កាលពីថ្ងៃទី២៥ និង ២៦ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋខ្មែរ ជាច្រើនម៉ឺននាក់បានមកធ្វើតេស្តសមត្ថភាព ទៅធ្វើការនៅប្រទេសកូរ៉េ ។ អ្នកដែលទៅធ្វើតេស្តប្រឡងទាំងនោះ ជឿជាក់ថា ប្រទេសកូរ៉េគឺជា ទីផ្សារការងារថ្មី ដែលធ្វើឱ្យជីវភាពរបស់ពួកគេមានភាពប្រសើរឡើងជាងបច្ចុប្បន្ន ។

បេក្ខជនដែលនាំគ្នាទៅប្រឡងបានលើកឡើងថា មិនមែនថា ស្រុកខ្មែរមិនមានការងារសម្រាប់ពួកគេទេ ប៉ុន្តែប្រាក់ចំណូលទទួលបានមិនអាចទ្រទ្រង់ជីវភាពពួកគេឱ្យរស់នៅសមរម្យបានឡើយ។ ចំណែកម្តាយឪពុករបស់ពួកគេ បានប្រាប់ថា ពួកគាត់ក៏មិនចង់ឱ្យកូនចំណាកទៅធ្វើការនៅប្រទេសគេដែរ ប៉ុន្តែដោយសារតែក្រពះ ហើយគ្រួសារជំពាក់បំណុលគេផងនោះ ទោះសម្រេចចិត្ត ឱ្យកូនចោលស្រុកកំណើត ចោលផ្ទះ ហោះហើរទៅធ្វើការនៅប្រទេសគេ។ សូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ កញ្ញា ឆេង ណាតាដូចតទៅ៖
កាលពីមួយសប្តាហ៍មុននេះ មានប្រជាពលរដ្ឋខ្មែរទាំងស្រីទាំងប្រុស កំពុងពេញកម្លាំងធ្វើការប្រមាណជាង៥ម៉ឺននាក់ បាននាំគ្នាមកធ្វើតេស្តប្រឡងភាសាកូរ៉េ ដើម្បីទទួលបានឱកាសទៅបម្រើការងារនៅប្រទេសកូរ៉េ ខាងត្បូង។ ការធ្វើតេស្តប្រឡងបានធ្វើឡើងនៅក្នុងវិទ្យាល័យមួយចំនួន ក្នុងរាជធានីភ្នំពេញ ដូចជាវិទ្យាល័យ ឥន្ទ្រីទេវី បាក់ទូក សន្ធរម៉ុក ស៊ីសុវត្តិ ជាដើម ។ ហើយការធ្វើតេស្តធ្វើឡើងចែកចេញជាពីរពេលក្នុងមួយថ្ងៃ។
កំពុងត្រៀមខ្លួនចូលប្រឡងវគ្គពេលរសៀល យុវតីម្នាក់ស្ថិតក្នុងសំលៀកបំពាក់អាវយឺតក្រឡាបង្កង់ ខោខូវប៊យ ហើយក្នុងដៃមានកាន់វិញ្ញាសារចាស់ៗ ដែលខ្លួនធ្លាប់បានប្រឡង កាលពីឆ្នាំ២០១៥ម្ដងរួចហើយនោះ គឺកញ្ញា សឿន ស្រីម៉ា មានវ័យទើប ២២ ឆ្នាំ បានឡើងមកពីស្រុកកំណើតនៅខេត្ដ រតនគីរី ដើម្បីមកចូលរួមធ្វើតេស្តប្រឡងភាសាកូរ៉េនៅទីក្រុងភ្នំពេញ។ កញ្ញាបាននិយាយថា មូលហេតុដែលកញ្ញា ប្រាថ្នាទៅធ្វើការនៅប្រទេសកូរ៉េ ចោលឪពុកម្តាយចាស់ៗនៅផ្ទះ ដោយបញ្ហាជីវភាព ហើយការងារជាកម្មកររោងចក្រទទួលបានប្រាក់ខែទាប។
នារីវ័យក្មេងដែលសម្រេចចិត្ដដាក់ពាក្យប្រឡងទៅធ្វើពលករនៅប្រទេសកូរ៉េរូបនេះ ថ្លែងថា នាងធ្លាប់ធ្វើការជាកម្មករនៅរាជធានីភ្នំពេញបានមួយឆ្នាំដែរ តែប្រាក់ខែតិចតួច ត្រូវបង្ខំចិត្ដបន្ថែមម៉ោងរហូតដល់យប់ ដែលធ្វើឱ្យនាងពិបាកទ្រាំទ្រ រហូតដល់សន្លប់ជាច្រើនដង ក្នុងមួយខែ «ខ្ញុំមកធ្វើការនៅភ្នំពេញនេះ បានមួយឆ្នាំដែរ ហត់ណាស់មិនស្រួលទេ រហូតដល់សន្លប់ក៏មានដែរ ព្រោះសន្លប់ហ្នឹងបានម៉ែលែងឲ្យធ្វើការមករៀនវិញ សន្លប់ហ្នឹងមកពីធ្វើការពេករហូតដល់ម៉ោង ១២ យប់ក៏មានដែរ តែបើនិយាយពីលុយវិញតិចណាស់ »។
កញ្ញាស្រីម៉ា បន្ដទៀតថា ក្រោយពីសម្រេចលាឈប់ពីការងារនៅរោងចក្រ កញ្ញាគឺនៅរៀនតែមួយមុខគត់ ក្នុងបំណងដើម្បីឲ្យបានទៅធ្វើការនៅប្រទេសកូរ៉េដើម្បី ជួយដល់ក្រុមគ្រួសារឲ្យផុតពីក្ដីលំបាក «នេះដោយសារឪពុកម្ដាយបានខ្ញុំសម្រេចចិត្ដទៅ តែបើតាមប៉ាម៉ាក់ខ្ញុំគាត់មិនឲ្យខ្ញុំទៅទេ តែចិត្ដថាខ្ញុំចង់ទៅហើយ បានដាក់ពាក្យទៅហ្នឹង ហើយក៏ដោយសារគ្រួសារយ៉ាប់ពេកដែរ ការប្រឡងលើកនេះប្រសិនជាអត់ជាប់ខ្ញុំមានអារម្មណ៍ថាអន់ចិត្ដដែរ ព្រោះយើងអត់បានជួយធ្វើអីក្នុងគ្រួសារសោះ»។
អ្នកស្រី សុំ វ៉ាន មានអាយុ៦០ឆ្នាំ គឺជាម្តាយរបស់យុវតី សឿន ស្រីម៉ា។ ឈរ ក្បែរកូនស្រីដែលកំពុងត្រៀមចូលប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ស្ត្រីវ័យចំណាស់រូបនេះបានរៀបរាប់ថា ដោយសារតែជីវភាពក្រីក្រ ទើបអ្នកបង្ខំចិត្តឱ្យកូនស្រីតែម្នាក់របស់អ្នកស្រីទៅស្វែងរកការងារធ្វើនៅប្រទេសកូរ៉េ ព្រោះតែអ្នកស្រីគិតថា នៅទីនោះមានលក្ខ័ខណ្ឌការងារល្អ ទទួលបានប្រាក់ខែខ្ពស់។
ជារៀងរាល់ឆ្នាំមានពលករខ្មែរជាច្រើននាក់ បាននាំគ្នាចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។ ថ្វីបើការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសត្រូវបានមជ្ឈដ្ឋានមួយចំនួនធំយល់ថា មិនល្អ ប៉ុន្ដែមតិទាំងនោះហាក់មិនមានការប៉ះទង្គិះដល់ពលរដ្ឋខ្មែរដែលមានជីវភាពក្រីក្រ រួមផ្សំនឹងកង្វះការងារធ្វើនោះឡើយ។
ឃើញថា ទិដ្ឋភាពនៅតាមមណ្ឌលប្រឡងនីមួយៗ មានសភាពអ៊ូអរ មិនចាញ់ការប្រឡងបាក់ឌុបឡើយ។ ឪពុកម្តាយរបស់បេក្ខជនម្នាក់បានឈរត្រៀមដើម្បីលើកទឹកចិត្តកូន និងទន្ទឹមចាំផ្លូវកូនចេញពីមណ្ឌលប្រឡង។ ឈរដោយអារម្មណ៍អន្ទះសារ ក្បែររបងសាលា ចាំកូនស្រីកំពុងប្រឡងតេស្តភាសាកូរ៉េនៅក្នុងវិទ្យាល័យឥន្ត្រទេវី ស្ត្រីវ័យ៤៥ម្នាក់ បាននិយាយថា ប្រសិនបើកូនអ្នកស្រីបានទៅធ្វើការនៅប្រទេសកូរ៉េនោះនឹងធ្វើឱ្យជីវភាពរបស់អ្នកស្រីប្រសើរជាងសព្វថ្ងៃនេះ។ អ្នកស្រីបានរៀបរាប់ថា អ្នកជិតខាងអ្នកស្រី ជាច្រើននាក់បានទៅធ្វើការនៅប្រទេសកូរ៉េ ហើយជីវភាពរបស់ពួកគេផ្លាស់ប្តូជីវៈភាពពីក្រលំបាក មកគ្រាន់បើ។ «ពេលមិនទាន់ទៅហ្នឹងដូចថាដុនដាប ក្រោយដល់គេទៅបានធ្វើការឃើញថា គេធូធារ។ យើងនៅនេះចង់ឱ្យកូនរៀនគ្មានលទ្ធភាពទេ។.. ដល់ហើយទៅកូនមានចំណង់ចំណូលចិត្តសាកល្បងថាទៅធ្វើការនៅកូរ៉េនឹងគេម្តងមើលម៉ែក្រែងលោមានសំណាង ដើម្បីចិញ្ចឹមម៉ែ»។
អ្នកស្រី គឹម ច្រឹប បានរៀបរាប់ថា តាមពិតទៅអ្នកស្រីក៏មិនចង់ឱ្យកូនស្រីទៅធ្វើការនៅស្រុកគេដែរ ប៉ុន្តែព្រោះតែជីវៈភាព ទើបដាច់ចិត្តឱ្យកូនទៅ ដោយសារតែរាល់ថ្ងៃនេះ ប្រាក់ខែ ដែលកូនទទួលបានពីការធ្វើការជាកម្មករនៅរោងចក្រនៅឯខេត្តត្រឹមតែពី ១២០ដុល្លារ ទៅ១៣០ដុល្លារក្នុងមួយខែ មិនអាចទ្រទ្រង់ជីវភាពគ្រួសារអ្នកស្រីឱ្យប្រសើរបានឡើយ។ «ថាមិនចង់លះបង់កូនដែរ គ្រាន់តែថាបើកូននៅនេះរកអត់បាន ចុះដល់ថ្ងៃអនាគត់កូនមានលុយអីទៅឱ្យកូនរៀនទៅមុខទៀត។ បើកូនអាចផ្សងព្រេងពីឥលូវទៅក្រែងលោអាចមានការងារធ្វើនៅប្រទេសគេទៅ បានលុយច្រើន ទៅថ្ងៃអនាគតកូនមានប្តីទៅអាចមានបើកមុខរបរ ហើយកូនមានចៅទៅឱ្យកូនបានរៀនបន្ត»។
ក្នុងទឹកមុខរំភើបរីករាយ រត់មករកម្តាយកំពុងនិយាយគ្នា នៅក្បែររបងសាលា កញ្ញា ទឹម ណាំរ៉ង មានវ័យប្រហែល២០ឆ្នាំ គឺជាកូនស្រីទី២ របស់អ្នកស្រី គឹម ច្រឹប។ យុវតីវ័យក្មេង ដែលទើបនឹងចេញពីប្រឡងភាសាកូរ៉េ បាននិយាយថា៖ «ពុកខ្ញុំអត់នៅអញ្ចឹងទៅ អត់មានអ្នកណារកស៊ីចិញ្ចឹមគាត់ ចង់ទៅរកស៊ីចិញ្ចឹមគាត់ម្តង គាត់ចិញ្ចឹមតាំងពីតូច។… ធ្វើការនៅហ្នឹងបានប្រាក់ខែតិចហ្នឹងបង សងគេអត់គ្រប់ផង»។
លោក តាំ សារុន ជាអ្នកជិតខាងរបស់កញ្ញា ណាំរ៉ង ដែលទើបនឹងចេញមកពីប្រឡងដែរនោះ បានឱ្យដឹងថា លោកចង់ទៅធ្វើការប្រទេសកូរ៉េជាយូមក ហើយព្រោះតែប្រាក់ខែនៅប្រទេសកូរ៉េខ្ពស់ជាងប្រាក់ខែនៅក្នុងស្រុក។ ក្នុងគ្រួសារមិនមែនមានតែសារុនទេដែលបានមកធ្វើតេស្តប្រឡង ប្អូនប្រុសម្នាក់ទៀតក៏បានមកធ្វើតេស្តដែរដោយរើសជំនាញពីរផ្សេងគ្នា។
បុរសមានសម្បុរខ្មៅស្រអែម មានកំពស់ប្រមាណ១៧០រូបនេះ បានឱ្យដឹងថា សព្វថ្ងៃនេះលោកគឺអ្នករត់ឡានឈ្នួលផ្ទាល់ខ្លួន រកចំណូល២០ម៉ឺនរៀលក្នុងមួយខែដែរ ប៉ុន្តែលោកថា ចំណូលនេះមិនអាចធ្វើឱ្យជីវភាពលោកល្អប្រសើរឡើយ។ «ដូចថានៅខ្មែរយើងរត់មិនសូវបានផងណា មួយវាមិនបានចំណេញប្រាក់ចូលដូចនៅប្រទេសគេ ប្រទេសគេយើងគ្រាន់តែចំណាយកម្លាំងអញ្ចឹងទៅបាន ដូចថាមួយខែបានត្រឹមមួយពាន់ជាងផ្ញើរមកអ្នកផ្ទះ»។
ក្នុងទឹកមុខញញឹមជឿជាក់ លោក តាំ សារុន ដែលជាកូនទីបួនក្នុងគ្រួសារមួយដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង សង្ឃឹម៧០% ថាខ្លួន នឹងបានជាប់ទៅធ្វើការនៅប្រទេសកូរ៉េ។ សារុន ជឿជាក់ថា នៅពេលបានទៅធ្វើការនៅប្រទេសកូរ៉េ ខ្លួននឹងអាចទទួលបានប្រាក់ខែច្រើន ដើម្បីផ្ញើរមកស្រុក សម្រាប់ផ្គត់ផ្គង់គ្រួសារ និងផ្តល់ឱ្យប្អូនៗផ្សេងទៀតបានសិក្សា មានការងារល្អធ្វើក្នុងស្រុក មិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដូចជារូបលោក។
យ៉ាងណាមិញ សារុន បានឱ្យដឹងថាក្រៅពីប្រទេសកូរ៉េ លោកមិនចង់ទៅធ្វើការនៅ ប្រទេសណាផ្សេងឡើយ ជាពិសេសប្រទេសថៃ ក៏ដូចជាម៉ាឡេស៊ី។
ជាការពិតជីវិតជាកម្មករចំណាកស្រុក ពិតមិនងាយស្រួលឡើយ នាពេលកន្លងមកមានដំណឹងជាច្រើន ជុំវិញបញ្ហាអ្នកដែលចំណាកស្រុកបានជួបប្រទះ អ្នកខ្លះថាលំបាកខ្លាំង អ្នកខ្លះថាមិនជាអ្វី។ លោក នុត ករុណា ជាពលករកូរ៉េ ទើបត្រលប់មកដល់មាតុភូមិវិញ បានប៉ុន្មានខែ បានប្រាប់វិទ្យុស្ត្រីថា បើទោះបីជាលក្ខខណ្ឌការងារនៅប្រទេសកូរ៉េល្អ ក៏ដូចជាមានច្បាប់ការងារស្រួល ប៉ុន្តែការងារក៏មានភាពប្រឈមខ្លាំងណាស់ដែរ ព្រោះការងារពលករខ្មែរត្រូវទៅធ្វើនៅទីនោះ ជាប្រភេទការងារឧស្សាហកម្មធុនធ្ងន់ និងមធ្យម។ «វាពុំមែនជាឧស្សាហកម្មធុនស្រាលទេ ធន់ស្រាលសម្រាប់តែពលរដ្ឋរបស់គេទេ ហើយពលរដ្ឋរបស់យើងទៅធ្វើការងារផ្នែកឧស្សាហកម្មធន់ធ្ងន់។ ..ហើយជាការងារដែលយើងពុំធ្លាប់ជួបប្រទះទេនៅស្រុកខ្មែរ អញ្ចឹងយើងជាមនុស្សមួយថ្មី ជួបនឹងការងារថ្មី ជួបនឹងអាកាសធាតុថ្មី អាហារ និងការរស់នៅសព្វបែបយ៉ាង គឺយើងមានផលលំបាកខ្លាំងមែនទែន»។
លោក នុត ករុណា ដែលទៅធ្វើការនៅប្រទេសកូរ៉េអស់រយៈពេលជាង៥ឆ្នាំ បានប្រាប់ទៀតថា ទោះជាប្រាក់ខែនៅប្រទេសកូរ៉េទទួលបានខ្ពស់ជាង ស្រុកខ្មែរ តែពលករនៅទីក៏ជួបគ្រោះថ្នាក់ការងារច្រើនផងដែរ។ «មានគ្រោះថ្នាក់ច្រើន ទីមួយគ្រោះថ្នាក់ដោយសារការងារ គ្រោះថ្នាក់ដោសារតែការកាន់ម៉ាស៊ីន ឬក៏ដាច់ដៃ ដាច់ជើង ដាច់ម្រាមដៃ ដាច់ដៃម្ខាងឬក៏ដាច់ដៃទាំងពីរ ឬក៏រហូតដល់ថ្នាក់ស្លាប់ ហើយភាគច្រើនគឺការដេកស្លាប់ច្រើននាក់»។

លោក នុត ករុណា គឺជា និស្សិតបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យមួយ នៅភ្នំពេញ។ លោក បានចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េកាលពីឆ្នាំ២០១០ ហើយលោកទើបតែត្រលប់មកវិញនៅដើមឆ្នាំ២០១៦នេះ ។ ពលករចំណាកស្រុករូបនេះបានឱ្យដឹងថា មូលហេតុចម្បងដែលលោកសម្រេចិត្តទៅធ្វើនៅប្រទេសកូរ៉េ ដោយសារតែការងារដែលលោកធ្វើទទួលបាន ប្រាក់ខែទាប និងធ្វើការខុសជំនាញ។ «មូលហេតុគឺប្រាក់ចំណូលខ្ញុំទទួលបានតិច តិចពេកប្រាក់ខែដែលខ្ញុំនៅទីនេះ ជាទូទៅពីប្រាំមួយ ប្រាំពីរឆ្នាំមុនហ្នឹង ខ្ញុំទទួលបានតែពីរដុល្លារ ឬមួយរយប៉ែតសិបដុល្លារទេ ខ្ញុំមានជំនាញច្រើនដែរ អញ្ចឹងទៅវាមិនសមមូលទៅនឹងអ្វីដែលខ្ញុំធ្វើ»។
បែបនេះក្តី ករុណា ចង់ឱ្យពលករខ្មែរដែលជាប់ទៅធ្វើការនៅទីនោះ គួរពង្រឹងការសិក្សារភាសា និងជំនាញឱ្យបានច្បាស់ ដើម្បីទុកជាបទពិសោធន៍ពេលត្រលប់មកប្រទេកំណើតវិញ ហើយជាពិសេសនោះគេត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងពេលបំពេញការងារ។ «ដើម្បីយើងត្រលប់មកវិញយើងទៅប៉ុណ្ណាយើងបានដៃជើងប៉ុណ្ណឹងមកវិញ។ សូមប្រយ័ត្នហើយកុំឱ្យធ្វើហួសម៉ោងច្រើនពេក តែកាលណាយើង ធ្វើការហួសម៉ោងខ្លាំង ចង់បានលុយគេខ្លាំង អញ្ចឹងធ្វើឱ្យមិនអាចវិលត្រលប់មកវិញបានទេ ធ្វើឱ្យយើងប្រឈមមុខគ្រោះថ្នាក់ច្រើនដេកស្លាប់ដេកអីអញ្ចឹងទៅ»។
លោកបានឱ្យដឹងផងដែរ លោកគ្មានបំណងទៅធ្វើការនៅប្រទេសកូរ៉េទៀតទេ ប៉ុន្តែប្រសិនគ្មានជម្រើស លោកអាចនឹងចំណាកស្រុកទៅធ្វើការនៅទីនោះម្តងទៀត។ យ៉ាងណាមិញ លោកថា នឹងព្យាយាមរកការងារក្នុងស្រុកឱ្យអស់លទ្ធភាព ឱ្យសមស្របសមត្ថភាពដែលលោកមាន។ «ការងារនៅក្នុងស្រុកខ្មែរវាអត់បានផលសម្រាប់ខ្ញុំ ដោយសារតែបើខ្ញុំទៅធ្វើការជំនាញដដែលគឺប្រាក់ខែវាដូចមុនអញ្ចឹង បានអត់មានអ្វីដែលឱ្យខ្ញុំធ្វើសម្រាប់ជំនាញរបស់ខ្ញុំ។…ខ្ញុំចង់ឱ្យរដ្ឋាភិបាលហ្នឹងមានការឆ្លើយតបទៅហ្នឹងចំណេះជំនាញដែលខ្ញុំទទួលបានពីកូរ៉េខាងត្បូងមក យើងអាចយកមកប្រើការបាននៅក្នុងប្រទេសយើង»។
នៅឆ្នាំ២០១៦ នេះ ប្រទេសកូរ៉េខាងត្បូង នឹងជ្រើសរើសមនុស្សពេញកម្លាំងចំនួន ៩.៤០០នាក់ពីកម្ពុជា ដែលចំនួននេះបើធៀបនឹងឆ្នាំកន្លងទៅកើនឡើងជាង ៣ពាន់នាក់ ខណៈដែលនៅឆ្នាំនេះចំនួនបេក្ខជនចូលរួមប្រឡងមានចំនួន ៥ម៉ឺន ៤ពាន់នាក់ ៕