយគណ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថាជិតពាក់កណ្ដាល(៤៧%) នៃចំនួនជនរងគ្រោះថ្នាក់ដល់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាយុវជនវ័យក្មេងអាយុចន្លោះពី១៥ ដល់ ២៩ឆ្នាំ។ នេះមានន័យថាក្រុមយុវជនដែលកំពុងតែក្លាយខ្លួនទៅជាអ្នកស្នងវេនបន្ដរបស់ប្រទេសជាតិត្រូវបានរងគ្រោះដ៏គួរឲ្យសោកស្ដាយហើយ ប្រទេសត្រូវខាតបង់ធនធានមនុស្ស និងកម្លាំងសកម្មក្នុងការកសាងជាតិ ។ ថែមពីលើនេះទៀត តាមរបាយការណ៍នៃការធ្វើអង្កេតប្រជាសាស្ត្រនិងសុខភាពឆ្នាំ២០១៤ ប្រជាជនកម្ពុជាមានអត្រាប្រជាជនវ័យក្មេងច្រើន គឺ៤៣%នៃប្រជាជនសរុបក្នុងប្រទេសដែលមានអាយុចន្លោះតិចជាង២០ឆ្នាំគឺ មានន័យថាក្រុមនេះនឹងចាប់ផ្ដើមកាន់ដៃចង្កូតបញ្ជារយានក្នុងជីវិតរស់នៅរបស់គេនាពេល គឺ ការអប់រំដល់ពួកគេ គឺជាយុទ្ធសាស្ត្រមានលក្ខណៈយូរអង្វែង សំដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលអនាគត។
ក្នុងន័យនេះកាកបាទក្រហមកម្ពុជា រួមជាមួយដៃគូនានាដូចបានរៀបរាប់បានរៀបចំការបណ្ដុះបណ្ដាលនេះគឺធ្វើឡើង ក្នុងគោលបំណងដើម្បី៖
(១) រួមចំណែកកាត់បន្ថយចំនួនជនរងគ្រោះ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តាមរយៈការផ្ដល់នូវព័តមាន ចំណេះដឹង និងដំណោះស្រាយសមស្រប គឺជាមូលដ្ឋានដល់អ្នកបើកបរយានយន្ដគ្រប់រូបឲ្យបានដឹង ជាពិសេសពីមូលហេតុធំៗដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងកិច្ចប្រតិបត្តិដែលអាចជៀសពីគ្រោះថ្នាក់។
(២)ឲ្យយុវជនទើបចាប់ផ្ដើមពេញវ័យ និងចាប់ផ្ដើមកាន់ដៃចង្កូតយានលើកដំបូងៗនៃជីវិតបណ្ដុះបាននូវវប្បធ៌មសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសអនុវត្តបាននូវវិធានការបើកបរដោយសុវត្ថិភាពតាមរយៈការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យតម្លៃពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។
(៣) ឲ្យយុវជនវ័យក្មេងដែលមានចំនួនច្រើនលើសលប់ក្នុងសង្គម និងជាអនាគតនៃសង្គម ធ្វើជាគម្រូក្នុងថ្នាក់រៀន ក្នុងគ្រួសារ និងនៅលើផ្លូវថ្នល់គឺការជំការជំរុញបើកបរប្រកបដោយសុវត្ថិភាព និងពាំនាំឥរិយាបទបើកបរដោយសុវត្ថិភាពដល់អ្នកបើកបរទូទៅ។
លោក ខឹម សុផល ប្រធានគម្រោងសុវត្ថិភាពចរាចរណ៍ នៃកាកបាទក្រហមកម្ពុជា បានលើកឡើង ថា ខ្លឹមសារសំខាន់ដែលត្រូវបង្រៀនសិស្សវ័យដំបូងក្នុងការកាន់ដៃចង្កូតយាននាពេលនេះ៖
១)-ការស្វែងយល់ពីមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោក និងបទពិន័យអន្តរការណ៍ចំពោះអំពើល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោកខ្លះៗ ។
២)- ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗមួយចំនួន។
៣)-វិធីបើកបរដោយសុវត្ថិភាព ដូចជាការបត់ឆ្វេង បត់ស្ដាំ ការជែង ការឈប់ ជាដើម ។
គួររំលឹកដែរថា សុជីវធ៌មនៃការបើកបរក៏ត្រូវបានលើកយកមកបង្ហាញក្នុងកម្មវិធីនេះផងដែរ។ ការរៀបចំវគ្គដូចគ្នានេះនឹងត្រូវធ្វើចំនួន១០លើកនៅក្នុងខេត្តសៀមរាប។ ប៉ុន្តែនេះគឺជាការរៀបចំលើកទីមួយ ហើយការរៀបចំជាបន្តបន្ទាប់ទៀតនឹងត្រូវធ្វើនៅតាមបណ្តា វិទ្យាល័យ និងសកលវិទ្យាល័យ ចំនួន៨លើកទៀតក្នុងរយៈពេលពីខែ សីហា ដល់ខែកញ្ញាខាងមុខនេះ។
លោកខឹម សុផលបញ្ជាក់បន្ថែមថា នឹងមានកិច្ចសហការរៀបចំបង្រៀនដូចគ្នានេះនៅក្នុង រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកណ្តាល។ សិស្ស និស្សិត ជាអ្នកបើកបរវ័យក្មេង នឹងទទួលការបណ្ដុះបណ្ដាលនៅក្នុងខេត្ត ក្រុងដែលគោលដៅទាំងអស់មានចំនួនសរុបជិត ៥ ០០០នាក់។ លោកសម្ដែងក្ដីសង្ឃឹមថា កាលបើអ្នកបើកបរវ័យក្មេងបានទទួលការយល់ដឹងច្រើន គឺតទៅថ្ងៃមុខពួកគេនឹងអាចយកទៅអនុវត្តដោយខ្លួនឯង នឹងអាចជាគម្រូដល់អ្នកដទៃទៀតបានល្អ។
និស្សិត ឃុត សុខៀង ភេទប្រុស អាយុ២១ឆ្នាំ រៀននៅថ្នាក់ឆ្នាំទី១នៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប បានឆ្លើយតបដោយសម្ដីមួយៗនិងច្បាស់ៗថា៖« ទោះជារៀនដល់ថ្នាក់សាកលវិទ្យាល័យក៏ពឹតមែន តែចំណេះក្នុងការបើកបរទោចក្រយានយន្តគឺខ្ញុំមិនដែលបានទទួលការបង្ហាត់បង្ហាញពីសាលាបើកបរម្ដងណាឡើយ។ រាល់ថ្ងៃចេះតែជិះតាមទម្លាប់ទៅ។ការយល់ដឺងពីផ្លាកសញ្ញាចរាចរណ៍ គឺនៅមានកម្រឹតតិចតួច។ សុំរំលឹកថា ខ្ញុំចេះជិះម៉ូតូក្រោយពីឪពុកខ្ញុំបានទិញម៉ូតូនោះឲ្យខ្ញុំតែប៉ុណ្ណោះ។ ក្រោយពីទទួលការបណ្ដុះបណ្ដាលពេលនេះ ខ្ញុំភ្ញាក់ខ្លួនព្រើតថាកន្លងមកខ្ញុំបានប្រព្រឹត្តកំហុសដោយអចេតនាជាច្រើនលើកនៅលើដងផ្លូវដោយសារតែការមិនយល់ដឹងពីច្បាប់ ពីផ្លាកសញ្ញាចរាចរណ៍នោះតែម្ដង។ ពេលនេះដឹងហើយ ដូច្នេះនឹងព្យាយាម កែប្រែឥរិយាបទខុសឆ្គងទាំងឡាយឲ្យបាននេះម្យ៉ាង ហើយម្យ៉ាងទៀតនឹងដាក់ចិត្តជួយណែនាំដល់មិត្តភក្តិដែលមិនបានយល់ពីមូលដ្ឋានបើកបរដោយសុវត្ថិភាព ឲ្យគេបានយល់និងអនុវត្តដូចខ្ញុំដែរដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា» ។
យុវតីម្នាក់ទៀតគឺ ភៀច គឹមលី អាយុ ២០ឆ្នាំ និស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានសម្ដែងការចាប់អារម្មណ៍និងទទួលស្គាល់ថា ការបើកបររបស់ខ្លួននាង និងមិត្តភក្ដិមិនទាន់បានត្រឹមត្រូវតាមច្បាប់ចរាចរណ៍នៅឡើយ។ កញ្ញាភៀច គឹមលីបន្តថា ការគោរពល្បឿន ការប្ដូរគន្លងផ្លូវ ការបត់ឆ្វេង ស្ដាំជាដើមនៅមានការខ្វះចន្លោះច្រើននៅឡើយ។
នាងចង់ផ្ដាំផ្ញើដល់យុវជន យុវតី ទាំងអស់ត្រូវគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានជាអតិបរមាដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ។ ក្រៅពីនោះត្រូវមានសុជីវធ៌មក្នុងការបើកបរ ព្រមទាំងយល់អធ្យាស្រ័យអ្នកធ្វើដំណើរដទៃផងដែរ ៖«ខ្ញុំចង់ឲ្យប្រជាពលរដ្ឋអ្នកបើកបរនិងធ្វើដំណើរលើដងផ្លូវទាំងអស់មានការយល់ដឹងដូចរូបខ្ញុំដែរដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន»។
គួររម្លឹកថា ចាប់តាំងពីឆ្នាំ២០១៥មក គម្រោងសុវត្ថិភាពចរាចរណ៍ របស់កាកបាទក្រហមកម្ពុជាបានទទួលការគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុពីអង្គការ IARD ក្នុងការអនុវត្តគម្រោងសុវត្ថិភាពចរាចរណ៍នៅក្នុងខេត្តចំនួនប្រាំរួច គឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ដោយមើលឃើញពីវឌ្ឍនភាពនិងភាពចាំបាច់ នៅក្នុងឆ្នាំ២០១៦នេះ កាកបាទក្រហមកម្ពុជាក៏បន្តពង្រីកដល់៣ខេត្តថ្មីទៀត គឺខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលមានអត្រារងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ធៀបនឹងខេត្តដទៃទៀត។
សម្រាប់ព័តមានបន្ថែម៖ លោក ខឹម សុផល
ទូរសព្ទ័ 078 53 54 06