ដោយសារតែអាត្រាស្រីជក់បារីនាពេលបច្ចុប្បន្ននេះ នៅមានកម្រិតទាប ពួកគេបានក្លាយជាគោលដៅថ្មីដែលក្រុមហ៊ុនផលិតបារីកំពុងសម្លឹងឃើញ។ ដើម្បីទាក់ទាញស្រី្តឱ្យចាប់អារម្មណ៍លើបារី ក្រុមហ៊ុនទាំងនោះបានរចនាកញ្ចក់បារីថ្មីៗ ស្រស់ស្អាត និង មានរូបរាងគួរឱ្យទាក់ទាញ។នេះបើតាមការលើកឡើងរបស់លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា។
ខណៈដែលម៉ាកបារីទាំងនោះមិនទាន់ចរាចរណ៍ក្នុងប្រទេសកម្ពុជា លោករំពឹងថា ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ នឹងអាចហាមមិនឱ្យម៉ាក់បារីទាំងនោះ មិនឱ្យមានដាក់តាំងលក់តាមតូបនានា ក្នុងប្រទេសកម្ពុជានោះទេ។
ស្តាប់សំឡេង៖
ដើម្បីទាក់ទាញអ្នកជក់បារី ជាពិសេសស្រី្ត គឺម៉ាកកញ្ចប់បារីថ្មីត្រូវបានរចនាឡើងយ៉ាងស្អាត។ លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងវគ្គបណ្តោះបណ្តាល ស្តីពីបរិស្ថានគ្មានផ្សែងបារី ដល់អាជ្ញាធរភូមិ សង្កាត់ អាជីវករ ម្ចាស់ភោជ នីយដ្ឋាន ម្ចាស់ក្លឹបកំសាន្ត និងម្ចាស់ហាងម៉ាស្សា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ នៅសាលាខណ្ឌពោធិ៍សែន។
លោក មុំ គង់ បន្តថា បច្ចុប្បន្នកញ្ចប់បារីត្រូវបានផលិតឡើង ដោយមានពណ៌ស្រស់ៗ មានរាងតូច ស្លីម ព្រមទាំងបញ្ជាក់ពីម៉ាកថាសម្រាប់ស្រី្ត។
ជាមួយគ្នានេះដែរ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ស្ត្រីឱ្យងាកមកទិញបារី ក្រុមហ៊ុនផលិតបារី បានដាក់រូបភាពនៅលើកញ្ចប់មានរូបផ្លែឈើផ្សេងៗ តំណាងឱ្យផ្លែស្ត្រប៊ឺរី ផ្លែគីវី និងរសជាតិផ្លែក្រូច ដើម្បីបំភ័ន្តឱ្យស្ត្រីយល់ថា ជក់បារីអាចមានសុខភាពល្អបានដែរ។
ទន្ទឹមនឹងនេះលោកបានក៏បានឱ្យដឹងផងដែរថា ដោយសារអាត្រាជក់បារីរបស់ស្ត្រីនៅមានកម្រិតទាប បច្ចុប្បន្ននេះ កញ្ចប់បារីប្រភេទថ្មីមួយម៉ាកទៀត ត្រូវបានគេផលិតឡើងឱ្យមានរាងដូចប្រអប់គ្រឿងតុបតែងខ្លួនរបស់ស្ត្រី ព្រមទាំងមានកញ្ចក់ឆ្លុះមុខផង ដើម្បីទាក់ទាញស្ត្រី ដោយសារតែពួកគេគឺគោលដៅថ្មីរបស់ក្រុមហ៊ុនផលិតបារី។ «អញ្ចឹងគេផលិតបារីហ្នេងឱ្យមានពណ៌ដូចរបស់កុមារ ដូចរបស់កូនៗយើងដែលប្រើ ប្រាស់ពណ៌ ដើម្បីអី ក្រុមហ៊ុនគឺដើម្បី ឱ្យកមុមារនៅពេលប្រើកូល័រ គឺស្គាល់កូល័រ ចូលចិត្តកូល័រអញ្ចឹងនៅពេលដែលផលិតបារី ដែលមានរូប រាងដូចកូល័រ ហ្នឹង គឺធ្វើឱ្យកុមារហ្នឹងចាប់ផ្តើមអារម្មណ៍ស្រលាញ់បារី»។
លោកបន្ថែមថា ក្រៅពីស្ត្រី កុមារ ក៏ជាគោលដៅរបស់ពួកគេផងដែរ។ «អញ្ចឹងដោយសារបារីដែលមានរូបភាពសម្រាប់ទាក់ទាញស្រ្តីអស់ហ្នឹង មិនទាន់មកដល់ស្រុកយើង វាយលុកនៅស្រុកយើងនៅឡើយ អញ្ចឹងបង្កាមុន មុននឹងរឿងទាំងអស់ហ្នឹងមិនទាន់មកដល់។»
នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជារូបនេះ បានថ្លែងថា អាត្រាស្រី្តជក់បារីនៅកម្ពុជានាពេលបច្ចុប្បន្នមានតែ ៣% ប៉ុណ្ណោះ ។ យ៉ាងមិញលោក មុំ គង់ រំពឹងថា ម៉ាកបារីទាំងនោះនឹងមិនត្រូវបាននាំចូល ឬដាក់លក់នៅក្នុងប្រទេសកម្ពុជា ដោយសារតែកម្ពុជា មានច្បាប់មួយតឹងរឹង។

លោក សំណាង មេការក្លឹបដាយមែន II ដែលបានមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ បានប្រាប់ថា បើទោះបីជានៅក្នុងកន្លែងរបស់លោកមានដាក់ផ្លាកសញ្ញាដាក់ហាមមិនឱ្យជក់បារីក៏ដោយ ប៉ុន្តែអ្នកដែលមកកំសាន្ត នៅតែនាំគ្នាជក់ដោយក្នុងនោះមានប្រមាណ ៥០%។
បែបនេះក្តីលោកថា ស្ត្រីជកបារីមានមិនដល់ ១% នោះទេ។ លោកថា ប្រសិនបើមានដាក់តាំងលក់ម៉ាក បារីស្រស់ស្អាត ទាំងនោះ នឹងមានស្ត្រីប្រើប្រាស់បារីពី ៦០% ទៅ ៧០%។
យ៉ាងណាមិញលោកប្តេជ្ញាថា និងផ្សព្វផ្សាយទៅដល់ភ្ញៀវមិនឱ្យជក់បារី និងកាត់បន្ថយការដាក់តាំងលក់បារី។ សំណាង៖ «អត់ឥលូវពួកយើង ទៅវិញយើងមានតែកាត់បន្ថយទំាងអស់ប៉ុន្តែគ្រាន់តែចង់ឱ្យមានការផ្សព្វផ្សាយឱ្យទូលំទូលាយដូចតាមវិទ្យុ ឬក៏តាមទូរទស្សន៍អីទៅដើម្បី យើង និយាយជាមួយភ្ញៀវយើងដឹងស្រួលម៉ង គាត់ដឹងថាអ្វីជាអ្វី ជួនកាលភ្ញៀវខ្លះគាត់អត់ទាន់ដឹងថាអ្វីជាច្បាប់អញ្ជឹងគាត់ជាសាធារណៈយើងមិន អាចបន្ទោសគាត់បាននោះទេតែបើសិនជាយើងផ្សព្វផ្សាយលក្ខណៈទូលំទូលាយយើងស្រួលនិយាយជាមួយគាត់»។
របាយការណ៍សុខភាពពិភពលោក បានបង្ហាញថា នៅទូទាំងពិភពលោកមានមនុស្ស ៦ លាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយមនុស្ស ៦ សែននាក់បានស្លាប់ ដោយសារស្រូបផ្សែងបារីពីគេ។ ចំណែកនៅកម្ពុជា មនុស្សប្រមាណ ៣០នាក់បានស្លាប់ជារៀងរាល់ដោយបារីនេះ។
ការជក់បារីបានបង្កឱ្យមានជំងឺឆ្លង និងជំងឺមិនឆ្លងជាង២០០ប្រភេទដូចជាមហារីកសួត មាត់ បំពង់ក តម្រងនោម និងជំងឺផ្សេងៗទៀត ហើយចំពោះស្រី្តធ្វើឱ្យកើនឡើងនូវជំងឺមហារីកសុដនជាដើម៕