ភ្នំពេញ៖ មេធាវីរបស់រដ្ឋាភិបាលបានស្នើសុំឲ្យព្រះរាជអាជ្ញាកោះហៅសាក្សីមកបំភ្លឺនៅតុលាការ ក្នុងសំណុំរឿងសមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធរឿងភ្ជាប់ប្រមុខរដ្ឋាភិបាលជាមួយនឹងអំពើឃាតកម្មលោកបណ្ឌិត កែម ឡី។ ចំណែកមេធាវីការពារក្តីឲ្យសមាជិកព្រឹទ្ធសភាគណបក្សឆាំងអះអាង កូនក្តីរបស់លោកមានសាក្សីរឹងមាំ ដើម្បីជួយដោះបន្ទុក។ លោក ធូ វិរៈ រាយការណ៍ព័ត៌មាន៖
នៅព្រឹកថ្ងៃទី ០៥ ខែសីហា នេះ មេធាវីការពារក្តីឲ្យសម្តេច ហ៊ុន សែន គឺ លោក គី តិច បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញបណ្តឹងរបស់លោក ប្តឹង លោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាបក្សប្រឆាំងកាលថ្ងៃទី ០១ ខែសីហា ដែលថា សម្ដេច ហ៊ុន សែន នៅពីក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះមួយរូប។
បន្ទាប់ពីចូលបំភ្លឺ នៅចំពោះមុខលោកព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន បានស្នើសុំឲ្យព្រះរាជអាជ្ញានៃតុលាការជាន់ទាបនេះ កោះហៅសាក្សី ដែលបានស្តាប់ និងចូលរួមក្នុងវេទិការ កាលពីថ្ងៃទី ២៩ខែកក្កដា ឆ្នាំ២០១៦ ដែលលោកស្រីថាក់ឡានី មានប្រសាសន៍នៅពេលនោះ។
លោក គី តិច៖«នៅក្នុងនេះខ្ញុំបានសុំទៅតំណាងអយ្យការ ដើម្បីសុំឲ្យគាត់កោះអញ្ចើញសាក្ស៊ី ដែលបានស្តាប់ផ្ទាល់នៅនឹងកន្លែងវេទិការ មកសួរបន្ថែម។ សំឡេងនេះតំណាងអយ្យការកំពុងទទួល ហើយក៏កំពុងតែពិនិត្យមើល ហើយរឿងថា ក្លែងក្លាយ ឬ មិនក្លែងក្លាយអាហ្នឹងតិចទៀតយើងដឹងហើយ ព្រោះតុលាការមាននីតិវិធី បែបបទពិនិត្យមើលថាតើសំឡេងពិត ឬសំឡេងក្លែងក្លាយ តែចំពោះខ្ញុំ ខ្ញុំយល់ថា អត់មានកាត់តទេ គឺជាសំឡេងពិតប្រាកដរបស់គាត់»។
នៅក្នុងវេទិកានោះ លោកស្រី ឡា នី បានថ្លែងទៅកាន់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈមួយ នៅខេត្តរតនគិរី ថាសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាអ្នកបាញ់សម្លាប់លើលោក បណ្ឌិត កែម ឡី។
ប៉ុន្តែលោកស្រីចាត់ទុកការបង្ហោះឃ្លីបនេះថាជាការកាត់ត។ ទោះបីយ៉ាងណាក្តី លោក គី តិច មេធាវីសម្តេច ហ៊ុន សែន បានអះអាងថា ការថ្លែងនេះ គ្រាន់តែជាលេសប៉ុណ្ណោះ។
មេធាវីរបស់ប្រមុខរដ្ឋាភិបាល បានចាត់ទុកការលើកឡើងរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក ស្រី ថាក់ ឡានី គឺជារៀបចំទុក ដើម្បីបង្ខូចកិត្តិយសមុខមាត់ប្រមុខដឹកនាំ សម្តេច ហ៊ុន សែន ក្នុងគោលបំណងទាញប្រជាប្រិយភាពផ្នែកនយោបាយប៉ុណ្ណោះ។
ព្រឹកថ្ងៃសុក្រនេះដែរ លោកមេធាវី គី តិច ក៏បានឆ្លើយការពារបណ្តឹងដែលលោកប្តឹងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅពេលមេបក្សប្រឆាំងរូបនេះ បានសរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី ១០ កក្កដា ថា «ការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី គឺជាការរៀបចំដោយរដ្ឋអំណាច»។
មេធាវីរបស់រដ្ឋាភិបាលរូបនេះ បានអះអាងថា ការលើកឡើងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី គឺជាកេងចំណេញផ្នែកនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់មុខមាត់សម្តេច ហ៊ុន សែន យ៉ាងខ្លាំង។
លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងនឹងត្រូវចូលបំភ្លឺនៅ តុលាការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ០៨ ខែសីហា វេលាម៉ោង ២ រសៀល ។ ចំណែក លោក សម រង្ស៊ី តុលាការកោះហៅឲ្យចូលឆ្លើយបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងរបស់មេធាវីរដ្ឋាភិបាល គឺលោក គី តិច នៅថ្ងៃទី ១៩ខែសីហា នៅម៉ោង ៨:៣០ ព្រឹក។
ចំណែកមេធាវីការពារក្តីឲ្យលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី គឺ លោក សំ សុគង់ បានមានប្រសាសន៍ថា កូនក្តីរបស់លោកមិនព្រួយបារម្ភនឹងការស្នើសុំឲ្យព្រះរាជអាជ្ញាកោះហៅសាក្សីមកសាក់សួរឡើយ ។
លោកមេធាវីរូបនេះ អះអាងថា កូនក្តីរបស់លោកមានភស្តុតាងរឹងមាំដោយសង្ឃឹមថា នឹងអាចជួយដោះបន្ទុក កូនក្តីរបស់លោក គឺលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាបក្សប្រឆាំងឲ្យរួចផុតពីការចោទប្រកាន់។
លោក សំ សុគង់៖«ភស្តុតាំងខាងមេធាវីការពារនៅតែរឹងមាំ ទី១ យើងផ្អែកទៅលើជំហរ អ្វីដែលកូនក្តីបានលើកឡើង គឺយើងមើលឃើញថា កូនក្តីអះអាថា ខ្លួនមិនមានកំហុស ដូចការចោទប្រកាន់ទេ។ ហើយទី២ វាស៊ីទៅនិងភស្តុតាំងមួយចំនួនយើងប្រមូលបានគឺ វាស៊ីសង្វាក់គ្នា អញ្ចឹងខ្ញុំគិតថា ភស្តុតាំងមេធាវីការពារនៅរឺងមាំ ហើយនិងជជែកគ្នាថាភស្តុតាំងណាមួយត្រឹមត្រូវ ស្របច្បាប់ ហើយភស្តុតាំងណាយើងជឿជាក់បានយកទៅតតាំងនៅតុលាការ»។
ពាក្យបណ្ដឹងរបស់លោក គី តិច ប្ដឹងលោក សម រង្ស៊ី និងពាក្យបណ្ដឹង លើលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្សសង្គ្រោះជាតិ មិនទាន់បញ្ជាក់អំពីបទចោទអ្វីនៅឡើយទេ។
ក្រោយពីបានស្តាប់ចម្លើយរបស់លោកមេធាវី គី តិច ជាដើមបណ្តឹង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមបណ្តាញតេឡេក្រាម ថាតាមការពិនិត្យបណ្តឹង និងភស្តុតាងបានផ្តល់ប្រយោជន៍ឲ្យតំណាងអយ្យការ នឹងបន្តចំណាត់ការសើបអង្កេតនៅក្នុងរឿងក្តីនេះ ។
លោក លី សុផាណា៖« ក្រោយពីបានស្តាប់ចម្លើយលោកមេធាវី គី តិច ជាដើមបណ្តឹង ការពិនិត្យបណ្តឹងនិងភស្តុតាងបានផ្តល់ប្រយោជន៍សម្រាប់អោយតំណាងអយ្យការ នឹងបន្តចំណាត់ការសើបអង្កេតនៅក្នុងរឿងក្តីនេះ »។
ពាក្យបណ្ដឹង របស់លោកមេធាវី គី តិចនោះ មានខ្លឹមសារប្រហាក់ប្រហែលគ្នា គឺជាការចោទប្រកាន់ មួលបង្កាច់ និងទម្លាក់កំហុសយ៉ាងងងិតងងុល ប៉ះពាល់ទៅដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សម្ដេច ហ៊ុន សែន និងមានចរិតញុះញ៉ុង ដល់មហាជន ដែលអាចបង្កឲ្យមានចលាចលក្នុងសង្គម និងប៉ះពាល់ដល់ដំណើរការនីតិវិធី របស់តុលាការ។
លោកមេធាវី គី តិច បានស្នើសុំឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសទាំងលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី ទៅតាមផ្លូវច្បាប់ និងទាមទារសំណង ជម្ងឺចិត្ត ចំនួនទឹកប្រាក់ ១០០រៀល៕