កូឡាឡាំពួរ: អគ្គស្នងការប៉ូលីសម៉ាឡេស៊ីលោក Khalid Abu Bakar បានអះអាងថា កម្លាំងប៉ូលីសម៉ាឡេស៊ីមិនមាន ការតក់ ស្លុតអ្វីនោះទេ បើទោះបីជាមានការគំរាមកំហែងពីក្រុមរដ្ឋអ៊ីស្លាមថ្មីមួយ ដែលក្រុមភេរវករនោះបានបង្ហោះ តាមខ្សែវីដេអូថា ពួកគេនឹងវាយប្រហារមកលើប្រទេសម៉ាឡេស៊ី។

កាសែតក្នុងស្រុកមួយឈ្មោះថា New Straits Times បានរាយការណ៍ថា កាលពីថ្ងៃអង្គារ៍ក្រុមភេរវជនរដ្ឋអ៊ីស្លាមបានឃោសនា តាមវីដេអូពីបំណងវាយប្រហារមកលើទីបញ្ជាការរបស់ប៉ូលិសម៉ាឡេស៊ីនៅ Bukit Aman ។
លោក Khalid បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះថា លោកហាក់គ្មានការព្រួយបារម្ភចំពោះការគំរាម កំហែងនេះទេ។ លោកថ្លែងថា៖«នេះមិនមែនជាប្រភេទវីដេអូដំបូងដែលពួក IS ធ្លាប់បង្ហោះមក។ ប៉ុន្តែខ្ញុំចង់និយាយនៅទីនេះ ថា ប៉ូលិសម៉ាឡេស៊ីនឹងមិនអនុញ្ញាតឱ្យមនោគមវិជ្ជារបស់ពួកគេ រីករាលដាលនៅទីនេះទេ។ យើងគ្មានតក់ស្លុតអ្វីឡើយចំពោះ ការគំរាមកំហែងដោយក្រុម IS នេះឡើយ»។
កាសែត New Straits Times បានរាយការណ៍បន្តថា ប្រទេសម៉ាឡេស៊ីមានការរឹតបន្តឹងសន្តិសុខដោយប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការវាយប្រហារភេរវកម្មក្នុងរយៈពេលប ៦ខែបន្ទាប់ទៀត។
សូមជំរាបថា ម៉ាឡេស៊ីធ្លាប់ចាប់ខ្លួន និងបានចោទប្រកាន់ជនសង្ស័យរាប់សិបនាក់ថា មានទំនាក់ទំនងជាមួយក្រុមភេរវករ អស់រយៈពេលពីរឆ្នាំកន្លងមក។ ជនសង្ស័យទាំងនោះ ត្រូវបានចោទប្រកាន់ពីបទរៀបចំគម្រោងវាយប្រហារក្នុងប្រទេស មូស្លីមមួយនេះ និងបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធបរទេសទៀតផង៕
ប្រភព:CNA