ភ្នំពេញ៖ គឺជារឿងគួរឱ្យអៀនខ្មាស់មួយ បើប្រទេសមួយត្រូវបានគេលាតត្រដាងរឿងអាក្រក់ ករណីរំលោភសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ ។ គេធ្លាប់លឺតែប្រទេស កូរ៉េខាងជើង និងអតីតរបបយោធាភូមា ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ថ្កោលទោស និងចាត់ទុកជារដ្ឋមានការរំលោភសិទ្ធិមនុស្ស គួរព្រួយបារម្ភ ។
តែឥឡូវនេះ ប្រទេសមួយនៅអាស៊ីអាគេ្នយ៍ បានមកទទួលខ្លួនជំនួស អតីតរបបយោធាភូមា។ កាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិបានចេញសេចក្ដីសម្រេចមួយ ដោយដាក់ប្រទេសកម្ពុជា ជារដ្ឋរំលោភសិទ្ធិមនុស្ស និងបំបាត់សំឡេង ក្រុមប្រឆាំង ថាគួរឱ្យព្រួយបារម្ភ។ តែ សេចក្ដីសម្រេច របស់អង្គការពិភពលោកនេះ ត្រូវបាន បក្សកាន់អំណាចបដិសេធ ហើយវាយបកវិញថាការចោទប្រកាន់មួយមិនមានមូលដ្ឋានជាក់ស្ដែង។
តាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលស្រង់មកចុះផ្សាយក្នុងគេហទំព័រ របស់អង្គការអន្តរជាតិមួយឈ្មោះ Forum Asia គេបានដាក់ប្រទេស កម្ពុជា ជាការកត់សំគាល់ធ្វើឡើងនៅក្នុងសម័យប្រជុំ លើកទី៣២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សេណេវ ប្រទេសស្វិសកាលពីសប្ដាហ៍មុន។ ប្រទេសដែលជំរុញឱ្យមានសេចក្ដីសម្រេច នេះ គឺមាន ប្រទេសជប៉ុន អាមេរិក អង់គ្លេស បារាំង និងសហភាពអឺរ៉ុប រួមនឹងអង្គកាម្គាល់ ដោយបានហៅកម្ពុជាជារដ្ឋមួយ មានការរំលោភលើ ក្រុមបក្សប្រឆាំង ក្រុមអង្គការសិទ្ធិមនុស្ស និងបំពានសិទ្ធិមនុស្ស។ សេចក្ដីសម្រេចនេះ មោះធ្រអន្តរជាតិមួយចំនួនទៀត។ តាមសេចក្ដីសម្រេចនេះមានរដ្ឋជាច្រើនទៀតបានឡើងនិយាយ រិះគន់ការដឹកនាំនៅកម្ពុជា។
កាលពី៣ឆ្នាំមុនក្រុមប្រឹក្សាសិទិ្ធមនុស្ស អង្គការសហប្រជាជាតិបានដកឈ្ប្រទេសភូមា ចេញពីបញ្ជីខ្មៅ របស់ខ្លួន ដោយសារប្រទេសនេះបានកែទម្រង់ការដឹកនាំប្រទេស ហើយ ងាក់មករកការដឹកនាំបែបប្រជាធិបតេយ្យ។ តែនៅពេលជាមួយគ្នា ស្ថាប័នពិភពលលោកមួយនេះក៏នៅតែ ដាក់ប្រទេសកូរ៉េខាងជើង ដែលមានមេដឹកនាំផ្ដាច់ការ វ័យក្មេង គឹម ជុង អ៊ុន ថាជារដ្ឋមួយរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។ ចុះចំណែកកម្ពុជាវិញ អ្នកវិភាគកម្ពុជា យល់ឃើញដូចម្ដេច ចំពោះសេចក្ដីសម្រេចរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ?
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយលោក សូ ចន្ថា មានប្រសាសន៍មកកាន់វិទ្យុស្ដ្រីនៅថ្ងៃ ពុធ ទី ០៦ កក្កដា នេះថា ការំលោភសិទ្ធិមនុស្សនៅកម្ពុជាហាក់មានការ កម្រើកនៅឆ្នាំ២០១៣ ហើយបន្ដធ្ងន់ធ្ងរឡើងៗរហូតដល់បច្ចុប្បន្ន ។ លោកថាជាក់ស្ដែងដូចជាការបង្ក្រាបពីសំណាក់អាជ្ញាធរយ៉ាងឃោឃៅ ទៅលើក្រុមប្រជាពលរដ្ឋរងគ្រោះរឿងដីធ្លីដែលតវ៉ា និង ការបង្ក្រាបទៅលើក្រុមកម្មកររោងចក្រជាដើម។ លោកបន្ដថា ការចេញសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ គឺជាពិតឆ្លុះបញ្ចាំងពីកម្ពុជានាពេលបច្ចុប្បន្ន ដែលលោកថាដូចជា ការអនុវត្ដន៍ច្បាប់មានស្ដងដាពីរ រវាងក្រុមអ្នកមានអំណាចនិងប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាក្រុមអ្នកប្រឆាំង រួមជាមួយអង្គការសង្គមស៊ីវិលនានា។
លោកសាស្ដ្រាចារ្យបន្ដថា កម្ពុជាពេលនេះកំពុងតែធ្វើដំណើរទៅរកផ្លូវមួយដែលប្រជាជនភូមាធ្លាប់រងគ្រោះកាលពីស្ថិតក្រោមការដឹកនាំរបស់ពួកយោធា។ លោកថា នាពេលកន្លងមកអ្នកណាក៏ធ្លាប់បានឮហើយពីការប្រកាសរបស់ថ្នាក់ដឹកនាំយោធាម្នាក់ ប្រកាសថាកងទ័ពទាំងអស់ជារបស់បក្សកាន់អំណាច។
លោក សូ ចន្ថា បញ្ជាក់ថា បើករណីប្រទេសភូមាពីអតីតកាលធ្លាក់មកលើកម្ពុជា នោះកម្ពុជានិងទទួលរងភាពឯកា ដោយរងទណ្ឌកម្មពីអន្ដរជាតិព្រោះ បណ្ដាសហគមន៍អន្ដរជាតិទាំងនោះ ពួកគេមិនពេញចិត្ដរបបដឹកនាំផ្ដាច់ការឡើយ។
លោក សូ ចន្ថា៖ « សម្រាប់ខ្ញុំគិតថា សេចក្ដីសម្រាប់របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនេះ គឺជាការឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតនៅកម្ពុជា ដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងតែប្រឈមនេះបាទ» ។
ប្រទេសជប៉ុនដែលផ្ដល់ជំនួយឥតសំណងច្រើនជាងគេដែរមកឱ្យកម្ពុជា ហើយកម្រឃើញចេញសេចក្ដីថ្លែងការណ៍ចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅពេលនេះតំណាងរបស់ប្រទេសនេះ បានចេញមុខច្បាស់ជាងគេលើកឡើងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ តំណាងរបស់ប្រទេសនេះ បានសម្ដែងការព្រួយបារម្ភ ចំពោះភាពតានតឹងផ្នែកនយោបាយ ដែលកាន់តែកើនឡើង។
តែបែបនេះក្ដី តំណាងកម្ពុជានៅក្រុងហ្សេណេវ មិនបានឆ្លើយតប ចំពោះការព្រួយបារម្ភរបស់អន្តរជាតិនោះទេ។ តែផ្ទុយទៅវិញបានបដិសេធ ហើយចោទស្ថាប័នសិទ្ធិមនុស្ស ថាធ្វើនយោបាយភាវូបនិយកម្ម មានស្តង់ដា២ និងបានចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ អះអាងថាពិពលោក មិន បិទភ្នែក ចំពោះបញ្ហាការដឹកនាំនៅកម្ពុជា ដែលគេថាកំពុង រំលោភលើប្រព័ន្ធយុត្តិធម៌ ដើម្បី បំបាត់សំឡេងក្រុមឯករាជ្យ និងសង្គមស៊ីវិលនោះទេ។
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមបានគាំទ្រ សេចក្ដីសម្រេចរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិនេះថាត្រឹមត្រូវ។
លោកយល់ថា ទង្វើរបស់កម្ពុជាសព្វថ្ងៃទោះជាខិតខំបិទបាំង ឬបដិសេធក្ដីគឺមិនត្រឹមត្រូវទេព្រោះ គេដឹងអស់ហើយ។
លោកថា បើប្រទេសកម្ពុជារងនូវការដាក់ទណ្ឌកម្ម ទៀតនោះគឺ លំបាកជាងប្រទេសភូមាទៅទៀត។ អ្នកស្រាវជ្រាវសង្គមរូបនេះយល់ថា កំពុងដើរតាមអតីតរបបដឹកនាំរបស់ពួកយោធាភូមា ហើយបើកម្ពុជាអនុវត្ដន៍របបចាស់ដូចភូមាមែននឹងនាំឲ្យប្រទេសនេះជួបវិបត្ដិធ្ងន់ជាងភូមា។
លោក មាស នី៖«យើងខុសគ្នាពីភូមា ត្រង់ថាភូមាគេទទួលទណ្ឌកម្មពីអន្ដរជាតិមែនតែគេមានរចនាសម្ព័ន្ធរឹងមាំហើយប្រទេសគេក៏មានធនធានធម្មជាតិច្រើន តែប្រទេសយើងរចនាសម្ព័ន្ធរបស់យើងនៅខ្សោយ អំពើរពុករលួយក៏ច្រើន ហើយសេដ្ឋកិច្ចយើងក៏មិនទាន់បានទៅណាឆ្ងាយដែរ បើសិនយើងទទួលទណ្ឌកម្មពីបរទេសទេ យើងប្រៀបដូចសត្វកង្កែបដែលលោតបាន ៤ ម៉ែត្រធ្លាក់៣ម៉ែត្រ លោតឡើងចុះមិនឈប់ចឹងឯង»។
តែបែបនេះក្ដី លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជានជន ចាត់ទុកសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមកលើកម្ពុជា នេះថាជាគំនិតរបស់បុគ្គលដែលមិនមែនជាគំនិតរួមរបស់អង្គការសហប្រជាជាតិទេ។
លោកថា អ្នកដែលមើលមកកម្ពុជា មានការរំលោភសិទ្ធិមនុស្ស អ្នកទាំងនោះគឺសុទ្ធតែអ្នកមិនបានទទួលព័ត៌មានពិតពីកម្ពុជា ហើយលើសពីនេះទៅទៀត អ្នកទាំងនោះគឺសុទ្ធតែជាក្រុមរបស់បក្សប្រឆាំង។
លោកបន្ដថា កម្ពុជាជារដ្ឋអធិបតេយ្យដែលមានការគោរច្បាប់ គោរពសិទ្ធិមនុស្សពេញលេញ មិនមែនដូចការយល់ឃើញរបស់ក្រុមអ្នកវិភាគប្រឆាំងរាជរដ្ឋាភិបាលមួយចំនួនឡើយ។

លោក សុខ ឥសាន្ត៖ «ទោះយ៉ាងណាក៏ដោយវាគ្រាន់បើដូចមេឃនឹងដី បើប្រៀបធៀបនឹងរបបខ្មែរក្រហម តើពួកគាត់បានវាយតម្លៃទេ កាលរបបខ្មែរក្រហមគ្រប់គ្រងប្រទេស អង្គការសន្ដិមនុស្ស អង្គការអន្ដរជាតិហ្នឹងមានបានវាយតម្លៃទេ »។
ប៉ុន្តែបើតាម សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ករណីប្រទេសកម្ពុជា នឹងត្រូវបានដាក់ជារបៀបវារៈសំខាន់ម្ដងទៀត នៅក្នុងកិច្ចប្រជុំពេញអង្គ របស់ ស្ថាប័ននេះនៅខែកញ្ញា ខាងមុខ ដែលគេរំពឹងថា ស្ថាប័នសិទិ្ធមនុស្សពិភពលោកមួយនេះនឹងចេញសេចក្ដីសម្រេចមួយទៀតដោយទាមទារឱ្យ រដ្ឋាភិបាលកម្ពុជា ដោះលែងជាបន្ទាន់ អ្នកការពារសិទិ្ធមនុស្ស និង សកម្មជន គណបក្សប្រឆាំង ដែលកំពុងជាប់ឃុំ៕